ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិត PPIU ជាង ២ពាន់នាក់


នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យក្រោមប្រឹងប្រែងយ៉ាងស្វិតស្វាញ។

សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ PPIU ដើម្បីជាការលើកទឹកចិត្តដល់និស្សិតដែលបញ្ចប់ការសិក្សា។ សម្តេចតេជោធ្លាប់បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សញ្ញាបត្ររបស់សាកលវិទ្យាល័យPPIU ចំនួន ៥លើករួចមកហើយ។

លោកស្រី ទេព កូលាប ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ PPIU បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២,១១៥ នាក់ មាននារី ១,១៣៩នាក់។ ក្នុងនោះ មានព្រះសង្ឃ ២៩អង្គ, និស្សិតពិការចំនួន ៣០ នាក់ នារី ៩នាក់ និងនិស្សិតអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១៤៤នាក់ នារី ៥៣នាក់។

សាកលវិទ្យាល័យ PPIU គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាមួយនៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សជាប្រយោជន៍សម្រាប់សង្គមកម្ពុជា។

លោកស្រី ទេព កូលាប បានឱ្យដឹងថា សាកលវិទ្យាល័យ PPIU បានចាប់បង្កើតឡើងនៅឆ្នាំ២០០២ ដោយមានមហាវិទ្យាល័យចំនួន៥ បាននិងកំពុងផ្តល់កម្មវិធីសិក្សាចំនួន ១២ជំនាញ។ គិតមកមកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សរុបចំនួន ៩,៤៤៤នាក់ (នារី ៣,៨៦៤នាក់) មាននិស្សិតកំពុងសិក្សា សរុបចំនួន ១,៧២៤នាក់ ( នារី ៩៤១នាក់) និងមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សរុបចំនួន ៣៤៨នាក់ (នារី ៧៣នាក់)។

ក្រៅពីការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាហើយនោះ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក៏បាននិងកំពុងបណ្តុះបណ្តាល សិស្សថ្នាក់វិជ្ជាជីវៈ លើជំនាញគណនេយ្យ ហិរញ្ញវត្ថុ ទេសចរណ៍ ភាសាអង់គ្លេស និងកុំព្យូទ័រ សរុបចំនួន ៥,០៤៦នាក់ (នារី ១,៦៩៧នាក់) ក្នុងនោះសិស្សបានបញ្ចប់ការសិក្សាចំនួន ៤,២៩៥ នាក់ (នារី ១,២៣៤នាក់) និងសិស្សកំពុងសិក្សា ចំនួន ៧៥១នាក់ (នារី ៤៦៣នាក់)។

លោកស្រី ទេព កូលាប បានឱ្យដឹងដែរថា ដើម្បីពង្រឹងគុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ឆ្លើយតបចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡានោះ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការបណ្តុះបណ្តាលនិស្សិត ដែលជាធនធានមនុស្សយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេស។ ដូចគ្នានេះ ដើម្បីឆ្លើយតបទៅនឹងនិន្នាការជាសកល រួមមាន ការវិវត្តិ នៃសង្គមសេដ្ឋកិច្ច និង បម្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានបន្តធ្វើកំណែទម្រង់កម្មវិធីសិក្សា តាមប្រព័ន្ធក្រេឌីតពេញលេញ ដោយផ្តោតសំខាន់ទៅលើទ្រឹស្តី និង ការអនុវត្តជាក់ស្តែង ព្រមទាំងបំណិនសតវត្សទី២១។ លើសពីនេះទៅទៀត សាកលវិទ្យាល័យក៏បានធ្វើការបញ្រ្ជាបចំណេះដឹង បច្ចេកវិទ្យា ភាសាបរទេស ការស្រាវជ្រាវ និង នវានុវត្តន៍ទាំងនៅក្នុងកម្មវិធីសិក្សា និង អភិបាលកិច្ចរបស់សាកលវិទ្យាល័យផងដែរ។

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ធ្វើឱ្យប្រាកដថា និស្សិតបានបញ្ចប់ការសិក្សានឹងក្លាយទៅជាធនធានមនុស្សប្រកបទៅដោយសមត្ថភាព គុណធម៌ និងក្លាយទៅជាពលរដ្ឋសកល ដែលអាចចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍសង្គមជាតិ។ សាកលវិទ្យាល័យ បន្តធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគាំទ្រការអប់រំ ក្នុងនោះរួមមាន បណ្ណាល័យទំនើបសម្រាប់លើកកម្ពស់ការអាន និងស្រាវជ្រាវរបស់និស្សិត និងសាធារណជន ថ្នាក់រៀនវៃឆ្លាត និង បន្ទប់ពិសោធន៍កុំព្យូទ័រ បំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងការរៀននិងបង្រៀនអនឡាញ និងកម្មវិធីសិក្សាបែបចម្រុះ។ បន្ថែមពីនេះទៀតសាកលវិទ្យាល័យក៏មានចក្ខុវិស័យផ្តោតទៅលើការសិក្សាតាមប្រព័ន្ធអនឡាញ ជាបុព្វហេតុនាំឱ្យសាកលវិទ្យាល័យបានវិនិយោគទៅលើប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀនអនឡាញ ដោយមានការគាំទ្រថវិកាពីគម្រោង DAAD ប្រទេសអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ។

ចំណុចនេះហើយទើបធ្វើឱ្យសាកលវិទ្យាល័យមានភាពជោគជ័យ ក្នុងការឆ្លើយតបទាន់ពេលវេលាទៅលើបម្លាស់ប្តូរពីការសិក្សានៅក្នុងថ្នាក់រៀន ទៅជាប្រព័ន្ធអនឡាញ នៅក្នុងបរិបទកូវីដ-១៩។

ទន្ទឹមនឹងនេះ សាកលវិទ្យាល័យក៏បានផ្សារភ្ជាប់ការសិក្សារបស់និស្សិត ជាមួយនឹងបទពិសោធន៍ការងារនៅស្ថាប័នរដ្ឋ និងឯកជន ក្នុងនោះ បាននិងកំពុងសហការជាមួយក្រុមហ៊ុន អង្គការជាតិ អន្តរជាតិ ដើម្បីឱ្យនិស្សិតបានហាត់ការនៅពេលកំពុងសិក្សា និងបម្រើការនៅពេលបញ្ចប់ការសិក្សារបស់ខ្លួន ក្នុងនោះយើងមានក្រុមហ៊ុនជាដៃគូជាង ៧០ក្រុមហ៊ុន ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យផ្ទាល់ ហើយក្រៅពីនេះ ក៏មានភាពជាដៃគូជាមួយស្ថាប័នជាច្រើនទៀតផងដែរ។ ភាពជាដៃគូរវាងសាកលវិទ្យាល័យ និងនិយោជកនេះ បានជួយដល់និស្សិត ក្នុងការបន្ស៊ីរវាងទ្រឹស្តី និងការអនុវត្ត ក៏ដូចជាបង្កើននូវឱកាសការងាររបស់និស្សិតផងដែរ។

ដើម្បីលើកកម្ពស់គុណភាពអប់រំ សាកលវិទ្យាល័យ ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងស្ថាប័នអប់រំទាំងក្នុងស្រុក និងលើឆាកអន្តរជាតិផងដែរ៕