ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងស្ថាប័នចំនួន៧ ជួបជជែកគ្នាដោះស្រាយបញ្ហា ពលរដ្ឋរងគ្រោះដោយទឹកជំនន់


ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី មកពីក្រសួងស្ថាប័នចំនួន៧ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានជួបប្រជុំជជែកគ្នា ដើម្បីដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដោយសារទឹកជំនន់។

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ, ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំដែលធ្វើឡើងតាមប្រព័ន្ធហ្សូមនេះ បានពិនិត្យ និងពិភាក្សាបូកសរុបការវាយតម្លៃលើផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ និងដាក់ចេញវិធានការសង្គ្រោះបន្ទាន់។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គ្រោះទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ មានប៉ះពាល់ខេត្តជាច្រើនទាំងតាមបណ្តោយដងទន្លេមេគង្គ និងខេត្តនៅជុំវិញបឹងទន្លេសាប។ ក្នុងនោះខេត្តនៅជុំវិញបឹងទន្លេសាបរងផលប៉ះពាល់ធ្ងន់ជាងគេរួមមាន៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង​ កំពង់ធំ និងពោធិ៍សាត់។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាពេលកន្លងទៅ បានបង្ហាញថា ខេត្តបន្ទាយមានជ័យ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២,៤៩៧គ្រួសារ, លិចស្រូវ ៣១,៩៩៨ហិកតា និងលិចដំណាំរួមផ្សំ ២,៩៨៨ហិកតា។

ខេត្តបាត់ដំបង ប៉ះពាល់ប្រជាពលរដ្ឋ ១៥,៨១៤គ្រួសារ, លិចស្រូវ ១៨,៥៨៦ហិកតា និងលិចដំណាំរួមផ្សំ ២៤,៥០០ហិកតា។

ខេត្តកំពង់ធំ ប៉ះពាល់ប្រជាពលរដ្ឋ ១៨,៥៩២គ្រួសារ, លិចស្រូវ ២៦,៨៣៥ហិកតា និងលិចដំណាំរួមផ្សំ ៦៨៩ហិកតា។

ខេត្តសៀមរាប ប៉ះពាល់ប្រជាពលរដ្ឋ ២៥,០២៣គ្រួសារ លិចស្រូវប្រមាណ ៣៦,៥៨៦ហិកតា។

ខេត្តពោធិ៍សាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៦,៦៧៦គ្រួសារ និងលិចស្រូវប្រមាណ ១១,៣៦៥ហិកតា។

ឆ្លើយតបនឹងផលប៉ះពាល់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ប្រញាប់សិក្សាវាយតម្លៃផលប៉ះពាល់ និងបញ្ចេញពូជស្រូវ ពូជដំណាំរួមផ្សំផ្សេងៗជូនប្រជាពលរដ្ឋ ដើម្បីស្តារការដាំដុះឡើងវិញ។ ជាពិសេសធានាបាននូវការស្តារជីវភាពរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសណែនាំឱ្យបញ្ចេញកញ្ចប់ថវិកាឧបត្ថម្ភដល់ពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នេះរយៈពេល៣ខែថែមទៀតផង ដើម្បីសម្រាលការលំបាកក្នុងជីវភាព។

ដើម្បីពន្លឿនការដាំដុះឡើងវិញរបស់ប្រជាកសិកររយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកស្រូវពូជសរុបជាង ៦០០តោនរួចហើយទៅ ចែកជូនប្រជាពលរដ្ឋនៅបន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម។

នៅសប្តាហ៍ក្រោយនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះទៅកាន់ខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដើម្បីចែកស្រូវពូជដោយផ្ទាល់ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់នេះ៕