សម្ដេចតេជោ ហ៊ុន​ សែន៖ វិសាលភាពប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះធំជាងឆ្នាំ២០២០, អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវរួមគ្នាជម្នះការលំបាកនេះ


ថ្លែងចេញពីខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា​ វិសាលភាពប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅក្នុងឆ្នាំ២០២២នេះ មានទំហំធំជាងឆ្នាំ២០២០២ ដោយរំពឹងថា អាជ្ញាធរ និងប្រជាពលរដ្ឋ នឹងរួមគ្នាជម្នះឲ្យបាន នូវការលំបាកនេះទាំងអស់គ្នា។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន បន្ដអញ្ជើញចែកស្រូវពូជ និងសំណេះសំណាល ជាមួយប្រជាកសិករប្រមាណ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំនេះ យើងមានច្រើនខេត្ដ ជាងឆ្នាំ២០២០ ដោយសារតែលាតសន្ធឹង តាំងពីខេត្ដព្រះវិហារ, កំពង់ធំ និងបណ្ដាខេត្តជុំវិញទន្លេសាប និងបណ្ដាខេត្ដ ជាប់ទន្លេមេគង្គ ដែលក្នុងចំណោម២៥ខេត្ដ-រាជធានី មានរហូតដល់២០ខេត្ដ ដែលបានជួបប្រទះ ក៏ប៉ុន្ដែទំហំនោះ វាមិនធំហួសហេតុពេកទេ សម្រាប់ខេត្ដខ្លះ ដែលយើងត្រូវដោះស្រាយនៅទីនោះ»

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី សង្ឃឹមជឿជាក់ថា អាជ្ញាធរ និងប្រជាពលរដ្ឋ នឹងជម្នះបាននូវការលំបាកទាំងអស់គ្នា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយនូវការលំបាក ដែលបាននឹងកំពុង នៅចំពោះមុខ តាមរយៈការអន្ដរាគមន៍ នៃថ្នាក់មូលដ្ឋាន ក៏ដូចជាអន្ដរាគមន៍ថ្នាក់ជាតិ ដែលបានបញ្ចេញស្រូវពូជរាប់ពាន់តោន ដែលគិតមកដល់ពេលនេះ ប្រមាណជា៧ពាន់តោន សម្រាប់ទូទាំងប្រទេស។

ក្នុងឱកាសនេះដែរ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន សូមថ្លែងនូវការចូលរួមការលំបាក ជាមួយនឹងបងប្អូនជនរងគ្រោះទាំងអស់ នៅក្នុងខេត្ដបាត់ដំបង និយាយដោយឡែក និងនិយាយជារួម នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលនេះ ជាមហន្ដរាយមួយទៀត ក្នុងចំណោមមហន្ដរាយ ដែលត្រូវឆ្លងកាត់ការលំបាក កាលពីឆ្នាំ២០២០ម្ដងហើយ និងឆ្នាំ២០២២នេះម្ដងទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាប្រឹងប្រែង ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាកនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្វីៗ វាបានកើតដោយជៀសមិនរួច ដែលយើងមិនអាចបញ្ជៀសបាន ប៉ុន្ដែដោយសារការខិតខំរួមគ្នា ទាំងប្រជាពលរដ្ឋ​ និងទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ យើងបានបញ្ជៀសនូវគ្រោះថ្នាក់ ជាពិសេសការបាត់បងជីវិតដោយសារគ្រោះទឹកជំនន់ តាមរយៈការជួយជម្លៀសប្រជាជន មកកាន់ទីទួលសុវត្ថិភាព និងការរៀបចំរប្រៀបនានា។

បន្ថែមពីនោះទៀត សម្ដេចតេជោ បានបញ្ជាក់ថា យើងដឹងហើយថា ប្រទេសកម្ពជា ក៏ដូចជានៅក្នុងតំបន់ និងពិភពលោក សុទ្ធតែមានបញ្ហាដូចគ្នាទាំងអស់ នៅប្រទេសថៃ និងប្រទេសវៀតណាម អាចនឹងធ្ងន់ធ្ងរជាងកម្ពុជាទៅទៀត ដោយសារតែប្រទេសទាំងពីរនេះ ជាពិសេសវៀតណាម តែងរងនូវការវាយប្រហារពីព្យុះ និងថៃ ភ្លៀងធ្លាក់នៅច្រើនខេត្ត ក៏ដូចជាកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ប្រទេសនីមួយៗ មានវិធីចាត់ចែងខុសៗគ្នា តែក្នុងគោលដៅដូចគ្នា ត្រង់ថា សង្គ្រោះអាយុជីវិតប្រជាជន និងជួយដោះស្រាយបញ្ហានានា ដែលជាការលំបាក របស់ប្រជាជន។ កម្ពុជា បានជួបរងនូវគ្រោះទឹកជំនន់ ជាច្រើនខេត្ត ក្នុងទម្រង់ផ្សេងៗគ្នា ក៏ប៉ុន្ដែផលប៉ះពាល់ដូចគ្នា ដោយកន្លែងខ្លះទឹកជំនន់បានមកដល់ និងបានបង្កឲ្យមានការខូចខាត។

បើតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទឹកបានជន់លិចស្រូវប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង ២២ម៉ឺនហិកតា ក្នុងនោះស្រូវរងការខូចខាតមានប្រមាណ១១ម៉ឺនហិកតា។ ផ្ទៃដីដែលរងការខូចខាតនេះ អាចស្តារឡើងវិញ បានប្រមាណជា៧ម៉ឺនហិកតាប៉ុណ្ណោះ៕