សេចក្តីព្រាងច្បាប់ថវិកា ២០២៣៖ រដ្ឋាភិបាលគ្រោងចំណាយជាង ៩.៦ពាន់លានដុល្លារ កើន ១៣%


សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ សម្រេចអនុម័តទាំងស្រុង។

បើតាមសេចក្តីព្រាងច្បាប់នេះ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលគម្រោងចំណាយថវិកាចំនួនចំនួន ៣៩ ២០៦ ២០៥ លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៩.៦ពាន់លានដុល្លារ ស្មើនឹង ២៩.៨៧% នៃផលិតផលក្នុងស្រុកសរុប (ផសស) មានកំណើន១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។

សម្រាប់ផែនការប្រមូលចំណូល ក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២៩ ៣១១ ៧៤៧លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៧.២ពាន់លា​នដុល្លារ (មិនគិតបញ្ចូលចំណូលមូលធនថវិការដ្ឋ ដែលជាប្រាក់កម្ចី) ស្មើនឹង២២.៣៣% នៃ ផសស, មានកំណើន ១៤.៥% ធៀបនឹងច្បាប់ឆ្នាំ ២០២២។ នេះបើតាមខ្លឹមសារសង្ខេបប្រតិបត្តិ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

គម្រោងចំណូល និងចំណាយក្នុងច្បាប់ថវិកាជាតិឆ្នាំ២០២៣ បង្កើតឲ្យមានឱនភាពថវិកាសរុបស្មើនឹង -៧.៥៤% នៃផសស។ ឱនភាពនេះ ត្រូវបានបំពេញតុល្យភាពដោយ៖ ១- ហិរញ្ញប្បទានក្រៅប្រទេស ក្នុងទំហំ ៤,៧០% នៃ ផសស, ២- មូលនិធិទ្រទ្រង់ថវិកា ក្នុងទំហំ ០.៩៨% នៃ ផសស, ៣- ប្រាក់បញ្ញើរាជរដ្ឋាភិបាល ក្នុងទំហំ ១.៨៦% នៃ ផសស ស្មើនឹង ២ ៤៣៩ ប៊ីលានរៀល ឬសមមូលនឹង៦០០លានដុល្លារអាមេរិក និងការបោះផ្សាយមូលបត្ររដ្ឋ ចំនួន ៨១៣ ប៊ីលានរៀល ឬសមមូលនឹងប្រមាណ ២០០ លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការចំណាយ ទាំងចំណាយចរន្ត និងចំណាយវិនិយោគសាធារណៈ ជាពិសេសសម្រាប់ការបន្តអនុវត្តកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិការណ៍នៃការរស់នៅជាមួយនឹងជំងឹកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងការត្រៀមដោះស្រាយថវិកាសម្រាប់អគ្គិសនីកម្ពុជា ដើម្បីធានាស្ថេរភាពថ្លៃអគ្គិសនី កុំឱ្យកើនលើសកម្រិតថ្លៃកំពុងអនុវត្តបច្ចុប្បន្ន ជូនប្រជាពលរដ្ឋប្រើប្រាស់។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ថវិកាឆ្នាំ ២០២៣ ត្រូវបានគិតគូរផងដែរ ដល់ការធានាជោគជ័យនៃកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣៕