គ.ជ.ប ចេញសេចក្តីប្រកាសអំពីការចុះពិនិត្យមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតំបន់ដាច់ស្រយាល ក្នុងខេត្តកំពង់ធំ


លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ នៃគ.ជ.ប នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសអំពីការចុះពិនិត្យមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងស្ថានភាពទីតាំងភូមិសាស្ត្រនៃការិយាល័យបោះឆ្នោតដែលស្ថិតនៅតំបន់ដាច់ស្រយាល និងតំបន់ដែលជួបការលំបាកចំនួន៤ឃុំក្នុងខេត្តកំពង់ធំ។

ក្រុមការងារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំដោយ លោក វង្ស ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស និងក្រុមការងារលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពង់ធំ (ល.ខ.ប) ដឹកនាំដោយលោកប្រធាន ជា ពុំ កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានសហការជាមួយអាជ្ញាធរស្រុក និងឃុំពាក់ព័ន្ធចុះពិនិត្យមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងស្ថានភាព ទីតាំងភូមិសាស្ត្រនៃការិយាល័យបោះឆ្នោតដែលស្ថិតនៅតំបន់ដាច់ស្រយាល និងតំបន់ដែលជួបការលំបាកចំនួន៤ឃុំក្នុងខេត្តកំពង់ធំ ដែល២ឃុំនៅលើផ្ទៃទឹក (ផាត់សណ្ដាយនិងពាមបាង) និង ២ឃុំទៀតនៅលើដីគោក (បឹងល្វានិងសុចិត្រ)។

ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋានដែលរួមមានមេឃុំ នាយប៉ុស្តិ៍នគរបាល និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ក្រុមការងារបានចុះដល់ទីតាំងការិយាល័យនៃឃុំទាំង៤ និងពិនិត្យឃើញថា ស្ថានភាពផ្លូវទៅកាន់ទីតាំងភូមិសាស្ត្រនីមួយៗមានភាពលំបាកខ្លាំងទាំងផ្លូវគោក និងផ្លូវទឹក ដោយត្រូវចំណាយពេលវេលា ច្រើនម៉ោង ថវិកា និងមធ្យោបាយជាច្រើនដំណាក់ ដើម្បីទៅដល់គោលដៅភូមិសាស្ត្រនីមួយៗ ដែលត្រូវប្រើ រថយន្ត ជិះទូក និងម៉ូតូ សម្រាប់ឃុំនៅលើដីគោក និង រថយន្តនិងកាណូតសម្រាប់ឃុំនៅលើផ្ទៃទឹក។

ក្នុងដំណើរការចុះពិនិត្យស្ថានភាពតាមការិយាល័យបោះឆ្នោតនីមួយៗទាំងនេះ ក្រុមការងារបានជួបសួរសុខទុក្ខ និងស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋ ការយល់ដឹងអំពីការបោះឆ្នោត ការធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត (ទៅបោះឆ្នោត) ការទំនាក់ទំនងតាមប្រព័ន្ធសេវាក្រុមហ៊ុនទូរស័ព្ទ និងជាពិសេស របៀបរបបការងាររបស់ក្រុមចុះឈ្មោះបោះឆ្នោត និងរាល់ដំណោះស្រាយផ្សេងៗដែលពួកគាត់ធ្លាប់បានអនុវត្តកន្លងមក និងការប្រឈមនានា។

ជាមួយគ្នានេះផងដែរ ជាសមានចិត្តសប្បុរស ក្រុមការងារក៏បានពាំនាំនូវសម្ភារសិក្សាយកទៅចែកជូន សិស្សានុសិស្សនៅតាមសាលា និងជូនថវិកាដល់សិស្សដែលគ្មានស្បែកជើង ដើម្បីទិញស្បែកជើងប្រើប្រាស់។

គ.ជ.ប បានបញ្ជាក់ថា គ្រប់ដំណើរនៃសកម្មភាពចុះពិនិត្យមើលភូមិសាស្ត្រតាមការិយាល័យបោះឆ្នោតនីមួយៗខាងលើ ក្រុមការងារបានកត់ត្រានូវខ្លឹមសារសំខាន់ៗ ដើម្បីរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំពិនិកវាយតម្លៃ ស្នើសុំគោលការណ៍ និងចាត់វិធានការដោះស្រាយសមស្របធ្វើយ៉ាងណាឱ្យការផ្តល់សេវាបោះឆ្នោតនេះបានកាន់តែ ល្អប្រសើរជូនដល់ម្ចាស់ឆ្នោតគ្រប់ៗមជ្ឈដ្ឋាន ជាពិសេសក្នុងពេលបោះឆ្នោតសកលឆ្នាំ២០២៣ នាពេលដ៏ខ្លី ខាងមុខ៕