កម្ពុជាគាំទ្រឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំក្រោយ និងប្រេសិតពិសេស ក្នុងការរកដំណោះស្រាយនយោបាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ាន


កម្ពុជានឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងទៅដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំក្រោយ និងប្រេសិតពិសេសរបស់ខ្លួនក្នុងការជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី និងត្រឡប់ទៅមាគ៌ាប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ានទាំងមូល។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការបង្ហាញជំហរកម្ពុជា បានធ្វើឡើងនៅកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលរៀបចំដោយ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសឡាវ និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ព្រមទាំងមានវត្តមានរបស់រដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាទទួលបន្ទុក កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងវិនិយោគនិងទំនាក់ទំនងសេដ្ឋកិច្ចបរទេសផងដែរ។

កិច្ចពិគ្រោះយោបល់នេះ បានរៀបចំឡើងស្របទៅតាមចំណុចទី១៤ នៃការត្រួតពិនិត្យ និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដោយ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកវិធីសាស្រ្តនានា ដែលអាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ានាំមកនូវដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្នប្រកប ដោយសន្តិវិធី។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការជាលក្ខណៈបើកចំហនេះ បានផ្តល់ឱកាសដ៏ល្អសម្រាប់រដ្ឋមន្ត្រី ក៏ដូចជាតំណាងដែលបានចូលរួមទាំងអស់ ធ្វើការពិភាក្សាដោយបើកចំហ ស្មោះត្រង់ និងប្រកប ដោយអត្ថន័យ ព្រមទាំងទទួលបាននូវព័ត៌មានថ្មីៗ ពីមីយ៉ាន់ម៉ាស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអនុវត្ត 5PC ផងដែរ។ អ្វីដែលសំខាន់ជាងនេះ អង្គប្រជុំក៏បានផ្លាស់ប្តូរទស្សនៈលើវិធីសាស្រ្តជាក់ស្តែងដែលអាចពន្លឿនការអនុវត្ត 5PC រួមទាំងយុទ្ធសាស្ត្រច្រកចេញ (Exit Strategy) ដែលអាចជួយឱ្យមីយ៉ាន់ម៉ាវិលត្រឡប់មកវិញនូវភាពប្រក្រតី និងសន្តិភាពឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស គឺកិច្ចប្រជុំក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ាន ក្នុងការសម្របសម្រួលការអនុវត្ត 5PC ជាពិសេសលើផ្នែកការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយបំផុត៕