អភិបាលខេត្តស្វាយរៀងជំរុញអាជ្ញាធរត្រៀមលក្ខណៈការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋក្នុងថ្ងៃឆ្លងឆ្នាំសាកល


ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំផែនការត្រៀមលក្ខណៈការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងថ្ងៃឆ្លងឆ្នាំសាកល ឆ្នាំ២០២២ឈានចូលឆ្នាំ២០២៣ខាងមុខនេះ។

ការជំរុញនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅការងារខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅឱ្យរដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធត្រៀមរៀបចំខួបអនុស្សាវរីយ៍លើកទី៤៣ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៣) ដែលនឹងប្រព្រឹតទៅនៅបរិវេណសាលាខេត្តស្វាយរៀង។

ឯកឧត្តមអភិបាលខេត្តបានជំរុញរដ្ឋបាលខេត្ត អាជ្ញាធរ កងកម្លាំងពាក់ព័ន្ធបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំចំពោះរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវរឹតបន្តឹងការគ្រប់គ្រងមុខសញ្ញាបទល្មើសគ្រប់ប្រភេទដែលមាននៅតាមមូនដ្ឋាន និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត។

ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យអាជ្ញាធរក្រុង ស្រុក ត្រូវខិតខំដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ត្រឹមត្រូវតាមនីតិវិធី (តាមប្រព័ន្ធតុលាការ និងសម្របសម្រួលក្រៅប្រព័ន្ធតុលា)។

ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យអាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យមើល​ និងសុំច្បាប់អោយបានត្រឹមត្រូវចំពោះ​ ទីតាំងអាជីវកម្មពុះដីឡូតិ៍ អាជីវកម្មផ្ទះល្វែងសម្រាប់លក់ជាដើម។

ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវសហការគាំទ្រអង្គភាពគយ និងពន្ធដារក្នុងការប្រមូលពន្ធគ្រប់ប្រភេទឲ្យបានគ្រប់តាមផែនការកំណត់។

ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យបន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំងឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ជាពិសេសដូសទី៣ ដូសទី៤ និងដូសទី៥៕