សមិទ្ធផលថ្មីក្នុងក្តីស្រមៃ! ព្រឹកថ្ងៃនេះស្ពានជាប្រវត្តិសាស្ត្រឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ ចាប់ផ្តើមសាងសង់ហើយ ក្រោមអធិបតីភាពសម្តេចតេជោ និងឯកអគ្គរដ្ឋទូតចិន


ក្រចេះជាន់ថ្មី ដីសន្តិភាព ផ្លូវស្ពានព្រោងព្រាត រំលេចវត្តមាន។ ជាអំណរក្រៃលែងសម្រាប់ពលរដ្ឋខេត្តក្រចេះនៅដើមឆ្នាំ២០២៣នេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់នូវចំណងដៃដ៏ពិសិដ្ឋ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីដោះស្រាយការលំបាកការធ្វើដំណើរប្រចាំថ្ងៃ។ នេះជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏សម្បើមសម្រាប់អ្នកខេត្តក្រចេះ ដែលមិនធ្លាប់មាននោះឡើយ។

ទន្លេមេគង្គដែលហូរកាត់ខេត្តក្រចេះប្រមាណ ១៥០គីឡូម៉ែត្រ បើទោះបីជាផ្តល់នូវគុណប្រយោជន៍ ជាច្រើនបម្រើដល់ជីវភាពប្រចាំថ្ងៃ ដូចជាទឹកសម្រាប់ប្រើប្រាស់ ស្រោចស្រពដំណាំ ធ្វើស្រែចម្ការ ត្រីសម្រាប់ទ្រទ្រង់ជីវិត និងជីវភាពយ៉ាងណាក្តី ប៉ុន្តែដងទន្លេដ៏វែងនេះ ក៏បានក្លាយជាឧបសគ្គសម្រាប់សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេផងដែរ ជាពិសេសពលរដ្ឋរស់នៅត្រើយខាងលិចដងទន្លេ។

ការទន្ទឹងរង់ចាំ និងក្តីស្រមៃចង់ឃើញស្ពានឆ្លងទន្លេសម្រួលការធ្វើដំណើរ បានកើតមានអស់ជាយូរខែឆ្នាំមកហើយ។ នៅពេលនេះការទន្ទឹងរង់ចាំ និងក្តីស្រមៃ ក៏បានឈានចូលមកដល់ក្រោមម្លប់សន្តិភាព និងការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន។

ស្ពានឆ្លងកាត់ទន្លេ និងផ្លូវតភ្ជាប់ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១,៧៦១ម៉ែត្រ។ ស្ពាននេះមានទីតាំងត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ស្ពាននេះ នឹងត្រូវស្ថាបនាឡើងដោយមានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។

ដោយឡែកផ្លូវតភ្ជាប់មានប្រវែងជិត ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះ នឹងត្រូវសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះ កំណាត់ផ្លូវ ៤ខ្សែប្រវែងជិត ២៧គីឡូម៉ែត្រ នឹងត្រូវស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្ត ធ្វើចរាចរណ៍ ចំនួន ៤គន្លង (២ទៅ ២មក) គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង (១ទៅ ១មក) និងមានសួនពុះទ្រូងផ្លូវនៅចំកណ្តាល ប្រវែង ៤ម៉ែត្រផងដែរ។

គម្រោងនេះនឹងបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន ៤កន្លែង ប្រវែងសរុប ៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុង ឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រី​បានលើកឡើងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ រួមជាមួយផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនង និងក្តីសង្ឃឹមរវាងប្រជាពលរដ្ឋរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋរស់នៅត្រើយខាងលិច រួមទាំងតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ទីប្រជុំជនផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា គម្រោងនេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ ដូចជា៖ ត្រើយខាងលិច តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម ខេត្តកំពង់ធំ បន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ៧១A តាមបណ្តោយមាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាម នៅផ្នែកខាងក្រោមទន្លេមេគង្គ។

ចំណែកឯនៅត្រើយខាងកើតវិញ តភ្ជាប់ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាម ឬខេត្តព្រៃវែង និងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ។

«ស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលកើតឡើង ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) ការតភ្ជាប់អនុតំបន់អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS) និងអនុតំបន់មេគង្គឡាន-ឆាង ពិសេស ចូលរួមលើកស្ទួយការអនុវត្តផែនការមេអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិត និងគិតគូរវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងគោលបំណងជួយអភិវឌ្ឍខេត្តស្ថិតនៅតំបន់ដាច់ស្រយាលក្នុងភូមិភាគឦសាន ឱ្យមានការរីកចម្រើនព្រមៗគ្នាជាមួយបណ្តាខេត្តនានារបស់កម្ពុជា ដែលអាចកាត់បន្ថយបាននូវគម្លាតនៃការអភិវឌ្ឍក្នុងប្រទេស និងក្នុងតំបន់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចនា់ថុល។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រោយបញ្ចប់ការសាងសង់ ស្ពាន និងផ្លូវតភ្ជាប់នេះ នឹងជំរុញឱ្យមានសន្ទុះកើនឡើងនូវសកម្មភាពដឹកជញ្ជូន ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍នៅតាមបណ្តាខេត្ត ស្ថិតនៅភូមិភាគឦសាន រួមទាំងតំបន់ត្រីកោណអភិវឌ្ឍន៍ផងដែរ ស្របតាមគោលនយោបាយ និងផែនការមេរបស់រាជរដ្ឋាភិបាល និងប្រទេសនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV)។

ជាមួយគ្នានេះ ស្ពាន និងផ្លូវតភ្ជាប់នេះ នឹងជួយសម្រួលដល់ការធ្វើ ដំណើរផ្សេងៗរបស់ប្រជាពលរដ្ឋ នៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬយប់ព្រលប់ដោយពុំចាំបាច់ឆ្លងស្រឡាង មិនចំណាយប្រាក់កាស និងមានសុវត្ថិភាព។

ប្រជាពលរដ្ឋខេត្តក្រចេះ ដែលទន្ទឹងរង់ចាំវត្តមាននេះអស់រយៈពេលយូរឆ្នាំមកហើយនោះ បានសម្តែងនូវក្តីរីករាយពន់ពេកពេលបានឮដំណឹងសាងសង់ស្ពាននេះឡើង។

វត្តមានស្ពាននឹងធ្វើឱ្យពួកគេងាយស្រួលក្នុងការធ្វើដំណើរ ដោយលែងខាតពេលវេលារង់ចាំស្រឡាង និងសម្រាលការចំណាយថវិកាប្រចាំថ្ងៃនៅពេលធ្វើដំណើរ។

ប្រជាពលរដ្ឋខេត្តក្រចេះ បានថ្លែងអំណរគុណ និងប្រកាសដឹងគុណសម្តេចតេជោជារៀងរហូត ចំពោះការផ្តល់ចំណងដៃដ៏ថ្លៃថ្លាមួយនេះ៕