ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន៖ ឆ្លងឆ្នាំសកល២ថ្ងៃ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ២លាននាក់


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នាឱកាសឆ្លងឆ្នាំសកល ២០២២ ឆ្លងចូល ២០២៣ (៣១ ខែធ្នូ ឆ្នាំ២០២២ ឆ្លងចូលថ្ងៃ១ ខែមករា ឆ្នាំ២០២៣) នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់
* ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់
* ខេត្តសៀមរាប ៣៣៧,៧៦៩នាក់
* ខេត្តកំពត ៣៣០,៦៥៩នាក់
* ខេត្តបាត់ដំបង ១៥៨,១១០នាក់
* ខេត្តកែប ៨៨,៣៥៦នាក់
* ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់
* ខេត្តកំពង់ចាម ៧៦,៩០១នាក់។

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា តួលេខខាងលើមានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។

រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកនានាបានរៀបចំជាពិធីអបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគុំតន្រ្តី ការតុបតែងលម្អក្រុង ដាក់ភ្លើងបំភ្លឺ ការរៀបចំពិធីរាប់ថយក្រោយ (Countdown) បាញ់កាំជ្រួចអបអរសាទរ និងការបង្ហោគោមជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។

គោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម។

ឯកឧត្តមបានបន្តថា បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងបន្តដំណើរកម្សាន្តរហូតដល់ថ្ងៃចន្ទ ហើយខ្លះទៀតបានវិលចូលរាជធានីភ្នំពេញវិញជាបណ្តើរៗនាថ្ងៃអាទិត្យនេះ។

ឯកឧត្តមបានបន្តទៀតថា ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ជាដើម មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេនៅយប់ឆ្លងឆ្នាំនេះ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានរៀបចំកំលាំងប្រចាំការនៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋាន។

បើតាមឯកឧត្តម ថោង ខុន ក្នុងពេញ១ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរជាតិដើរកម្សាន្តក្នុងប្រទេសចំនួនជាង១៣លាននាក់ហើយ លើសផែនការដែលបានគោងទុកក្នុងផែនទីចង្អុលផ្លូវ។ រីឯទេសចរអន្តរជាតិតាមការប៉ាន់ស្មានបានប្រមាណជាង២.២លាននាក់៕