ឯកឧត្តម ជា ចាន់តូ ចូលរួមអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជំនះ៧មករា ក្នុងខេត្តកំពង់ធំ


ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំនះ៧មករា ឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

នាឱកាសនៃការចូលរួមអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជំនះ ៧ មករា ក្នុងខេត្តកំពង់ធំនេះ​ ឯកឧត្តម ជា ចាន់តូ បានដកស្រង និងអានសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីរំឮកខួបទី៤៤ នៃទិវាជ័យជំនះ៧មករានេះផងដែរ។

ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានថ្លែងបន្ថែមថា ឆ្លងកាត់រយៈពេល៤៤ឆ្នាំមកនេះ បានបង្ហាញច្បាស់ថា ផ្តើមពីជ័យជម្នះ៧មករា ប្រទេសកម្ពុជាបាននិងកំពុងឈានទៅមុខឥតឈប់ឈរ តាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបនឹងបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជាជន ហើយកម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទី ទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិតបន្ដថា ប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ភាពពិតជាក់ស្ដែងទាំងនេះបញ្ជាក់ច្បាស់ពី ការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលកើតពីការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលចេញពី គណបក្សប្រជាជនកម្ពុជា ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយលើកទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ ពីការចូលរួមនៃវិស័យឯកជន និងសង្គមស៊ីវិល ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពី សំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ ពេញចិត្តលើការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា។

គណៈបក្សប្រជាជនកម្ពុជា មិនមែនមានគោលដៅដឹកនាំប្រទេសត្រឹមតែរយៈពេល៤០ឆ្នាំ ឬ៥០ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែនឹងដឹកនាំប្រទេសជាតិជារៀងរហូត។

ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានបញ្ជាក់ថា រយៈពេល៤៤ឆ្នាំកន្លងមកនេះ មិនទាន់មានគណៈបក្សនយោបាយណាមួយ ដែលជាដៃប្រកួតប្រជែង ជាមួយគណៈប្រជាជនបានឡើយ គណៈបក្សនយោបាយខ្លះ បានអភិវឌ្ឍន៍ខ្លួនពីតូចទៅធំ , គណៈបក្សខ្លះទៀតមានគោលដឹកនាំប្រទេសជាតិ ប៉ុន្តែមិនទាន់ទាំងអាចគ្រប់គ្រងសមាជិករបស់ខ្លួនឯងបានផងនោះ តើអាចប្រគល់ឲ្យដឹក នាំប្រទេសជាតិមិចនឹងបាន។

ក្នុងនោះឯកឧត្តម ជា ចាន់តូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងការទៅបោះឆ្នោតនៅ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីជ្រើសរើសសម្តេចតេជោ នាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ ប្រកបដោយភាពសុខសាន្ត អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបន្តទៀត៕