គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បំពាក់សម្ភារះសង្គ្រោះផ្ទៃទឹក ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧១១ នៃកងពលតូចលេខ៧០


លោកបណ្ឌិត ហង្ស សាមឿន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញបំពាក់សម្ភារៈសង្គ្រោះផ្ទៃទឹក ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះ គ្រោះមហន្តរាយលេខ៧១១ នៃកងពលតូចលេខ៧០។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ នៅកងពលតូចលេខ៧០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាកដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមេបញ្ជាការកងប្រតិបត្តិការរុករក និងសង្គ្រោះ គ្រោះមហន្តរាយលេខ៧១១ កងពលតូចលេខ៧០ផងដែរ។

នាឱកាសនោះដែរ តាងនាមឱ្យនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម, លោកបណ្ឌិត ហង្ស សាមឿន សូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្របំផុត សូមកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះស្មារតី យកចិត្តទុកដាក់របស់មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ និងកងប្រតិបត្តិការ រុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧១១ទាំងអស់ ដែលតែងមានវត្តមានក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើងនាពេលកន្លងមក។

ឆ្លៀតឱកាសនេះ លោកសូមនាំយកនូវការផ្តាំសួសុខទុក្ខពីសំណាក់ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ជូនចំពោះកងកម្លាំងទាំងអស់ ដោយសារនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ជាប់បេសកកម្មនៅមូលដ្ឋានពុំអាចមកចូលរួមជាមួយយើងទាំងអស់គ្នា។

លោកបណ្ឌិត ហង្ស សាមឧន ក៏សូមយកឱកាសនេះថ្លែងនូវអំណរគុណដ៏ឧត្តុង្គឧត្តមបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានអនុញ្ញាតឱ្យបង្កើតកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ១៦កងនេះឡើង ព្រមទាំងបំពាក់ឧបករណ៍ សម្ភារៈ ដល់កងសង្គ្រោះ តាមរយៈនាយឧត្ដមសេនីយ៍ កិត្តសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម។

បន្ថែមពីនេះ លោកបណ្ឌិត ហង្ស សាមឿន ក៏បានរំឮកថា ចាប់តាំងពីចុងឆ្នាំ២០១៩ រហូតដល់ចុងឆ្នាំ២០២២ នេះ នៅកម្ពុជា គ្រោះមហន្តរាយដោយមនុស្សដែលមិនធ្លាប់កើតមាននោះ គឺបានកើតឡើងជាបន្តបន្ទាប់ និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ រួមមានដូចជា៖ ការរលំបាក់អាគារនៅក្រុងព្រះសីហនុ នាខែមិថុនា ឆ្នាំ២០១៩, ការរលំបាក់សាលាធម្មសភា ដែលកំពុងសាងសង់ក្នុងវត្ត ប្រាសាទគោកចក ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នាខែធ្នូ ឆ្នាំ២០១៩, ការបាក់រលំអាគារ នៅក្រុងកែប ខេត្តកែប នាខែមករា ឆ្នាំ២០២០, ការលិចទូកចម្លងសិស្ស នៅស្រុកលើកដែក ខេត្តកណ្តាល នាខែតុលា ឆ្នាំ២០២២, គ្រោះទឹកជំនន់ធ្ងន់ធ្ងរនាឆ្នាំ២០២០ និងឆ្នាំ២០២២, អគ្គីភ័យនៅចំណុចកាស៊ីណូហ្គ្រែនដាយមិន ក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

លោកបណ្ឌិត ហង្ស សាមឿន បានគូសបញ្ជាក់ថា កម្លាំងរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧១១ របស់ កងពលតូចលេខ៧០ តែងបានចូលរួមចំណែកយ៉ាងសកម្មជាមួយកម្លាំងរបស់អង្គភាពផ្សេងៗទៀត ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ដែលកើតមានគ្រប់ច្រកល្អក ប្រើប្រាស់គ្រប់មធ្យោបាយ និងសម្ភារៈ។

លោកបណ្ឌិត ហង្ស សាមឿន បានបន្ថែមថា កងប្រតិបត្តិការរុករកនិងសង្គ្រោះជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល និងជាកម្លាំងស្នូលក្នុងការជួយ សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ដូច្នេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់បំពាក់សម្ភារៈ និងការ បណ្តុះបណ្តាលសម្រាប់ការសង្គ្រោះដែលរួមមាន៖ ការសង្គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការរលំបាក់អគារ និងក្នុងពេលនេះ តាមរយៈនាយឧត្តមសេនីយ៍ កិត្តសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម នឹងបំពាក់នូវសម្ភារៈសម្រាប់សង្គ្រោះផ្ទៃទឹកជូនដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្ត រាយលេខ៧១១ របស់កងពលតូចលេខ៧០។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត បានលើកឡើងថា កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧១១ ជាកងប្រតិបត្តិការដែលមានស្នាដៃឆ្នើម និងសកម្មក្នុងការសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយ តួយ៉ាងដូចជាបេសកកម្មថ្មីៗនេះ ដែលរួមមាន៖ បានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរុករក និងសង្គ្រោះករណីអគ្គីភ័យ នៅចំណុចកាស៊ីណូហ្គែនដាយមិនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាចុងឆ្នាំ២០២២ និងការជួយសង្គ្រោះករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បុកគ្នាពីក្រោយ បណ្តាលឱ្យអ្នកបើកបរគៀបជាប់ជើងឆ្វេងនៅក្នុងកាប៊ីនរថយន្ត នៅមុខបុរីញូថោន ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ។ បេសកកម្មក្នុងការសង្គ្រោះ គឺជាការងារដែលប្រកបដោយគ្រោះថ្នាក់ដែលតម្រូវឱ្យមានស្មារតី ទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។

លោកបណ្ឌិត ហង្ស សាមឿន ក៏សូមស្នើដល់កងប្រតិបត្តិការរុករកសង្គ្រោះ ត្រូវមានវិន័យខ្ពស់ ថែទាំសុខភាពឱ្យបានមាំមួនអភិវឌ្ឍន៍សមត្ថភាព ជំនាញជានិច្ច ធ្វើលំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ ហើយរាល់ការបំពេញការងារប្រតិបត្តិការរុករកសង្គ្រោះ យើងត្រូវជឿជាក់លើសមត្ថភាពខ្លួនឯងជួយគ្នាទៅវិញទៅមក ធានាសមត្ថភាពប្រតិបត្តិការឱ្យមានលក្ខណៈស្វ័យប្រវត្តិ រហ័សរហួនទាន់ចិត្ត ដោយសង្គ្រោះបានទាំងប្រជាពលរដ្ឋរងគ្រោះ និងមានសុវត្ថិភាពទាំងខ្លួនយើងជាអ្នកសង្គ្រោះ។

សម្ភារៈសង្គ្រោះផ្ទៃទឹក ដែលប្រគល់ជូននាពេលនេះរួមមាន៖ ឈុតឯកទេស មុជទឹក (SCUBA) និងថវិកាចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ៕