ជំរុញពាណិជ្ជកម្មកម្ពុជា-ម៉ាល់ឌីវ, សម្តេចតេជោ ហ៊ុន សែន សម្លឹងឃើញអង្ករកម្ពុជាដែលជាប់លេខ១ លើពិភពលោក និងកសិផលមួយចំនួនទៀត អាចនាំចេញទៅម៉ាល់ឌី ខណៈអាចនាំចូលមកវិញផលិតផលត្រីសមុទ្រ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញបំណងក្នុងការជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ម៉ាល់ឌីវ តាមរយៈការនាំចេញនាំចូលនូវទំនិញសក្តានុពលខ្ពស់មួយចំនួន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមថា ដោយសារតែអង្កររបស់កម្ពុជាល្បីល្បាញ ជាប់លេខ១ រយៈពេលពេល៥ដងនោះ គឺមានលទ្ធភាពខ្ពស់ ក្នុងការនាំចេញទៅកាន់ប្រទេសម៉ាល់ឌីវ សម្រាប់បម្រើឲ្យប្រជាជនម៉ាល់ឌីវផង និងសម្រាប់ភ្ញៀវទេសចរ មកកម្សាន្តនៅម៉ាល់ឌីវផងដែរ។

សម្តេចតេជោបន្ថែមទៀតថា ក្រៅពីអង្ករកម្ពុជា នៅមានកសិផលផ្សេងទៀត ដូចជាស្វាយចន្ទី ចេក ស្វាយ និងសម្លៀកបំពាក់ ដែលអាចឲ្យកម្ពុជានាំចូលមកម៉ាល់ឌីវ បាន។

ជាមួយគ្នានេះ សម្រាប់ផលិតផលដែលម៉ាល់ឌីវ មានលទ្ធផលខ្ពស់ក្នុងការនាំចេញទៅកាន់កម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានលើកឡើង គឺជាត្រីខកំប៉ុងដែលផលិតនៅម៉ាល់ឌីវ និងផលិតផលត្រីមួយចំនួនទៀតផងដែរ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចសន្និសីទសារព័ត៌មានរួមគ្នា ពីវិមានប្រធានាធិបតីនៃប្រទេសម៉ាល់ឌីវ ក្នុងដំណើរទស្សនិច្ចផ្លូវការនៅប្រទេសម៉ាល់ឌីវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងពិនិត្យជាមានលទ្ធភាពពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយសារតែកម្ពុជាមាននូវទំនិញដែលអាចនាំចូលមកម៉ាល់ឌីវ ដូចជាអង្ករ និងវិស័យកសិកម្មដទៃដែលមិនមែនគ្រាន់តែ ដែលមិនមែនគ្រាន់តែសម្រាប់ប្រជាជនម៉ាល់ឌីវទេ ប៉ុន្តែសម្រាប់វិស័យទេសចរ ដែលមកទស្សនកិច្ចនៅម៉ាល់ឌីវ ដោយសារអង្ករកម្ពុជា ស្ថិតក្នុងអង្ករដែលជាប់លេខ១ លើពិភពលោកចំនួន៥ដង ហើយឥឡូវកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១ នៅឡើយដែលសង្ឃឹមថា អង្ករនេះនឹងទទួលបានការពេញនិយម សម្រាប់ប្រជាជនម៉ាល់ឌីវផង និងសម្រាប់អ្នកទេសចរដែលមកទស្សនកិច្ចនៅទីនេះ។ស្វាយចន្ទី ចេក ស្វាយ​ ឬក៏ផ្នែកដទៃទៀតដែលអាចបម្រើឲ្យវិស័យទេសចរណ៍ ដែលគេមកទទួលទាននៅម៉ាល់ឌីវ អាចនាំចេញពីកម្ពុជាមកបាន ហើយក្រៅពីនោះនៅមានសម្លៀកបំពាក់ យើងជាប្រទេសដែលផលិតសម្លៀកបំពាក់ ដែលម៉ាល់ឌីវអាចបញ្ជាទិញ យើងខ្ញុំសង្ឃឹមយ៉ាងដូច្នេះ។

សម្តេចតេជោបានថ្លែងទៀតថា «ត្រឡប់ទៅវិញ កម្ពុជាមានទាំងត្រីទឹកសាប និងត្រីទឹកប្រៃ ដែលនិយាយដល់បញ្ហាត្រីខកំប៉ុង ប្រហែលជាលទ្ធភាពច្រើនជាងគេ ក្នុងការនាំទៅកម្ពុជាមុនគេ ព្រោះក្នុង១ឆ្នាំៗ កម្ពុជាប្រើត្រីខកំប៉ុងច្រើនណាស់ គ្រាន់តែប៉ុន្មានខែមុនប្រើត្រីខបំប៉ុងប្រមាណ១០ម៉ឺនកេស ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារដែលមានការលិចលង់ ដោយជំនន់ទឹកភ្លៀង ឥឡូវនេះកំពុងតែត្រូវការទៀត […] ច្បាស់ណាស់ថា ផលិតផលត្រីមួយចំនួននៅម៉ាល់ឌីវ អាចជាគោលដៅនៃការនាំទៅកាន់កម្ពុជា ដើ​ម្បីបម្រើឲ្យប្រជាជនខ្លួនឯងផង និងវិស័យទេសចរណ៍ផង»

សូមជម្រាបថា អង្កររបស់កម្ពុជាទទួលបានជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោកចំនួន៥ដង គឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២៕