នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកងទ័ព៦០០នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងបាក់រលំផ្ទះនៅក្រុងតាខ្មៅ


នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំក្រុមកងទ័ពមកពី៣អង្គភាព ដោយក្នុងមួយអង្គភាពចំនួន ២០០នាក់ សរុប៦០០នាក់ បានចុះជួយជាបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងតាមព្រែកថី ដោយបានវាយប្រហារធ្វើឲ្យផ្ទះប្រជាពលរដ្ឋបាក់រលំជាបន្តបន្ទាប់សរុបអស់២៧ខ្នង ស្ថិតនៅឯភូមិព្រែកថី ភូមិព្រែកសំរោង សង្កាត់រកកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

នៅចំពោះប្រមុខប្រជាពលរដ្ឋរងគ្រោះ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ដោយទទួលបានបទបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្តមបានដឹកនាំកងទ័ពចុះជួយបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ បានរៀបចំកងកម្លាំងទាំង៦០០នាក់ភ្លាមៗតែម្ដង ដោយចុះមកជួយដល់បងប្អូនប្រជាពលរដ្ឋដោយមានទាំងការរុះរើផ្ទះសម្បែងរបស់ជនរងគ្រោះ និងបានអញ្ជើញចែកអំណោយ និងថវិកាជូនដល់បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះផងដែរ។

ទន្ទឹមនេះដែរ នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមព្រែកថីនេះ ត្រូវយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះហានិភ័យទឹកជំនន់នេះ ក្រែងលោមានគ្រោះហេតុណាមួយ កើតឡើងជាយថាហេតុ ជាពិសេសនោះត្រូវយកចិត្តទុកដាក់ចំពោះការហូបស្អាតផឹកស្អាត រស់នៅស្អាតជាមួយការពិសារអាហារដែលស្អាតៗជាដើម។

សូមជម្រាបថា សកម្មភាពរបស់នាយឧត្តមសេនីយ៍ ដែលបានដឹកនាំក្រុមកងទ័ពទាំង៦០០នាក់ ដែលបានចុះមកជួយនេះបង្ហាញពីភាពកក់ក្ដៅយ៉ាងខ្លាំងដែលបងប្អូនប្រជាពលរដ្ឋមានការពេញចិត្ត និងសប្បាយចិត្តពេកក្រៃ ដែលបានឃើញការយកចិត្តទុកដាក់ពីសំណាក់ក្រុមកងទ័ពដែលដឹកនាំផ្ទាល់ដោយនាយឧត្តមសេនីយ៍។

សកម្មភាពនេះ ញ៉ាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍ ម៉ឹង សំផន ដោយរាល់ពេលមានបញ្ហាម្ដងៗ តែងតែឃើញចុះជួយ និងយកចិត្តទុកដាក់ភ្លាមៗតែម្ដង។

សូមជម្រាបថា ផ្ទះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំងស្រុងមានចំនួន២៧ខ្នងផ្ទះហើយ និងផ្ទះជាបន្តបន្ទាប់ជាច្រើនខ្នងផ្សេងទៀតក៏កំពុងតែប្រឈម បញ្ហាផងដែរដែលពួកគេទទួលបានការយកចិត្តទុកដាក់ ជួយសង្គ្រោះបន្ទាន់ពីសំណាក់ក្រុមកងទ័ពទាំង៦០០នាក់។

ជាមួយគ្នានោះដែរ ក៏ឃើញមានអាជ្ញាធរខេត្តកណ្ដាល អាជ្ញាធរក្រុងតាខ្មៅ ព្រមទាំងក្រុមមន្ត្រីពាក់ព័ន្ធទាំងអស់ ក៏បានស្រុសដៃគ្នាចុះជួយបងប្អូនប្រជាពលរដ្ឋភ្លាមៗផងដែរ៕