សម្ដេចតេជោ ហ៊ុន សែន អំពាវនាវប្រទេសផ្ដល់លុយឲ្យកម្មករណាហ្គា ធ្វើបាតុកម្មត្រូវដកខ្លួនថយ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ដែលត្រូវនឹងទិវាពលកម្មអន្ដរជាតិ បានស្នើដល់ប្រទេសជាមួយខ្លះដែលបានផ្ដល់ថវិកាឧបត្ថម្ភ ដល់កម្មករណាហ្គាវ៉ើល សម្រាប់ធ្វើបាតុកម្មជាប្រចាំនោះ ត្រូវដកខ្លួនចេញ ហើយបញ្ឈប់ការធ្វើអន្ដរជាតិតូបនីកម្មនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលដឹងច្បាស់អំពីផែនការទាំងអស់នេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី​ នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ, សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងជាសំណួរថា បាតុកម្មដំបូងរបស់អតីតបុគ្គលណាហ្គាវ៉ើល តាំងពីមនុស្សចូលរួម៣០០នាក់ រហូតនៅសល់១០០នាក់ ហើយការធ្វើបាតុកម្មនេះជាសោទ គឺមានរយៈពេល២ឆ្នាំមកហើយ តែងដែលខ្លួនគ្មានការងារធ្វើ ចុះបានលុយមកពីណាធ្វើបាតុកម្ម។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសុំស្នើឲ្យមិត្តភ័ក្ដបរទេសខ្លះដែលបានឧបត្ថម្ភប្រាក់ធ្វើអន្ដរជាតិតូបនីយកម្ម លើបញ្ហាបាតុកម្មមនុស្សជាង១០០នាក់ ដែលធ្វើបាតុកម្មប្រមាណជាង២ឆ្នាំរួចមកហើយ។ បាតុកម្មតាំងពីមនុស្សជាង៣០០នាក់ រហូតដល់មនុស្សនៅសល់១០០នាក់ ចោទចេញជាសំណួរថា ខ្លួនជាកម្មករសោះក៏ប៉ុន្ដែរយៈពេលអត់ការងារធ្វើ២ឆ្នាំ ប៉ុន្ដែនៅមានបាយស៉ី នៅមានកម្លាំងមកធ្វើបាតុកម្ម តើរឿងនេះរដ្ឋាភិបាលដឹងឬមិនដឹង មិនមែនរដ្ឋាភិបាលមិនដឹងទេ កន្លែងបើកលុយនៅកន្លែងណានោះ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ការស៉ីឈ្នួលបាតុកម្ម មិនមែនជារឿងល្អ ហើយជាការគោរពសិទ្ធិនោះទេ។ សម្ដេចបន្ដថា នៅលើពិភពលោក ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ ពិភពលោកបានបិទរោងចក្រ ក្រុមហ៊ុន ឬកាត់បន្ថយកម្មករ ដោយប្រទេសផ្សេងៗអាចធ្វើទៅបាន ប៉ុន្ដែសម្រាប់ប្រទេសកម្ពុជាចម្លែងតែកន្លែងមួយនេះ កម្មករចាប់ផ្ដើមធ្វើបាតុកម្មទាមទារការងារធ្វើត្រឡប់មកវិញ តាំងពីមនុស្ស៣០០នាក់ មកនៅសល់ត្រឹម១០០នាក់។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហើបថា សម្ដេចមានមនុស្សរាយការណ៍មកថា ប្រសិនបើថ្ងៃទី០១ ខែឧសភាមិនចូលរួមដង្ហែក្បួនទេនោះ គេនឹងកាត់ផ្ដាច់លុយឧបត្ថម្ភមកពីក្រៅប្រទេស ដូច្នេះសហជីពមួយចំនួននៅកម្ពុជា គឺជាសហជីពដែលផ្ដល់លុយដោយជនបរទេស។ សម្ដេចបានស្នើកុំឲ្យមានទិវាពលកម្មអន្ដរជាតិតែមួយថ្ងៃ ដែលសម្ដេចចង់សំដៅថា កុំគោរពសិទ្ធិត្រឹមតែមួយថ្ងៃនេះ ពោលត្រូវគោរពសិទ្ធិមនុស្ស គោរពសិទ្ធិពលករ ត្រូវធ្វើ៣៦៥ថ្ងៃ សម្រាប់កម្មករ កម្មការិនីទាំងអស់ទើបជាការត្រឹមត្រូវ។

គួរជម្រាបថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាង ភាគីកម្មករនិយោជិតដែលចង់ជួបចរចា ជាមួយក្រុមហ៊ុនផ្ទាល់។ កម្មករជាច្រើនបានទទួលយកការសម្របសម្រួល របស់ក្រសួងការងារ ប៉ុន្ដែនៅមួយចំនួនបន្ដធ្វើបាតុកម្ម។

យ៉ាងណាមិញ ពាក់ព័ន្ធអ្នកដែលបានដឹកនាំការធ្វើបាតុកម្មនេះ អាជ្ញាធរក៏បានឃាត់ខ្លួនមនុស្ស និងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ផងដែរ ក្រោយរកឃើញរឿងរ៉ាវមួយចំនួននៅពីក្រោយការធ្វើបាតុកម្មនេះ គឺធ្វើឡើងក្នុងចេតនានយោបាយ ចង់បង្កចលាចលក្នុងសង្គម បន្ទាប់ពីពួកគេទទួលបានជំនួយពីបរទេស ដើម្បីផ្គត់ផ្គង់សម្រាប់ការធ្វើបាតុកម្មនេះ៕