ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ចុះព្យាបាលជំងឺដោយឥតគិតថ្លៃជូនព្រះសង្ឃ និងពលរដ្ឋប្រមាណ៥០០អង្គ/នាក់ ក្នុងសង្កាត់វាលវង់


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពងចាម នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ព្យាបាលជំងឺដោយឥតគិតថ្លៃដល់ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណជា ៥០០អង្គ/នាក់ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នាឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យថែរក្សាសុខភាព ពីព្រោះកាលណាមានសុខភាពល្អ គឺជាឱកាសបង្កើនទ្រព្យសម្បត្តិ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះការចុះព្យាបាលជំងឺជូនព្រះសង្ឃ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺក្រុមគ្រូពេទ្យសុទ្ធតែមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ទៅតាមប្រភេទជំងឺដែលត្រូវផ្ដល់សេវា ដោយឥតគិតថ្លៃជូនក្នុងពេលនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា៖ «សុខភាព គឺជាបញ្ហាមួយដែលបងប្អូនប្រជាពលរដ្ឋយើង ត្រូវយកចិត្តទុកដាក់ ពោលប្រសិនបើសុខភាពល្អ គឺជាការបង្កើនទ្រព្យ ប៉ុន្តែប្រសិនបើសុខភាពមិនល្អ វាគឺជាការបំផ្លាញទ្រព្យទៅវិញ។ ដូច្នេះ សូមបងប្អូនថែទាំសុខភាពឱ្យបានល្អ បើមានជំងឺល្មមៗប្រញាប់មក ពិនិត្យពិគ្រោះយោបល់ ឱ្យគ្រូពេទ្យព្យាបាលឱ្យបានទាន់ពេលវេលា ពីព្រោះឱកាសនេះ ប្រសិនបើគ្រូពេទ្យពិនិត្យទៅឃើញថាមានជំងឺធ្ងន់ធ្ងរ គឺអាចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដោយឥតគិតថ្លៃផងដែរ»

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត មានចំនួន ២៨នាក់ ក្នុងនេះផ្នែកពិនិត្យជំងឺទូទៅចំនួន ១៨នាក់ ផ្នែកពិនិត្យនិងដកធ្មេញ ៧នាក់ ក្រោមការដឹកនាំរបស់លោកទន្តបណ្ឌិត ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងផ្នែកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៣នាក់ បន្ថែមដោយក្រុមសម្របសម្រួលការងារចំនួន ៧នាក់ទៀត។

រីឯកម្មវិធីនៃការផ្តល់សេវាគឺមាន ពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅមនុស្សចាស់ និងកុមារ, ពិនិត្យ ពិគ្រោះជំងឺធ្មេញ ពិសេសដកធ្មេញ, ចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសជំរុញគឺចាប់ពីដូសទី៣។ ចំពោះពេលវេលានៃការពិនិត្យ ពិគ្រោះជំងឺគឺចាប់ពីម៉ោង ០៨៖៤៥នាទី រហូតដល់ម៉ោង ២រសៀល៕