អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ ក្នុងក្រុងស្ទឹងត្រែង


ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដល់ការដ្ឋានគម្រោងកសាងផ្លូវបេតុងសរសៃដែកមួយខ្សែ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា ផ្លូវនេះអាចចាត់ទុកជាផ្លូវមួយមានសារសំខាន់ ក្នុងការសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក៏ដូចជាការសម្រួលធ្វើឱ្យប្រសើរឡើង ទាំងសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានក្រុង សម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះ។

ឯកឧត្តមបានណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ និងអ្នកទទួលសាងសង់ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អ ក្នុងដំណើរការសាងសង់ឱ្យបានល្អ ប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយបង្កើនការជំរុញ អនុវត្តឱ្យបានឆាប់ចប់ទៅតាមគោលផែនការដែលបានគ្រោងទុក។

លោក ស គឹមណាត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានឲ្យដឹងថា ផ្លូវដែលអនុវត្តការស្ថាបនាឡើងវិញនាពេលនេះជាផ្លូវលេខ២២ និងជាផ្លូវមេធំនៅក្នុងខេត្ត និងត្រូវចាក់បេតុងសរសៃដែក កម្រាស់១,៥តឹក។

លោកបញ្ជាក់ថា ផ្លូវកំពុងស្ថាបនា១ខ្សែនេះ គឺមានប្រវែង១៧០០ម៉ែត្រ ទទឹង១៥ ម៉ែត្រ ក្រោមគម្រោងថវិការរបស់រដ្ឋបាលខេត្ត។ដោយឡែករយៈពេលនៃការសាងសង់និងចាប់ផ្តើមចាក់បេតុងពីថ្ងៃ១៧ ខែឧសភា ឆ្នាំ២០២៣ខាមុខនេះ ដែលនឹងបញ្ចប់ការសាងសង់ក្នុងរយៈត្រឹមតែ១ខែប៉ុណ្ណោះ៕