ពលករខ្មែរនៅប្រទេសថៃជាបន្តបន្ទាប់ បានចូលជាសមាជិកបក្សប្រជាជន ​និងជឿជាក់លើការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន


គណបក្សប្រជាជនកម្ពុជាទទួលបានសមាជិករាប់ពាន់នាក់បន្ថែមទៀតហើយ ដែលជាពលករកម្ពុជា និងអ្នកប្រកបរបរផ្សេងទៀតនៅប្រទេសថៃ ពួកគាត់កាន់តែជឿជាក់លើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមក្នុងការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព ភាពសុខដុមសម្រាប់ប្រជាជន។

តំណាងសមាជិកបក្សរាប់ពាន់នាក់នោះ បានបង្ហាញការពេញចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមជីវភាពនយោបាយ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ពិសេសគឺគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងអ្នកបន្តវេនពោរពេញដោយសមត្ថភាពរបស់គណបក្ស គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ការបញ្ជាក់ខាងលើនេះត្រូវបានធ្វើឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៉ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារមួយនាទីក្រុងបាងកក ប្រទេសថៃ វេលាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រចាំប្រទេសថៃទាំងមូល តំណាងសមាជិកនៅតាមសាខាបក្សខេត្ត អនុសាខាបក្សស្រុកមួយចំនួននៃប្រទេសថៃចំនួន២២៥នាក់ ដែលតំណាងឱ្យសមាជិកបក្សក្នុងមូលដ្ឋានរៀងៗខ្លួនរាប់ពាន់នាក់ទៀត។

សមាជិកបក្សប្រជាជនម្នាក់ លោក ឈុំ ឧត្តម បានលើកឡើងថា ពីមុនលោកធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន តែដោយសារគណបក្សទាំងនោះអសកម្ម មិនយកចិត្តទុកដាក់ចំពោះសមាជិក មិននៅខាងសន្តិភាព តែងតែមានរឿងអាស្រូវ មិនសមជាគណបក្សដឹកនាំប្រទេសឡើយ។ ដោយអស់ជំនឿជាមួយគណបក្សមុនៗនេះហើយ ទើបលោកនិងគ្រួសារសម្រេចចាកចេញ ហើយមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ គុណសម្បត្តិដែលលោកពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុ​ន សែន គឺតែងគិតគូរយកចិត្តទុកដាក់ចំពោះការថែរក្សាសន្តិភាព ស្ថិរភាព និងខិតខំអភិវឌ្ឍប្រទេសជាតិ ព្រមទាំងផ្ដល់ការយកចិត្តទុកដាក់ចំពោះពួកគាត់ជាពលករនៅក្រៅប្រទេស។

លោក សន ចំរើន សមាជិកបក្សនៅខេត្តឆៈឈើងសៅដែរនោះ បានប្ដេជ្ញានឹងចូលរួមធ្វើសកម្មភាពដើម្បីជាប្រយោជន៍ជូនគណបក្ស និងអំពាវនាវឱ្យមានការគាំទ្រគណបក្ស កសាងកម្លាំងគណបក្សនៅប្រទេសថៃបន្តទៀត ព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេដែលជាក្ដីសង្ឃឹម ផ្ដល់ការជឿជាក់សម្រាប់ប្រជាជនបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ។

ក្នុងពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មីនោះ ឯកឧត្តម ហ៊ុន សារឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានចាត់ទុកការបន្តចូលជាសមាជិកគណបក្សរបស់ពលករកម្ពុជានៅក្រៅប្រទេសនេះ គឺជាការប្រមូលកម្លាំងប្រជាជាតិទាំងមូល ជាកម្លាំងដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយដែលមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត វឌ្ឍនភាព និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានជម្រាបជូនអំពីសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា​ សម្រេចបានដេីម្បីបុព្វហេតុជាតិ​ និងប្រជាជនគ្រប់កាលះទេសះ​ និងបានផ្ដាំផ្ញើដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវខិតខំប្រមូលកម្លាំងសាមគ្គីចូលរួមជាមួយគណបក្ស បង្កើតកម្លាំងឯកភាពជាតិ ពិសេសត្រូវប្រព្រឹត្តអំពើល្អ សាមគ្គីភាព ឯកភាព ជួយគ្នាទៅវិញទៅមក ស្របតាមទិសស្លោក «រក្សាចាស់ បន្ថែមថ្មី»

ឯកឧត្តមប្រធានមានការជឿជាក់លើសមាជិកបក្សនៅប្រទេសថៃ ដែលជាកម្លាំងយុវជនជំនាន់ក្រោយ ជាកម្លាំងគ្រប់គ្រងជោគវាសនាសម្រាប់គណបក្សប្រជាជន និងសមាជិកបក្សនៅក្រៅប្រទេសនេះ។

ឯកឧត្តមបានផ្ដាំផ្ញើទៀតថា នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បើសមាជិកបក្សដែលនៅប្រទេសថៃណាមានឈ្មោះបោះឆ្នាត​ សូមទៅចូលរួមបោះឆ្នោត តែបើមិនបានទៅទេនោះ ក៏សូមបញ្ជូនសារជូនបងប្អូនសាច់ញាតិនៅក្នុងប្រទេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។

ឯកឧត្តមប្រធានថែមទាំងបានលើកទឹកចិត្តដល់សមាជិកបក្សប្រជាជននៅប្រទេសថៃ សូមចូលរួមថែរក្សាការពារសន្តិភាពដែលរកបានដោយលំបាកនេះ ទោះបីគ្រប់គ្នាកំពុងរស់នៅនិងបំពេញការងារនៅក្រៅប្រទេសក៏ដោយ ព្រោះនេះគឺដើម្បីការរស់នៅប្រកបដោយភាពសុខសាន្តសម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមបន្តលើកឡើងពីការគាំពារសឹងគ្រប់បែបយ៉ាងជូនកម្មនិយោជិតនៅក្នុងប្រទេស និងការតាមដានយកចិត្តទុកដាក់ជូន
ពលករនៅក្រៅប្រទេស ក៏ដូចជាពលករនៅប្រទេសថៃនេះជាដើម។ ឯកឧត្តមបានថ្លែងថា «ថ្វីដ្បិតនៅក្នុងប្រទេសខ្វះកម្លាំងពលកម្មយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែខិតខំស្វែងរកការងារក្រៅប្រទេសជូនប្រជាពលរដ្ឋ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់​ និងមានជំនាញសម្រាប់យកទៅអភិវឌ្ឍន៍ប្រទេសជាតិ»