ឯកឧត្តម សុខ ឥសាន បរិយាយពីល្បិចជួយបក្សប្រឆាំង របស់អង្គការសង្គមស៊ីវីលមួយចំនួន


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា អង្គការសង្គមស៊ីវិលមួយចំនួនតែងប្រើការវិភាគរបស់ខ្លួន តាមរយៈខ្លឹមសារលើក តំកើងបក្សប្រឆាំង ហើយបន្ទាបបន្ថោកបក្សកាន់អំណាច។ នេះ មិនមែនជាលើកទី១ទេ ដែលក្រុមសង្គមស៊ីវិលក្នុងនិងក្រៅប្រទេស បានប្រើគ្រប់ល្បិចកលរបស់ខ្លួន ក្នុងការធ្វើការ វិភាគនយោបាយដោយលំអៀងខាងនយោបាយ កាន់ជើងបក្សប្រឆាំង និងបន្តុះ បង្អាប់ បក្សកាន់អំណាច ។

ឯកឧត្តម បានបន្តថា ចរិតនិងអាកប្បកិរិយារបស់ក្រុមប្រឆាំងគឺផ្អែក លើ មនោគមន៏វិជ្ជា នៃសង្គ្រាមត្រជាក់ ដែលនៅសេសសល់ ក្នុងខួរក្បាលរបស់ មនុស្សមួយ ចំនួនណានោះ ។ ពួកគេមានមហិច្ឆតាផ្តួលរំលំគណបក្សប្រជាជនកម្ពុជា ដើម្បីអំណាចតែប៉ុណ្ណោះ ទោះបីពួកគេមិនអាចសម្រេចបានតាមការចង់បានក៏ដោយ ក៏គេនៅតែព្យាយាមដដែលជាដដែល ក្រោមការជួយឧបត្ថម្ភគាំទ្រពីនាយចៅហ្វាយពីខាងក្រៅ ។ ដូច្នេះ ការតស៊ូរបស់គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែជាសមរភូមិជាមួយកម្លាំប្រឆាំង នៅក្នុងប្រទេសទេ តែគឺជារណសិរ្សរបស់គណបក្សប្រជាជនកម្ពុជា ជាមួយនឹងអានុភាព ប្រតិកិរិយាថ្នាក់ពិភពលោកទៀតផង។ អាស្រ័យហេតុនេះ វាទាមទារការខិតខំ ប្រឹងប្រែង ថែមទ្វេរដងទៀត ដើម្បីជម្នះលើមហិច្ឆតារបស់អានុភាពអមិត្តទាំងនេះ ដើម្បីធានា ការពារ សន្តិភាព ស្ថេរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណសង្គមជូនប្រជាជន និងការពារជីវភាពរស់នៅប្រកបដោយសុខុដុមរមនារបស់ប្រជាជនតទៅ ។