ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានជួបសំណេះសំណាលជាមួយក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន​ ម៉ាណែត បានគូសរំលេចថា គណបក្សប្រជាជនកម្ពុជា គឺមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែជាគណបក្សដែលបានខិតខំជាប់ជាប្រចាំ ហើយរឹតតែសកម្មក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសនៅគ្រប់ពេលវេលា និងទីកន្លែងដែលប្រជាពលរដ្ឋជួបការលំបាក ឬគ្រោះអាសន្ន។ ពិតណាស់ ក្នុងរយៈកាលកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា អាចបន្តប្រៀបឈ្នះក៏ដោយសារគណបក្សបើកចិត្តទូលំទូលាយ និងហ៊ានទទួលស្គាល់ចំណុចខ្វះខាត ដើម្បីដាក់ចេញនូវទិសដៅកំណែទម្រង់នានា ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោប្រធានគណបក្ស ធ្លាប់បានលើកឡើងថា៖ «កែទម្រង់រស់, មិនកែទម្រង់ស្លាប់» ព្រមជាមួយនឹងការដាក់ចេញនូវអភិក្រមទាំង ៥ គឺ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់»។

ឯកឧត្តមបន្តថា​ ចំពោះមុខនេះខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាកាន់តែខិតជិតមកដល់ សូមសកម្មជនយុវជនបក្ស ព្រមទាំងសមាជិក-សមាជិកាបក្សទាំងអស់ គប្បីអនុវត្តនូវគោលការណ៍ «៣ គួរ និង ៣ កុំ»។ ៣ គួរ រួមមាន៖

*គួរទី១៖ យុវជនគួររក្សាជានិច្ចនូវស្មារតីយកប្រជាជនជាធំឱ្យស័ក្តិសមនឹងឈ្មោះ «គណបក្សប្រជាជនកម្ពុជា»
*គួរទី២៖ គួរស្វែងយល់ឱ្យបានច្បាស់អំពីបុព្វហេតុ គុណតម្លៃ ក៏ដូចជាកម្មវិធីនយោបាយ និងទិសដៅនានារបស់គណបក្សដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ
*គួរទី៣៖ គួរមានស្មារតីបុរេសកម្មក្នុងការការពារ និងឆ្លើយតបចំពោះរាល់ការចោទប្រកាន់នានាគ្មានមូលដ្ឋានរបស់ក្រុមអគតិ ឬជ្រុលនិយមមួយចំនួន។

រីឯ ៣ កុំ រួមមាន៖

*កុំទី១៖ កុំបង្កនូវការថ្នាំងថ្នាក់ដល់ប្រជាជន
*កុំទី២៖ កុំធ្វើអ្វីដែលជាការបំពានដល់គោលការណ៍ច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប
*កុំទី៣៖ កុំបណ្តោយឱ្យមានសកម្មភាពណាមួយដែលប៉ុនប៉ងបំពានច្បាប់បោះឆ្នោត, បំផ្លាញការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត។

មូលហេតុធំ និងសាមញ្ញនៃការអនុវត្តគោលការណ៍ «៣គួរ និង៣កុំ» នេះ គឺដើម្បីឱ្យប្រជាជនកម្ពុជាបន្តមានជំនឿចិត្ត មានក្តីសង្ឃឹម និងលំនឹងស្ថិរភាពទាំងផ្លូវកាយ និងផ្លូវចិត្តដោយច្បាស់ថា យើងទាំងអស់អាចបន្តរស់នៅប្រកប ដោយសេចក្តីសុខក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍ និងដោយគ្មានការព្រួយបារម្ភ ឬហានិភ័យណាមួយនោះឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត ហ៊ុន​ ម៉ាណែត៕