ក្រុមការងារចុះជួយស្រុកមោងឫស្សី បន្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយព្យាបាលជំងឺជូនពលរដ្ឋចំនួន ១,៣០០នាក់ និងផ្តល់ជូនវ៉ែនតាដោយឥតគិតថ្លៃ


ឯកឧត្តម អង្គ វង្សវឌ្ឍនា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមោងឫស្សី និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ នៃក្រុមការងារ ចុះជួយមូលដ្ឋានស្រុកមោងឫស្សី ព្រមទាំងក្រុមការងារ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនរូប ដើម្បីបន្តពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងឃុំឫស្សីក្រាំង នៃស្រុកមោងឫស្សី ដែលមានចំនួនសរុបប្រមាណ ១,៣០០នាក់។

ក្រុមគ្រូពេទ្យដែលចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកមោងឫស្សីនាពេលនេះ គឺពិនិត្យ និងព្យាបាលជំងឺទូទៅ, ពិនិត្យ និងព្យាបាលសុខភាពមាត់ធ្មេញ និងពិនិត្យភ្នែក រួមទាំងការផ្តល់ជូនវ៉ែនតា ដោយឥតគិតថ្លៃផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា បានក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ទៅលើការថែរក្សាសុខភាព និងបានជំរុញលើកទឹកចិត្តឱ្យក្រុមគ្រូពេទ្យ ប្រឹងប្រែងអស់លទ្ធភាព ដើម្បីជួយព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកមោងឬស្សីនេះ ដោយលោក សង្កត់ធ្ងន់ថា នេះជាកិច្ចកាមនុស្សធម៌មួយដែលត្រូវបម្រើបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងឱកាសនោះឯកឧត្តម កើត រិទ្ធ បានឱ្យដឹងផងដែរថា នេះគឺជាបេសកកម្មមួយរបស់ក្រុមការងារ ក្នុងការបម្រើ និងត្រូវជួយប្រជាពលរដ្ឋ នោះគឺការព្យាបាលជំងឺដោយឥតគិតថ្លៃ ដែលជាការផ្សារភ្ជាប់នូវមនោសញ្ចេតនារវាង ប្រជាពលរដ្ឋនៅមូលដ្ឋានជាមួយនឹងក្រុមការងារចុះជួយស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជាមួយគ្នានេះ ឯកឧត្តម កើត រិទ្ធ ក៏បានលើកឡើងបន្ថែមថា នេះ ក៏ជាការបញ្ញាក់ស្មារតីឱ្យប្រជាពលរដ្ឋ លោកតាលោកយាយទាំងអស់ យល់ដឹងពីបញ្ហាសុខភាពប្រចាំថ្ងៃផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ ចុះជួយស្រុកមោងឫស្សី ក៏បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានផុសផុលផងដែរ៕