សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃផ្ទះ ក្នុងពេលកម្មករ កម្មការិនីដំឡើងប្រាក់ឈ្នួល


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ​ បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះ​ជួល កុំដំឡើងថ្លៃផ្ទះ ក្នុងពេលដែលកម្មករកម្មការិនីដំឡើងប្រាក់ឈ្នួល។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវបែបនេះក្នុងឱកាសសម្តេចបន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ការអំពាវនាវរបស់សម្តេចតេជោ ដោយសារតែកន្លងនៅពេលដែលមានការដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងវិស័យកាត់ដេរ ម្ចាស់ផ្ទះជួលមួយចំនួនតែងតែឆ្លៀតឱកាសក្នុងការដំឡើងថ្លៃដែរ។ ​

សម្តេចបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំមានការអំពាវនាវកុំឱ្យមានការដំឡើងថ្លៃផ្ទះជួល ក្នុងពេលស្ថានភាពដែលយើងដំឡើងប្រាក់បៀវត្សបានតិចតួច យកបានតិចប្រសើរជាងយកអត់បាន។ នៅតែបន្តអំពាវនាវ ព្រោះកាលពីមុនកម្មករឡើង១០ដុល្លារ ម្ចាស់ផ្ទះឡើង១៥ដុល្លារ ចឹងធ្វើម៉េចឡើងទាន់ថ្ងៃឈ្នួល?។»

សម្តេចបានកត់សម្គាល់ថា ចាប់តាំងពីសម្តេចបានអំពាវនាវ​មក ម្ចាស់ផ្ទះជួល​មួយចំនួនមានការយោគយល់មិនដំឡើងថ្លៃជួលដល់កម្មករនោះទេ ដែលផ្តល់ឱកាសឱ្យកម្មករកម្មការិនីនៅសល់ប្រាក់សមរម្យ ខណៈថ្លៃទឹក ថ្លៃភ្លើង ក៏ត្រូវរាជរដ្ឋាភិបាលបានអនុវត្តល្អប្រសើរផងដែរ។ ​

សូមជម្រាបផងដែរថា សម្រាប់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ក្នុងវិស័យវាយណភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ក្នុងឆ្នាំ២០២៣នេះ ត្រូវបានដំឡើងដល់ចំនួន២០០ដុល្លារក្នុងមួយខែ៕