ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៨កម្ពុជា ឆ្លងកាត់ការបោះឆ្នោត សកលជ្រើសតាំងតំណាងរាស្ត្រ ចំនួន៦ដង ។ ឆ្លងកាត់ដំណើរការបោះឆ្នោតច្រើនលើក ទាំងគ.ជ.ប ទាំងគណបក្សនយោបាយ និងទាំងប្រជាពលរដ្ឋ កាន់តែមាន ពិសោធន៏ ក្នុងការចូលរួមក្នុងដំណើរការបោះឆ្នោត ។ តាមការវាយតម្លៃរបស់អ្នកសង្កេតការណ៏ជាតិ អន្តរជាតិច្រើនពាន់ ម៉ឺននាក់ ការបោះឆ្នោតបាន ដំណើរការមានលក្ខណៈល្អប្រសើរជាងការបោះឆ្នោតលើកមុនៗជាបន្តបន្ទាប់ ប្រកបដោយសន្តិភាព សេរី ត្រឹមត្រូវ និងយុត្តិធ៌ម អាចទទួលយកបាន ។
ឯកឧត្តម បានបន្តថា ក៏ប៉ុន្តែ ទោះជាយ៉ាងណា ក៏ បក្សប្រឆាំង និង អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន នៅតែបានវាយតម្លៃអវិជ្ជមានជារៀងរហូត ។ ប៉ុន្តែ ការវាយតម្លៃនេះមានលក្ខណៈផ្ទុយពីការពិតជាក់ស្តែង ដោយចេះតែនិយាយថាបរិយាកាសបោះឆ្នោត មានការគម្រាមកំហែង មិនស្មេីភាព មានការគាបសង្កត់ មានការរិតត្បិតបក្សប្រឆាំង រំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ។ល។
ដូច្នេះ បើសិនជាយល់ឃើញថា បរិយាកាសបោះឆ្នោតមិនល្អ មានការគម្រាមកំហែង គាបសង្កត់ បំភិតបំភ័យ នោះ មិនបាច់ចូលរួមប្រកួតប្រជែងក៏បាន ទុកឱកាសឲ្យគណបក្សផ្សេងច្រើនទៀតប្រកួតប្រជែងទៅ ក៏មិនមានបញ្ហាអ្វីដែរ ។
ឯកឧត្តម បានព្រមានថា ការសន្និដ្ឋានបែបអវិជ្ជមាន មុនពេលបោះឆ្នោត គឺជាការស្មានៗ ការស្រមើស្រមៃ ហើយអាចជាការត្រៀមទុកជាមុនថាបក្សខ្លួននឹងចាញ់ឆ្នោត អញនឹងឡាំប៉ាជាបណ្តើរៗឲ្យហើយទៅ គ្រាន់មានមុខមានមាត់ខ្លះ តែប៉ុណ្ណោះ ។