ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទានដល់ព្រះសង្ឃចំនួន៧វត្ត ក្នុងខេត្តព្រះវិហារ


ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រគេនទៀនព្រះវស្សា គ្រឿងបរិក្ខា និងបច្ច័យ ដល់ព្រះសង្ឃចំនួន៧វត្ត ក្នុងខេត្តព្រះវិហារ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ និងពុទ្ធបរិស័ទជិត ឆ្ងាយ ជាច្រើនរូបទៀត ដែលពិធីនេះបានរៀបចំធ្វើឡើងនៅវត្តប្រាសាទគោងបេង ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ពីការរីកចម្រើនរបស់ប្រទេសទេសជាតិ ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារ ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនកើនឡើងរហូតជាង៨០% បើប្រធៀបនឹងអាណត្តិកន្លងទៅចំនួនអ្នកបោះឆ្នោតនៅក្នុងខេត្តព្រះវិហារ មានចំនួនជាង៥០%ប៉ុណ្ណោះ។ ឯកឧត្តមបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា បង្ហាញថាប្រជាពលរដ្ឋលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជា រហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបាន១២០អសនៈ លើ១២៥អសនៈ នៅក្នុងសភា។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងការប្រគេនព្រះសង្ឃ និងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រនាយករដ្ឋថ្មីអាណត្តិទី៧នៃរដ្ឋសភា គឺឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យតទៅទៀត។

សូមបញ្ជាក់ថា វត្តចំនួន៧ ដែលទទួលបានទៀនព្រះវិហារ គ្រឿងបរិក្ខា និងបច្ច័យ ពីទេសរដ្ឋមន្ត្រី មាស សុភា នាពេលនេះរួមមាន៖ វត្តប្រាសាទគោកបេង វត្តព្រះពុទ្ធមានជ័យ វត្តវិមុត្តិសែនជ័យ វត្តពោធិកែវមានជ័យ វត្តពោធិសិលារាម វត្តព្រះលាន និងវត្តពើងព្រះគោ ដោយក្នុងវត្តនីមួយៗទទួលបាន៖ ទៀន១គូរ អង្ករ៤បេ មី៥កេស ទឹកបរិសុទ្ធ៣កេស ទឹកក្រូច២កេស ត្រីខកំប៉ុង៥យួរ ទឹកសុីអុីវ១កេស និងបច្ច័យចំនួន ៥០មុឺនរៀល ព្រមទាំងប្រគេនបច្ច័យកសាងវត្តប្រាសាទគោកបេងចំនួន២.៥លានរៀល សុីម៉ង់តិ៍ចំនួន២តោន ចែកជូន យាយជី តាជី ក្នុងម្នាក់ៗថវិកា ២មុឺនរៀលផងដែរ៕