រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ផ្ដល់អនុសាសន៍មួយចំនួនដល់មន្ត្រីក្រោមឱវាទនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក និងនាយកដ្ឋានបណ្ដុះបណ្ដាលនិងស្រាវជ្រាវ


(ភ្នំពេញ)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក និងនាយកដ្ឋានបណ្ដុះបណ្ដាលនិងស្រាវជ្រាវ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

នាឱកាសនោះ លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងលោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ បានរាយការណ៍អំពីវឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងទិសដៅការងាររបស់នាយកដ្ឋានទាំងពីរ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ លើការងាររដ្ឋបាល បុគ្គលិក និងការងារអភិវឌ្ឍន៍ធនធានមនុស្ស ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្ដីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនាយកដ្ឋានទាំងពីរ ដែលបំពេញភារកិច្ចរបស់ខ្លួនក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ ការពង្រឹងសមត្ថភាពមន្រ្ដីរាជការ និងការងារបណ្ដុះបណ្ដាលជំនាញមូលដ្ឋានចាំបាច់សម្រាប់ប្រជាពលរដ្ឋនៅតាមជនបទ។

ឯកឧត្តមរដ្ឋមន្រ្ដីបានផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ដ្រីរាជការដែលមានវត្តមានក្នុងអង្គពិធី ដើម្បីលើកឡើងនូវមតិយោបល់ ក៏ដូចជាសំណូមពរ ដូចជា ១-នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក គួររៀបចំធ្វើកាតសម្គាល់ខ្លួនមន្ដ្រីរាជការសម្រាប់ប្រើប្រាស់ក្នុងពេលចូលបំពេញការងារ។

២-នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ គួររៀបចំទាំងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងការផ្ដល់សេវាកម្មលើការថែទាំ និងជួសជុលផ្សេងៗ។

៣-ការរៀបចំការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ព្រមទាំងការផ្ដល់គ្រឿងឥស្សរិយយសជូនមន្រ្ដីរាជការ ត្រូវធ្វើឡើងដោយតម្លាភាព ដើម្បីជាប្រយោជន៍មន្ត្រីរួម។

៤-រៀបចំការងារបណ្ដុះបណ្ដាលដែលមានពាក់ព័ន្ធនឹងនាយកដ្ឋានជំនាញផ្សេងៗ ហើយរៀបចំឱ្យមានភូមិគំរូ ដោយជ្រើសរើសយកភូមិដែលមានសក្ដានុពល និងអំណោយផលលើផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិផលផ្សេងៗ។

ជាការឆ្លើយតបទៅនឹងការលើកឡើងនូវបញ្ហា និងសំណូមពរនានារបស់ថ្នាក់ដឹកនាំ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានយល់ស្របជាមួយអ្វីដែលជាការលើកឡើងរបស់ថ្នាក់ដឹកនាំទទួលបន្ទុក ព្រមទាំងបានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីរាជការក្រោមឱវាទនាយកដ្ឋានទាំងពីរ៖

១. នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ត្រូវពង្រឹង និងជំរុញការងាររំហូរឯកសារឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ជាពិសេសកំណត់ហេតុអង្គប្រជុំ ត្រូវរៀបចំឱ្យបានចប់យ៉ាងយូររយៈពេល១ថ្ងៃ ក្រោយពេលប្រជុំ។

២. កំណត់បង្ហាញរឿង ត្រូវរៀបចំដោយឆ្លងយោបល់ថ្នាក់ដឹកនាំទទួលបន្ទុកគ្រប់រូប ហើយមានរយៈពេល១ថ្ងៃ សម្រាប់ថ្នាក់ដឹកនាំ១រូប។

៣. នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ត្រូវរៀបចំឱ្យមានទម្រង់ឯកភាពរួមមួយនៃកំណត់ហេតុអង្គប្រជុំ និងរបាយការណ៍ឱ្យបានច្បាស់លាស់ ដើម្បីឱ្យអង្គភាពក្រោមឱវាទក្រសួងងាយអនុវត្តបូកសរុប។

៤. នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ត្រូវរៀបចំការងារបណ្ដុះបណ្ដាលឱ្យមានលក្ខណៈជាកញ្ចប់ ដោយគិតចាប់ពីការបណ្ដុះបណ្ដាលជំនាញមូលដ្ឋានបង្កើតមុខរបរ ការតម្រង់ទិសបង្កើតមុខរបរ ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃនៃអ្នកទទួលផលដែលបានបណ្តុះបណ្ដាលរួច ដើម្បីប្រាកដថាការបណ្តុះបណ្តាលបានជួយដល់ការចូលរួមកាតបន្ថយភាពក្រីក្រ។

៥. ពង្រឹងការងារផ្សព្វផ្សាយ ទាំងការបោះពុម្ព ការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន តាមប្រព័ន្ធឌីជីថល និងការផលិតជាវីដេអូផ្សព្វផ្សាយ។

៦. ត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីបណ្ដុះបណ្ដាលសម្រាប់ការអភិវឌ្ឍមន្ដ្រីរាជការ និងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋានថ្មីៗជូនប្រជាពលរដ្ឋ ជាពិសេសការបណ្ដុះបណ្ដាលជំនាញចល័ត។

៧. ត្រូវរៀបចំផ្ដល់គ្រឿងឥស្សរិយយស និងបំពាក់ជូនក្នុងពិធីសន្និបាតបូលសរុបការងារប្រចាំឆ្នាំរបស់ក្រសួង ជូនមន្ដ្រីរាជការដែលត្រូវចូលនិវត្តន៍។

៨. ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានទាំងពីរត្រូវគោរពវិន័យ របៀបរបបធ្វើការ កំណត់របបប្រជុំតាមដាន និងត្រួតពិនិត្យជាប្រចាំខែ ត្រីមាស ឆមាសឱ្យបានទៀងទាត់ និងត្រូវរាយការណ៍ និងសុំយោបល់ឱ្យបានទាន់ពេលវេលា។

៩. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការមានជំងឺ មន្រ្ដីរាជការមានពិការភាព ជាពិសេសមន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះពេលវេលាបំពេញការងារ។

១០. នាយកដ្ឋានទាំងពីរត្រូវត្រៀមរបាយការណ៍សមិទ្ធផលរបស់នាយកដ្ឋាន សម្រាប់រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំបន្ត ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣៕