ខេត្តព្រះវិហារ បើកយុទ្ធនាការកំណត់អត្តសញ្ញាណកម្ម ផ្តល់បណ្ណសមធម៌ ជូនបុគ្គល ឬគ្រួសារ មានសមាជិកបម្រើការក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍


ឯកឧត្តម សុខ សាន្តតារ៉ាអភិបាលរងខេត្តខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពី លោកអភិបាលក្រុងព្រះវិហារ លោកចៅសង្កាត់ មន្ទីរ អង្គភាព ពាក់ព័ន្ធ លោក លោកស្រី ជាអនុប្រធានមន្ទីរ ការិយាល័យ មន្រ្តីរាជការ ស.ស.យ.ក នៃមន្ទីរផែនការ និងបុគ្គលបម្រើសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព មកពីសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ជាច្រើនរូបទៀត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត ព្រះវិហារបានថ្លែងឲ្យដឹងថា ពិធីបើកយុទ្ធនាការនាពេលនេះ គឺក្នុងគោលបំណងផ្តល់ឱកាសជូនដល់បុគ្គលបម្រើការក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព ទទួលបាននូវការគាំពារផ្នែកថែទាំសុខភាពដោយឥតបង់ថ្លៃ តាមមូលដ្ឋានសុខាភិបាលសាធារណៈ និងអត្ថប្រយោជន៍ពីការគាំពារសង្គមផ្សេងៗទៀតពីរាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»

លោកស្រីបន្តថាក្រុមគោលដៅ ដែលបម្រើសេវា កម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព មកពីសង្កាត់ទាំងពីរក្នុងក្រុងព្រះវិហារនាពេលនេះ គឺមានចំនួន ២១គ្រួសារ និងផ្តល់បណ្ណសមធម៌ជូនពួកគាត់បានទាំង២១គ្រួសារ។

ដោយឡែក ឯកឧត្តម សុខ សាន្តតារ៉ា បានថ្លែងថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឲ្យកាន់តែមានការរីកចម្រើន រាជរដ្ឋាភិបាលបានអនុម័តក្របខ័ណ្ឌ បណ្តាគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ បានផ្តោតលើសសរស្តម្ភចំនួន២គឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដែលមានគោលបំណង ដើម្បីធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាពិសេសកន្លងទៅគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដោយគ្រោះទឹកជំនន់ និងគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា បានទទួលការបើកផ្តល់សាច់ប្រាក់ នៃគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងបន្តថារាជរដ្ឋាភិបាល ក៏បានអនុវត្តកម្មវិធីប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ចំពោះក្រុមគោលដៅនៃជនងាយរងគ្រោះ ដូចជាអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍  ជនមានពិការភាព អតីតយុទ្ធជន និងក្រុមគោលដៅ នៃជនងាយរងគ្រោះផ្សេងៗទៀត ដើម្បីឲ្យពួកគាត់ បានទទួលសេវាសុខាភិបាល ក្នុងការពិនិត្យសុខភាព ការព្យាបាលជំងឺ ដោយពុំមានបង់ថ្លៃសេវា នៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈរបស់រដ្ឋ និងមូលដ្ឋានសុខាភិបាលឯកជន ដែលមានចុះកិច្ចសន្យាជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)៕