ឯកឧត្តម នេត្រ ភក្ត្រា៖ «កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន»


ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា «កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយ គុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព»

នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកបានទទួលជួបជាមួយ អ្នកឧកញ៉ា សុខ ចំរើន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ PPCTV និងសហការី ដែលបានអញ្ជើញមកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «ខ្លឹមសារគឺជាកត្តាសំខាន់សម្រាប់ស្ថាប័នព័ត៌មាននីមួយៗ ក្នុងការទាក់ទាញអតិថិជនអ្នកអាន និងអ្នកទស្សនារបស់ខ្លួន។ កាលពីអតីតកាល ប្រព័ន្ធផ្សព្វផ្សាយបុរាណបានដើរតួនាទី សំខាន់ក្នុងការបញ្ជ្រាបព័ត៌មានជូនសាធារណជន ហើយប្រព័ន្ធផ្សព្វផ្សាយជាអ្នកកំណត់ខ្លឹមសារដល់អ្នកទស្សនា និងអ្នកស្តាប់របស់ខ្លួន ប៉ុន្តែក្នុងពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ និងពលរដ្ឋមានសេរីភាព ពេញលេញក្នុងការបង្កើតខ្លឹមសារ និងស្វែងរកខ្លឹមសារសម្រាប់ខ្លួនឯង​ នោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវយកចិត្តទុកដាក់លើខ្លឹមសារដែលឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ»

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើអគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ ចូលរួមផលិតកម្មវិធីព័ត៌មាន និងកម្មវិធីកម្សាន្តផ្សេងៗ ដែលបម្រើផលប្រយោជន៍នៃការយល់ដឹង និងកម្សាន្តប្រកបដោយក្រមសីលធម៌ ជូនដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ ពីការពង្រឹងលើសមត្ថភាពរបស់អ្នកសារព័ត៌មាន តាមរយៈការបើកវគ្គបណ្តុះបណ្តាលវិក្រឹត្យការបំប៉នសមត្ថភាពបន្ថែម ដល់អ្នកសារព័ត៌មានដើម្បីមានមូលដ្ឋានរឹងមាំ ក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព។

អ្នកឧកញ៉ា សុខ ចំរើន អគ្គនាយកក្រុម ហ៊ុនខ្សែកាបរាជាធានីភ្នំពេញ (PPCTV) បានបញ្ជាក់ ពីជំហរក្នុងការបន្តត្រៀមធ្វើកិច្ចសហប្រតិបត្តិការ និងបន្តគាំទ្រដល់ដល់សកម្មភាពការងាររបស់ក្រសួងព័ត៌មាន ដែលបានធ្វើកន្លងមក និងបន្តទៅមុខទៀត ពិសេសកិច្ចសហការជាមួយ ទូរទស្សន័ជាតិកម្ពុជា ដើម្បីធ្វើយ៉ាងអោយដំណើរការផ្សាយរបស់ ទូរទស្សន៍ ទទក ក្នុងប្រពន្ធ័ទូរទស្សន៍ខ្សែកាប PPCTV មានគុណភាពរូបភាព និងសំលេងច្បាស់ល្អ ដោយមិនមានការរំខានផ្នែកបច្ចេកទេសច្រើនទៀតនោះទេ។

អ្នកឧកញ៉ា សុខ ចំរើន បានជម្រាបជូនពីដំណើរការបង្កើតឡើងក្នុងទសវត្សរ៍ទី៩០ ជាងមកម្ល៉េះ ហើយកាលនោះមានការគាំទ្រច្រើនពីប្រជាជន ក្នុងការប្រើប្រាស់ទស្សនាបណ្តាញទូរទស្សន៍ខ្សែកាប PPCTV តែមកដល់សម័យ បច្ចុប្បន្នដែលមានការរីកចំរើនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបណ្តាញផ្សព្វផ្សាយសង្គមច្រើន ទូរសព្ទ័ទំនើបៗអាចបើកមើលទូរទស្សន៍បានគ្រប់ពេលវេលាហើយនេះ បានធ្វើឲ្យការប្រើប្រាស់ និងភ្ជាប់បណ្តាញទូរទស្សន៍ខ្សែកាប PPCTV មានការធ្លាក់ចុះ ៥០ % តែទោះបីជាយ៉ាងណាក្រុមហ៊ុននៅតែព្យុះពារការលំបាក នៅតែធ្វើកិច្ចការងារផ្សព្វផ្សាយផ្នែកទូរទស្សន៍នេះទៅមុខទៀត តាមរយៈការផ្លាស់ប្តូរប្រពន្ធ័ផ្សាយថ្មីទំនើប ដើម្បីរត់អោយទាន់ការវិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ។

ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ (ភីភីស៊ីធីវី) ខូអិលធីឌី ដែលដំណើរការទូរទស្សន៍ CTV8 គឺជាប៉ុស្តិ៍ទូរទស្សន៍សម្រាប់ទស្សនាដោយឥតគិតថ្លៃ។ ក្រៅពីម្ចាស់ក្រុមហ៊ុន ភីភីស៊ីធីវី អ្នកឧកញ៉ាក៏ជានាយកប្រតិបត្តិ និងជានាយកនៃក្រុមហ៊ុនទូរទស្សន៍ខ្សែកាបអង្គរ អិលធីឌី (AKCTV) ដែលផ្តល់សេវាទូរទស្សន៍ខ្សែកាបនៅខេត្តសៀមរាប និងខេត្តកំពង់ធំ និងទូរទស្សន៍ខ្សែកាប CKCTV នៅក្រុងព្រះសីហនុ។

នៅក្នុងឱកាសនេះដែរ អ្នកឧកញ៉ា សុខ ចំរើន រួមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុនខ្សែកាបរាជាធានីភ្នំពេញ (PPCTV) បានគោរពជូនពរចំពោះលោក នេត្រ ភក្ត្រា ដែលទើបឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានសំដែងនូវអំណរគុណចំពោះ ក្រុមហ៊ុនខ្សែកាបរាជាធានីភ្នំពេញ (PPCTV) ដែលកន្លងមក បានធ្វើកិច្ចសហការល្អជាមួយស្ថាប័នក្រសួងព័ត៌មាន ហើយជាជំហ៊ានទៅមុខទៀត ឯកឧត្តមសំណូមពរឲ្យខាង ខ្សែកាបរាជធានីភ្នំពេញ ពិនិត្យលទ្ធភាព និងផ្នែកបច្ចេកទេស សហការជាមួយអ្នកជំនាញបច្ចេកទេស ទូរទស្សន៍ជាតិកម្ពុជា ដើម្បីរៀបចំប្រពន្ធ័ថ្មីទំនើប សម្រាប់តភ្ជាប់ជាមួយប្រពន្ធ័ផ្សាយ ទូរទស្សន៍ជាតិ ឲ្យមានសំលេងច្បាស់ល្អ រូបភាពគុណភាពខ្ពស់ ពិសេសនៅពេលមានព្រឹត្តការណ៍ជាតិធំៗ និងកម្មវិធីផ្លូវការដែលត្រូវផ្សាយផ្ទាល់ពីសន្ទរថា និងប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ជាការឆ្លើយតប អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុនខ្សែកាបរាជធានីភ្នំពេញ នឹងធ្វើកិច្ចសហការជាមួយ អ្នកបច្ចេកទេសទូរទស្សន៍ជាតិ ដើម្បីធ្វើយ៉ាងណាឲ្យការផ្សាយចេញតាមបណ្តាញទូរទស្សន៍ខ្សែបកាប មានសំលេង និងរូបភាពច្បាស់ល្អ ហើយក៏នឹងរៀបចំឲ្យជាម្តុំទូរទស្សន៍រដ្ឋ និងឯកជន មាននៅជាប់ៗគ្នា ដើម្បីភាពងាយស្រួលអ្នកទស្សនាបើករកប៉ុស្តីខ្មែរដែលចង់មើល។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីការងារអាទិភាពដែលនឹងត្រូវធ្វើក្នុងនាមជា រដ្ឋមន្រ្ដី ក្រសួងព័ត៌មានបន្តទៅមុខ គឺផ្ដោតជាសំខាន់ក្នុងធ្វើការទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលា ពិត មានគុណភាព។

ទន្ទឹមនឹងនេះ ក៏គ្រោងរៀបចំការបង្កើតជាវិទ្យាស្ថានជាតិ សារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដើម្បីដើរឲ្យទាន់ឧស្សាហ៍កម្មសោតទស្សន៍ ដែលមានជាច្រើនផ្នែក មិនមែនតែការសរសេរ ព័ត៌មាន ប៉ុណ្ណោះនោះទេ ដែលអ្នកសារព័ត៌មាន ត្រូវរៀនសូត្រ ពង្រឹងសមត្ថភាពរបស់ឲ្យបានរឹងមាំ៕