ឯកឧត្តម សុខ ឥសាន បង្ហាញផលវិបាក នៃប្រវត្តិសាស្ត្រ ពាក់ព័ន្ធ នឹងបញ្ហាព្រំដែនកម្ពុជា និងប្រទេសជិតខាង


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងអំពីផលវិបាក នៃប្រវត្តិសាស្ត្រ ដែលជាប់ពាក់ព័ន្ធ នឹងបញ្ហាព្រំដែនរវាង ប្រទេសកម្ពុជា និងប្រទេសជិតខាង ចំពោះការវាស់ កំណត់ខ័ណ្ឌសីមា។

តាមរយៈសារអេឡិចត្រូនិច Telegram នៅរសៀលថ្ងៃទី២០ ខែសីហា នេះ ឯកឧត្តម សុខ ឥសាន បានបញ្ជាក់អំពីផលវិបាកនៃបញ្ហាព្រំដែនថានៅពេលអាណានិគមបារាំងត្រួតត្រាប្រទេសទាំង៣ និងដែនដីកូសាំងស៊ីននៅឥណ្ឌូចិន បារាំងបានគូសផែនទី និងខ្សែព្រំដែនតាមរយៈ ក្រុមភូមិសាស្ត្រឥណ្ឌូចិន ដែលប្រជាជន នៃបណ្តាប្រទេសទាំងនេះមិនបានដឹងថា ខ្សែព្រំដែននៅត្រង់ណាទេ ហើយចៅហ្វាយបារាំង ក៏មិនបានហាមឃាត់ប្រជាជន មិនឲ្យកាប់រានដីកាន់កាប់ តាមបណ្តោយព្រំដែនដែរ ។ ប៉ុន្តែ ក្រោយពេលដែលប្រទេសទាំង៣ បានឯករាជ្យមក ប្រទេសទាំង៣ ត្រូវតែមានខ្សែព្រំដែនច្បាស់លាស់”

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្ថែមថាចំពោះការវាស់កំណត់ខ័ណ្ឌសីមាព្រំដែនកម្ពុជា ជាមួយវៀតណាម និងឡាវ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលការណ៍ទី១-ប្រេីផែនទីបោនខ្នាត ១/ ១០០០០០  និងឯកសារបន្សល់ទុកដោយ អាណានិគមនិយមបារាំង។ ទី២-ប្រើប្រាស់ច្បាប់អន្តរជាតិ។ ទី៣- ការកាន់កាប់ជាក់ស្តែងច្រើនជំនាន់ របស់ប្រជាជននៅតាមខ្សែព្រំដែន ។ និងទី៤-ពិភាក្សាដោយសន្តិវិធី ដោយស្មារតីយោគយល់គ្នាជាមិត្តភាព សាមគ្គីនិងសហប្រតិបត្តិការ”

បើតាមឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្ថែមថា នៅពេលប្រើប្រាស់ម៉ាស៊ីន GPS លើផែនទីដែលបានកំណត់ ខ្សែបន្ទាត់ព្រំដែន រត់តាមតម្រុយផែនទីគូសដោយបារាំង មិនបានរត់បត់បែនតាមការ តាំងលំនៅដ្ឋានរបស់ប្រជាជនទេ ដែលជាហេតុនាំឲ្យមានការចេញ ចូលទៅវិញទៅមក នៅចំណុចមួយចំនួន ដោយជៀសមិនរួច ។ ជាមួយប្រទេសថៃ រាជរដ្ឋាភិបាលបានយកតាម សន្ធិសញ្ញា និងអនុសញ្ញាបារាំង- សៀម ឆ្នាំ ១៩០៤ -១៩០៧ ធ្វើជាមូលដ្ឋានបោះបង្គោលព្រំដែនកម្ពុជា-ថៃ៕