អភិបាលខេត្តកំពត៖ វិស័យអប់រំ និងវិស័យសុខាភិបាល មានតួនាទីសំខាន់ក្នុងការជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានជាចាំបាច់


ឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន បានលើកឡើងថា ក្នុងចំណោមវិស័យទាំងអស់នៅក្នុងខេត្ត គឺមានវិស័យចំនួនពីរដែលដើរតួនាទីសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺវិស័យអប់រំ និងវីស័យសុខាភិបាល, វិស័យអប់រំមានតួនាទីក្នុងការផ្តល់នូវចំណេះដឹងជូនដល់កូនចៅពលរដ្ឋ និងវិស័យសុខាភិបាល មានតួនាទីក្នុងការជួយសង្គ្រោះអាយុជីវិតពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន។

ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអភិបាលខេត្តចូលរួមជាអធិបតីភាពជាមួយឯកឧត្តម ញូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការតាមមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក នៃខេត្តកំពត នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តកំពត។

ឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន បានលើកឡើងថា វិស័យអប់រំ និងវិស័យសុខាភិបាល គឺមានតួនាទីសំខាន់ក្នុងការផ្តល់នូវចំណេះដឹង ក៏ដូចជាសុខមាលភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលតម្រូវឱ្យអ្នកមានតួនាទី និងការងារក្នុងវិស័យនេះត្រូវមានការយកចិត្តទុកដាក់។ ចំពោះវិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដែលមានតួនាទីក្នុងការផ្តល់នូវចំណេះដឹង អប់រំកូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានដឹងនូវប្រវត្តិសាស្ត្រ អក្សរសាស្ត្រ សុជីវធម៌ គុណធម៌ ក៏ដូចជាការបណ្តុះនូវផ្នត់គំនិតកត្តញ្ញូ ឱ្យកូនចៅជំនាន់ក្រោយស្គាល់ពីអ្នកដែលបានរំដោះទឹកដី ផ្តល់មកនូវសុខសន្តិភាព ការអភិវឌ្ឍ និងចេះតបស្នងសងគុណដល់អ្នកដែលមានគុណផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត ចុះពិនិត្យនៅតាមបណ្តាសាលារៀនទាំងអស់ក្នុងខេត្តចំពោះការលក់ដូរនំចំណី ដែលមានការហាមឃាត់តាមការណែនាំរបស់ក្រសួងអប់រំ ធ្វើយ៉ាងណាជៀសវាងកុំឱ្យមានលក់ ព្រោះនំចំណីទាំងនោះធ្វើឱ្យប៉ះពាល់ដល់សុខភាពកុមារ។

ចំពោះវិស័យសុខាភិបាលវិញ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋត្រូវគិតពីអាយុជីវិតពលរដ្ឋជាធំ ធ្វើយ៉ាងណាជួយសង្គ្រោះពួកគាត់ឱ្យបានទាន់ពេលវេលា មិនត្រូវគិតអំពីផលប្រយោជន៍ ឬលុយកាក់ជាធំនោះទេ ព្រោះយើងជាអ្នកមានតួនាទីក្នុងការជួយពួកគាត់។

ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យគ្រូពេទ្យទាំងអស់ក្នុងខេត្តត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈក្នុងការផ្តល់សេវាសុខាភិបាលជូនពលរដ្ឋឱ្យបានល្អប្រសើ ជៀសវាងការប្រើប្រាស់ពាក្យសំដីមិនសមរម្យណាមួយទៅកាន់ពួកគាត់ ព្រោះយើងជាខ្មែរដូចគ្នា យើងត្រូវចេះស្រឡាញ់គ្នា។

ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើទៅកាន់មន្ត្រីរាជការដែលចូលកាន់មុខតំណែងថ្មីទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារតាមតួនាទី ភារកិច្ចដែលបានផ្តល់ជូនតាមរយៈការវាយតម្លៃពីមន្ទីរ អង្គភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់ ហើយការផ្តល់ជូននូវឋានៈ និងតួនាទីនាពេលនេះ គឺជាការបន្ថែមនូវការងារ ក៏ដូចជាទំនួលខុសត្រូវបន្ថែមពីលើស្នាដៃដែលយើងបានធ្វើកន្លងមក ដែលតម្រូវឱ្យយើងត្រូវមានការខិតខំប្រឹងប្រែងបន្តទៅមុខទៀតក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យមានការរីកចម្រើនបន្តទៅមុខទៀត។

សូមបញ្ជាក់ថា ការប្រកាសចូលកាន់មុខតំណែងថ្មី និងប្រកាសតែងតាំង ផ្ទេរភារកិច្ចរបស់មន្ត្រីរាជការស៊ីវិលនៅតាមបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុក នាពេលនេះ មានមន្ទីរអង្គភាពចំនួន៧ និងក្រុង-ស្រុកចំនួន៥ ដែលមានមន្ត្រីរាជការសរុបចំនួន៨៦នាក់ ក្នុងនោះស្រី២៣នាក់៕