ឯកឧត្តម គួច ចំរើន ចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា និងស្ដ្រីមេម៉ាយ ជិត៤០០គ្រួសារ


ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងលោកស្រី បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា និងស្ដ្រីមេម៉ាយ ចំនួន ៣៩១គ្រួសារ មកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកញា ឆ្នាំ២០២៣ ។

សកម្មភាពនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួពីសមាជិកសមាជិការគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម រួមទាំងភ្ញៀវកិត្តិយស និងសប្បុរសជន។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយថ្ងៃនេះសាខាបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សម្តេចកិត្តិបណ្ឌិត ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ ចំនួន ៣៩១គ្រួសារផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ចាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ ចេញនូវកម្មវិធីជាតិ គោលនយោបាយគាំពារសង្គម និងថែទាំសុខមាលភាព មានដូចជា៖ ១. ដឹងអំពីសុខភាព ២. មានមូលដ្ឋានគ្រប់គ្រាន់ ៣. ពួកគាត់ដែលមានបណ្ណសមធម៌សុខាភិបាល ទទួលបានអត្ថប្រយោជន៍ពិនិត្យ ព្យាបាលជូនបងប្អូន រដ្ឋជាអ្នកចេញលុយ សូមទៅពិនិត្យថែទាំសុខភាពឲ្យបានជាប្រចាំ។

ឯកឧត្តមថា បញ្ហាគ្រឿងញៀន កំពុងវាយលុកក្នុងសង្គមកម្ពុជារបស់យើង សមត្ថកិច្ចកំពុងធ្វើការបង្ការ បង្ក្រាបគ្រឿងញៀនជាបន្តបន្ទាប់ វិធាន ការចំពោះមុខ អប់រំ ផ្សព្វផ្សាយជាបញ្ហាចម្បង ហើយការធ្វើរដ្ឋបាលចំហរជាចំណុចសំខាន់មួយនៅតាមមូលដ្ឋាន ដែលមានការប្រមូលផ្តុំដោយអនុវត្តវិធានការច្បាប់ និងស្រាវជ្រាវរកប្រភពដើម នៃគ្រឿងញៀន កុំនាំគ្នាទៅប៉ះ ពាល់គ្រឿងញៀន ហើយលោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាបងប្អូនធ្វើដំណើរតាមម៉ូតូសូមពាក់មួកសុវត្ថិ បានត្រឹមត្រូវ។

ជាចុងក្រោយ ឯកឧត្តមប្រធានបានបន្តថា រដូវនេះជារដូវភ្លៀង មានជួបខ្យល់ និងភ្លៀងច្រើនរំខានដល់ការងាររកស៊ីទទួល ទានរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏ងាយនឹងកើតនូវជំងឺផ្សេងៗ ពិសេសជំងឺ គ្រុនឈាម ព្រោះជំងឺគ្រុនឈាមមិនថាកុមារ សូម្បីតែមនុស្សពេញវ័យ និងមនុស្សចាស់ក៏កើតជំងឺគ្រុនឈាមដូចគ្នា ដូច្នេះសូមបងប្អូនត្រូវយកចិត្តទុកដាក់អំពីសុខភាព និងអនាម័យឪ្យបានជាប់ជាប្រចាំ។

អំណោយចែកជូនប្រជាពលរដ្ឋចំនួន ៣៩១គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម៖ មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០,០០០រៀលផងដែរ៕