កម្ពុជាស្នើភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលមានបេសកកម្មប្រហាក់ប្រហែលរបស់ឥណ្ឌា


ភាគីកម្ពុជាស្នើផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលមានបេសកកម្មប្រហាក់ប្រហែលរបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអធិការកិច្ចរវាងភាគីទាំងពីរ។

គួរជម្រាបថា កម្ពុជា-ឥណ្ឌាមានទំនាក់ទំនងមិត្តភាពយូរលង់មកហើយ ពោលគឺមានរយៈពេលដល់ទៅជាង៧០ឆ្នាំមកហើយ និងមានកិច្ចសហប្រតិបត្តិការនៅលើវិស័យជាច្រើន មានជាអាទិ៍ វិស័យអប់រំ វប្បធម៌ ទេសចរណ៍ សន្ដិសុខ ការពារជាតិ និងសាសនា។ បំណងចង់បន្ថែមទំនាក់ទំនងលើវិស័យអធិការកិច្ចនេះ គឺជាកាលានុវត្តន៍មួយថ្មីក្នុងការបង្កើន ពង្រឹង ពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរ។

ការលើកសំណើនេះដែរធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជាមួយលោកស្រី ទេវ្យានី ឧត្តម ខូប្រាគតិ (DEVYANI UTTAM KHOBRAGADE) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអធិការកិច្ច។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានជម្រាបជូនអំពីបេសកកម្ម ផែនការការងារ និងរចនាសម្ពន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះពី «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» មកជា «ក្រសួងអធិការកិច្ច» ដើម្បីសម្រួចលើការងារអធិការកិច្ចឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយបន្តការកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ចល្អ និងកសាងសមត្ថភាពស្ថាប័ន សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំលោកស្រីឯកអគ្គរដ្ឋទូត «ជាស្ពានជួយផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលមានបេសកកម្មប្រហាក់ប្រហែលនៅប្រទេសឥណ្ឌា»។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបនឹងសំណើនេះ។

លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាបានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ដើម្បីសិក្សាដកស្រង់ និងផ្លាស់ប្ដូរបទពិសោធជាមួយនឹងស្ថាប័នដែលធ្វើការងារនៅក្នុងវិស័យអធិការកិច្ចនៅប្រទេសឥណ្ឌា។ លោករដ្ឋមន្រ្តីក៏បានទទួលយកសំណើនេះ និងរៀបចំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនាពេលវេលាសមស្រប។

ក្រសួងអធិការកិច្ចនឹងរៀបចំបញ្ជូនមន្រ្តីទៅសិក្សារៀនសូត្រ ដកស្រង់បទពិសោធល្អៗពីប្រទេសឥណ្ឌាពាក់ព័ន្ធនឹងវិស័យអធិការកិច្ច និងបច្ចេកវិទ្យាព័ត៌មាន ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពនៅក្នុងបរិបទសង្គមឌីជីថល។

លោករដ្ឋមន្រ្តី ហួត ហាក់ ក៏បានថ្លែងអំណរគុណភាគីឥណ្ឌាដែលបានផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី លើមុខជំនាញផ្សេងៗដល់មន្រ្តីចំនួន១៥ទៅ២០រូប សម្រាប់ឆ្នាំ២០២៣-២០២៤។

ភាគីទាំងពីរថែមទាំងបានបញ្ជាក់ពីឆន្ទៈដ៏មុតមាំក្នុងការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអធិការកិច្ចរវាងក្រសួងអធិការកិច្ច និងស្ថាប័នពាក់ព័ន្ធនៅប្រទេសឥណ្ឌា តាមរយៈការរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលខាងមុខ៕