ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រំលេចនូវសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេល ៣០ឆ្នាំនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ


ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឺម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ បានថ្លែងរំលេចនូវសមិទ្ធផលគួរឱ្យគត់សម្គាល់សំខាន់ៗ ដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបានក្នុងរយៈពេល ៣០ឆ្នាំមកនេះបន្ទាប់ពីប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ។

ការរំលេចនូវសមិទ្ធផលសំខាន់ៗនេះ ធ្វើឱ្យក្នុងពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឺម ឈុនលឹម បានលើកឡើងនូវសមិទ្ធផលសំខាន់ៗរួមមាន៖ ១- កម្ពុជារក្សាការពារ និងគោរពលើកតម្កើងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ, ២-លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ នយោបាយទំនើបនៃកម្ពុជា, ៣-កម្ពុជាឈានឡើងជាសង្គមនីតិរដ្ឋ ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់ និង ៤- កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ជារដ្ឋគោរពការពារបបកម្មសិទ្ធិឯកជន និងយុត្តិធម៌សង្គម។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានរៀបរាប់ពីសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់ថាដូចខាងក្រោម៖

១៖ កម្ពុជារក្សាការពារ និងគោរពលើកតម្កើងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ៖ កម្ពុជាប្រកាន់យករបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ ក្នុងឆ្នាំ១៩៩៣ និងជាលើកទី២ ក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន ស្របតាមឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ។ ក្នុងរយ:ពេល៣០ឆ្នាំមកនេះ របបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញកម្ពុជា បានវិវឌ្ឍពីដំណាក់កាលបង្កើតឡើងវិញ មកកាន់ដំណាក់កាលស្ថិរភាព កិត្យានុភាព និងនិរន្តរភាព ក្នុងទម្រង់ជារាជានិយមជឿនលឿន ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិ តាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របនឹងបរិបទនៃសង្គមខ្មែរ។

របបរាជានិយម បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ និងធ្វើឱ្យកាន់តែរីកចម្រើន សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរាប់ពាន់ឆ្នាំ របស់ព្រះរាជាណាចក្រកម្ពុជា។ អង្គព្រះមហាក្សត្រ និង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បានទទួលការគោរពលើកតម្កើងដ៏ខ្ពង់ខ្ពស់ ពីគ្រប់ស្ថាប័នជាតិ និងស្វាមីភក្តិ យ៉ាងជ្រាលជ្រៅបំផុត របស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស ដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ជាតិ ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។

២៖ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់នយោបាយ ទំនើបនៃកម្ពុជា៖ កម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ប្រតិបត្តិតាមរបបសភានិយម របបបែងចែកអំណាច របបបោះឆ្នោត របបពហុបក្ស របបសេរីភាព និងនីតិរដ្ឋ ដែលជាគោលការណ៍នៃសណ្ដាប់ធ្នាប់នយោបាយទំនើប។ ឆ្លងតាមការអនុវត្តជាក់ស្ដែង របបប្រជាធិបតេយ្យ សេរី ពហុបក្ស កម្ពុជាសម្រេចបានជំហានវឌ្ឍនភាពថ្មីៗ តាមរយៈការអនុវត្តនិយាមគោលការណ៍ធម្មនុញ្ញសំខាន់ៗមួយចំនួន មានជាអាទិ៍៖

* និយាមគោលការណ៍ទី១៖ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ប្រើតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។ អំណាចទាំងបីមានសមត្ថកិច្ចដាច់ពីគ្នា អំណាចនីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិមានគោលការណ៍រក្សាតុល្យភាព ទៅវិញទៅមក គឺរដ្ឋសភាផ្តល់សេចក្តីទុកចិត្ត បង្កើតរាជរដ្ឋាភិបាល រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែករណីរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុង ១២ខែ។

* និយាមគោលការណ៍ទី២៖ កម្ពុជាប្រតិបត្តិរបបបោះឆ្នោតពហុបក្ស ដោយរក្សាបាននូវភាពចម្រុះជាពហុបក្ស ជាលំហសេរីភាព នយោបាយ និងធានារក្សាបាននូវការចូលរួមការបោះឆ្នោត។

* និយាមគោលការណ៍ទី៣៖ នយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស បាននិងកំពុងចាក់ឫស ក្នុងវប្បធម៌នយោបាយកម្ពុជា និងកំពុងវិវត្តឈានឡើងជាជំហានៗ ដូចតទៅ៖

– ជំហានវឌ្ឍនភាពទី១៖ អំណាចថ្នាក់ជាតិ ត្រូវបានបែងចែកទៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ផ្អែកតាមគោលការណ៍ជាមូលដ្ឋាន នៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

– ជំហានវឌ្ឍនភាពទី២៖ របបប្រជាធិបតេយ្យសភា ផ្អែកលើស្មារតីសម្ព័ន្ធភាពនយោបាយទូលាយ ជានីតិវិធីកំណត់ការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា កូរ៉ុមសម័យប្រជុំរដ្ឋសភា និងការផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាលនីតិកាលថ្មី ក្នុងគោលបំណងបង្កើតវប្បធម៌សន្ទនា រវាងដៃគូនយោបាយ។ សម្ព័ន្ធភាពជាដៃគូល្អ និងវប្បធម៌សន្ទនាពុំជាប់លាប់ អាស្រ័យចរិតនយោបាយជ្រុលនិយម នាំឲ្យមានការជាប់គាំងដំណើរការរៀបចំរាជរដ្ឋាភិបាល និងអស្ថិរភាពសង្គម ក្រោយការបោះឆ្នោតនីតិកាលនីមួយៗ។

– ជំហានវឌ្ឍនភាពទី៣៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានកែទម្រង់ឱ្យមានកម្រិតជាស្ថាប័នធម្មនុញ្ញ។ ដើម្បីធានាជំនឿទុកចិត្តលើសមាសភាពចម្រុះនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត កំណត់ឱ្យគណបក្សមានអាសនៈក្នុងរដ្ឋសភា ជាអ្នករៀបចំផ្ទាល់នូវសមាសភាពនៃគណៈកម្មាធិការនេះ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

– ជំហានវឌ្ឍនភាពទី៤៖ នេះជាជំហានពង្រឹងសណ្តាប់ធ្នាប់ គណបក្សនយោបាយ តាមរយៈការកំណត់ដែនបន្ទាត់ក្រហម ទាក់ទងនឹងកាតព្វកិច្ចតម្រូវ ចំពោះគណបក្សនយោបាយនីមួយៗ ដែលត្រូវគោរពរដ្ឋធម្មនុញ្ញនិងច្បាប់។

– ជំហានវឌ្ឍនភាពទី៥៖ ជាការរៀបចំពង្រឹងស្មារតីស្នេហាជាតិ មាតុភូមិ តាមរយៈការកំណត់លក្ខណសម្បត្តិ ត្រូវមានសញ្ជាតិខ្មែរ ពីកំណើតតែមួយគត់ សម្រាប់មុខតំណែងមេដឹកនាំកំពូលនៃស្ថាប័នធម្មនុញ្ញរបស់ជាតិ។

– ជំហានវឌ្ឍនភាពទី៦៖ ជាការបំពេញចន្លោះខ្វះខាតនៃនីតិវិធីធម្មនុញ្ញ ដើម្បីធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាព។

៣៖ កម្ពុជាឈានឡើងជាសង្គមនីតិរដ្ឋ ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់

* គោលការណ៍ទី១៖ កម្ពុជាតម្កល់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ដែលគ្រប់ស្ថាប័នជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរព។ ជាសមិទ្ធផលធម្មនុញ្ញ គឺរាជរដ្ឋាភិបាលរក្សាការពារបាន ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី, អនុវត្តនយោបាយបង្រួបបង្រួមជាតិ និងឯកភាពជាតិដោយជោគជ័យ, រក្សាការពារបានល្អ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់ជាតិ, កាតព្វកិច្ចថែរក្សាការពារ ប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ, នីត្យានុកូលភាព សណ្តាប់ធ្នាប់និងសន្តិសុខសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឱ្យជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន ប្រែប្រួលកាន់តែល្អប្រសើរ។

* គោលការណ៍ទី២៖ អំណាចតុលាការ ជាអំណាចឯករាជ្យ មានសមត្ថកិច្ចជម្រះរឿងក្តីទាំងអស់ ដែលពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ រដ្ឋប្បវេណី រួមទាំងសំណុំរឿងរដ្ឋបាល។

* គោលការណ៍ទី៣៖ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នមានសមត្ថកិច្ចធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ ដែលជាគ្រឹះនៃការកសាងនីតិរដ្ឋ។ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចការងារសំខាន់ៗ ក្នុងការធានាការពារការគោរពរដ្ឋធម្មនុញ្ញ៖ ការថ្វាយមតិព្រះមហាក្សត្រ, ការបកស្រាយរដ្ឋធម្មនុញ្ញការបកស្រាយច្បាប់, ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និងការសម្រេចលើករណីវិវាទកម្មទាក់ទងនិងការបោះឆ្នោត។
កម្ពុជាក៏មានបញ្ហាប្រឈមខ្លះៗ ហើយក្នុងចំណោមមូលហេតុនៃបញ្ហាទំាងនេះ មានចំណុចមួយចំនួនគួរកត់សម្គាល់គឺ

– បញ្ហាទី១ លក្ខណៈជឿនលឿននៃរដ្ឋធម្មនុញ្ញ និងនិន្នាការសកលនៃច្បាប់ថ្មីៗរបស់កម្ពុជា ដែលរងឥទ្ធិពលនៃវប្បធម៌ចម្រុះ មានកម្រិតសកល និងលក្ខណៈបច្ចេកទេសខ្ពស់ ពិតជាទាមទារនូវពេលវេលា សម្រាប់ការបកស្រាយ ពន្យល់ជាបន្តបន្ទាប់ និងខ្ជាប់ខ្ជួន តាមរយៈការពង្រឹងពង្រីកយន្តការអប់រំបណ្តុះបណ្តាល (រួមទាំការបញ្ចូលក្នុងកម្មវិធីសិក្សា អំពីគោលការណ៌គ្រឹះទាំងឡាយនៃរដ្ឋធម្មនុញ្ញ) និងការផ្សព្វផ្សាយដល់គ្រប់ស្ថាប័នពាក់ព័ន្ធ រហូតដល់មហាជន។

– បញ្ហាទី២ កម្រិតយល់ដឹងទូទៅអំពីយុត្តិធម៌ ក្នុងក្របខ័ណ្ឌច្បាប់ អាចនៅមានការប្រឈមក្នុងការអនុវត្ត ដោយសារតែបរិវត្តកម្មនយោបាយ សេដ្ឋកិច្ចនិងច្បាប់ឈានឡើងលឿន ខណៈដែលការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត អំពីសិទ្ធិតាមផ្លូវច្បាប់ទាក់ទងនឹងការប្រើប្រាស់ អំណាចរបស់ខ្លួន តាមរយៈសាលាជម្រះក្តី ដែលអាចនាំឱ្យមានគម្លាតយុត្តិធម៌សង្គម ។

៤៖ កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារជារដ្ឋគោរពការពារបបកម្មសិទ្ធិឯកជន និងយុត្តិធម៌សង្គម

ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយទទួលស្គាល់ គោរព និងការពាររបបកម្មសិទ្ធិឯកជន។ រដ្ឋយកចិត្តទុកដាក់អនុវត្ត និងលើកស្ទួយក្របខ័ណ្ឌគោលនយោបាយឯកជនភាវូបនីយកម្ម បើកចំហពាណិជ្ជកម្ម ជំរុញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ដោយចូលរួមយ៉ាងសកម្មក្នុងសមាហរណកម្មសេដ្ឋកិច្ច តំបន់ និងសកលភាវូបនីយកម្ម ពិសេសតាមរយៈការចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក។

ផ្អែកលើគោលការណ៍គ្រឹះនៃសេដ្ឋកិច្ចទីផ្សារ និងស្មារតីនៃរដ្ឋធម្មនុញ្ញវិស័យឯកជន ត្រូវបានចាត់ទុកជាកម្លាំងចលករ ជាដៃគូអភិវឌ្ឍ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដោយរដ្ឋមានតួនាទីជានិយ័តករ។ ក្នុងតួនាទីនេះ រដ្ឋកសាងច្បាប់ និងគោលនយោបាយ ជំរុញការអភិវឌ្ឍ លើកកម្ពស់សហគ្រិនភាព ការប្រកួតប្រជែងស្មើភាព និងផ្ដល់ហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និងផ្នែកទន់ រួមជាមួយផ្នែកឯកជន។

ទន្ទឹមនេះ រដ្ឋយកចិត្តទុកដាក់ដល់ផល ប្រយោជន៍ប្រជាជនជាធំ ដោយលើកស្ទួយយុត្តិធម៌សង្គម ធានាសមធម៌ក្នុងការបែងចែកផលនៃកំណើនសេដ្ឋកិច្ច។ ជាក់ស្តែងគោលនយោបាយសង្គមកិច្ច តាមរយៈវិធានការការពារ និងគាំពារសង្គមយ៉ាងល្អិតល្អន់ ត្រូវបានរាជរដ្ឋាភិបាលអនុវត្តជាបន្តបន្ទាប់ ជាអាទិ៍ ការយកចិត្តទុកដាក់អំពីប្រាក់បៀវត្សរ៍មន្ត្រីរាជការសាធារណៈ ប្រាក់ឈ្នួលអប្បរមារបស់កម្មករ របបសោធននិវត្តន៍ ការថែទាំសុខភាព និងការផ្ដល់ជំនួយសង្គមដល់ក្រុមជនងាយរងគ្រោះ និងក្នុងពេលមានគ្រោះអាសន្ន ដូចជាករណីអនុវត្តវិធានការការពារ និងព្យាបាលប្រកបដោយ ជោគជ័យ ក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩ ជាដើម។

សូមជម្រាបថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្រ្ត ដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដែល ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើ។

សភាធម្មនុញ្ញបានតាក់តែងរក្សា ឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយបញ្ចូលទាំងស្រុង និងលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ការបន្សាំបន្ស៊ីគ្នានៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួល និងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយ និងបញ្ហាច្បាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានធ្វើវិសោធនកម្មចំនួន ១០លើក និងត្រូវបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួនមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម៕