ក្រសួងសុខាភិបាលថ្លែងអំណរគុណ UNICE ដែលបន្ដសហការគាំទ្រ ដើម្បីចូលរួមចំណែកក្នុងការសម្រេចបានការគ្របដណ្តប់សេវាសុខភាពជាសកល


ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់អង្គការ UNICEF ប្រចាំកម្ពុជា ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្ដល់ជូនទាំងបច្ចេកទេសនិងហិរញ្ញវត្ថុក៏ដូចជាការអភិវឌ្ឍនៅធនធានមនុស្ស នាពេលកន្លងមក។

កិច្ចជំនួបដែលបានធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្ដីការក្រសួង ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានបន្ថែមថា ក្នុងនាមក្រសួងសុខាភិបាល  សូមសម្ដែងការថ្លែងអំណរគុណដល់អង្គការ UNICEF ព្រមទាំងស្នើសុំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងឱកាសនោះ លោក Will Parks បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា អង្គការ UNICEF បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល សុខភាពមាតា ទារក និងកុមារ ការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ ដើម្បីចូលរួមចំណែកក្នុងការសម្រេចបានការគ្របដណ្តប់សេវាសុខភាពជាសកល។

ទន្ទឹមនឹងនោះប្រធានអង្គការ UNICEF ប្រចាំកម្ពុជាបានថ្លែងអបអរសាទរ និងជូនពរលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសដែលលោកសាស្ដ្រាចារ្យទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា នៅក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្រោមកិច្ចសហប្រតិបត្តិការល្អ និងជិតស្និតពីអង្គការ UNICEF ក្រសួងសុខាភិបាលបានអនុវត្តនូវផែនការយុទ្ធសាស្ត្រ ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យគួរជាទីមោទនៈ គាំទ្រក្រសួងសុខាភិបាល ដូចជា៖

* បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ និងអនុវត្តផែនការជាតិសម្រាប់ការចាក់វ៉ាក់សាំង ជំងឺកូវីដ-១៩ ដោយការធ្វើផែនការ ការត្រួតពិនិត្យ ការគ្រប់គ្រងហានិភ័យ និងការចូលរួមសហគមន៍ ការគ្រប់គ្រងខ្សែសង្វាក់ ផ្គត់ផ្គង់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធត្រជាក់ ដែលអនុញ្ញាតឱ្យកម្ពុជាធ្វើពិពិធកម្ម ផលប័ត្រវ៉ាក់សាំងរបស់ខ្លួន បន្ថែមទៀត ជាមួយនឹងអត្រាខ្ជះខ្ជាយ តិចជាង ១%។
* បានសម្របសម្រួលក្នុងយន្តការ COVAX Facility និងការបរិច្ចាគ វ៉ាក់សាំង ជំងឺកូវីដ-១៩ ដល់គោលដៅ៕