ឯកឧត្តម កែវ រតនៈ ប្រជុំពិនិត្យស្ថានភាពនៃការនាំចេញថ្មអារ នៅភូមិសាស្រ្តខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ


ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានកិច្ចប្រជុំពិភាក្សា ស្ដីពីស្ថានភាពនៃការនាំចេញថ្មអារនៅភូមិសាស្រ្តខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្ដីពីការកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តក្រចេះ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមពីក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តទាំងពីរ និងតំណាងក្រុមហ៊ុនថ្មម៉ាតទាំងអស់ ដើម្បីផ្សព្វផ្សាយពង្រឹងការអនុវត្តអនុក្រឹត្យខាងលើឱ្យកាន់តែមានប្រសិទ្ធភាព។

យោងតាមរបាយការណ៍របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ខេត្តនេះមានសក្តានុពលលើវិស័យធនធានធម្មជាតិរ៉ែថ្មអារនៅក្នុងភូមិសាស្ត្រស្រុកចំនួន៤ រួមមាន ស្រុកស្នួល ស្រុកអូរគ្រៀងសែនជ័យ ស្រុកសំបូរ និងស្រុកចិត្របុរី។

ឯកឧត្តមអភិបាលខេត្តបានបន្តថា បច្ចុប្បន្ន ខេត្តមានក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មថ្មអារសរុបចំនួន២៤ក្រុមហ៊ុន ស្មើ២៩អាជ្ញាបណ្ណ ក្នុងនោះស្រុកស្នួលមានចំនួន១៧ក្រុមហ៊ុន ដំណើរការចំនួន៤ក្រុមហ៊ុន ដាក់ពាក្យសុំព្យួរនិងផ្អាកសកម្មភាពចំនួន៩ក្រុមហ៊ុន ដាក់ពាក្យសុំលុបអាជ្ញាបណ្ណចំនួន១ក្រុមហ៊ុន និងពុំធ្វើសកម្មភាពនិងដាក់ពាក្យព្យួរចំនួន៣ក្រុមហ៊ុន។ ស្រុកអូរគ្រៀងសែនជ័យមាន១ក្រុមហ៊ុន បច្ចុប្បន្នដំណើរការ៤អាជ្ញាបណ្ណ និងព្យួរ១អាជ្ញាបណ្ណ ស្រុកសំបូរចំនួន៤ក្រុមហ៊ុន និងស្រុកចិត្របុរីចំនួន២ក្រុមហ៊ុន។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ថា ការចូលរួមថ្ងៃនេះតាមការចង្អុលទិសរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្រោយពីមានការកែសម្រួលនៅគោលនយោបាយមួយចំនួនពាក់ព័ន្ធនឹងការនាំចេញថ្មអារនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យការធ្វើអាជីវកម្មថ្មអារបានកាន់តែប្រសើរឡើង ដោយផ្អែកលើការយកចិត្តទុកដាក់ និងទទួលខុសត្រូវ៥ចំណុច ដូចខាងក្រោម៖
១. អភិបាលកិច្ចក្នុងការគ្រប់គ្រងអាជ្ញាបណ្ណធនធានរ៉ែ
២. ការការពារបរិស្ថានពីការធ្វើអាជីវកម្មធនធានរ៉ែ
៣. ការអភិវឌ្ឍសហគមន៍មូលដ្ឋានជុំវិញតំបន់ការដ្ឋានរ៉ែ និងការផ្តល់ការងារជូនប្រជាពលរដ្ឋ
៤. ការទប់ស្កាត់ការលេចធ្លាយចំណូលពីការធ្វើអាជីវកម្មថ្មអារ និងការសម្រួលបែបបទ និងនីតិវិធីនៃការនាំចេញថ្មអារ
៥. ការចូលរួមថែទាំហេដ្ឋារចនាសម្ពន្ធសាធារណៈ៕