អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយឥស្សរសជនបណ្ដាប្រទេសនានា នៅទីក្រុងហ្សាការតា និងផ្ដល់បទសម្ភាសជូនសារព័ត៌មានជប៉ុន


នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត  Sutin Klungsang រដ្ឋមន្ត្រីការពារជាតិថៃ។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានកោតសរសើរចំពោះការបន្តចូលរួមចំណែករបស់ប្រទេសថៃ ដល់កិច្ចការរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ ភាគីទាំងពីរ ក៏បានពិភាក្សារិះរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង នៅក្នុងវិស័យការពារជាតិផងដែរ។

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Asahi Shimbun របស់ជប៉ុន។ លោកអគ្គលេខាធិការអាស៊ាន បានរំលេចពីសារៈសំខាន់ នៃទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន ជាពិសេស អត្ថន័យនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដែលគ្រោងប្រព្រឹត្តទៅនៅខែធ្នូខាងមុខ នៅប្រទេសជប៉ុន ស្របពេលឆ្នាំ២០២៣ ជាខួប៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងជប៉ុន។

ក្រោយមកឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថានសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃសកម្មភាព និងកិច្ចសហប្រតិបត្តិការរបស់ ERIA ជាមួយអាស៊ាន ព្រមទាំងបញ្ហាមួយចំនួនទៀត។

លុះនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថានៅក្នុងពិធីបុណ្យ Thanksgiving រៀបចំដោយ ស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន៕