ក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្តេជ្ញារួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ


ក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសម្រេច និងឯកភាពជាមួយគ្នាលើវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីការពារ អភិរក្សព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។

សេចក្តីសម្រេច និងការឯកភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារសេនាធិការដ្ឋានបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានសម្រេចរួចហើយ នូវគោលការណ៍ យន្តការ និងការពង្រឹងលើការអនុវត្តរាល់សារាចរណែនាំ របស់រាជរដ្ឋាភិបាលដែលមានជាធរមាននេះ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ជាមួយគ្នានេះកងរាជអាវុធហត្ថបានត្រៀមកម្លាំង រួមនឹងមធ្យោបាយ សម្រាប់អន្តរាគមន៍តាមការស្នើសុំពីក្រសួងមានសមត្ថកិច្ច និងអាជ្ញាធររាជធានី ខេត្ត ចំពោះករណី បទល្មើសទាំងឡាយណាដែលមានការលំបាក ហើយដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយប្រសិទ្ធភាព ក្រសួងបរិស្ថានជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាំបាច់ត្រូវមានការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដារ “SOP”។

សូមជម្រាបជូនផងដែរថា កិច្ចពិភាក្សា និងមានការឯកភាពនូវគោលជំហររឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួចមក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយនាយឧត្តមសេនីយ៍ សៅ សុខា និងសហការី បានធ្វើការត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ និងគ្រឿងបំពាក់មធ្យោបាយ ដែលត្រៀមសម្រាប់កិច្ចអន្តរាគមន៍ទូទាំងប្រទេស៕