សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ និស្សិតកម្ពុជាសម័យសន្តិភាពចេញទៅសិក្សានៅបរទេស ដោយមោទកភាពខុសពីសម័យសង្រ្គាមគ្មានឱកាសរៀនសូត្រនោះឡើយ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលីក្រោយឧត្តមសិក្សា (Australia Awards Scholarship) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

នៅក្នុងការជួបសំណេះសំណាលនេះដែរ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី។ ការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ នៅលើពិភពលោកនេះ មិនត្រឹមតែជាមោទកភាពសម្រាប់ខ្លួននិស្សិតនិងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទកភាពសម្រាប់សង្គមជាតិទាំងមូល។

សម្តេចរដ្ឋសភាធិបតី បានចាត់ទុកថានិស្សិតដែលទទួលបានអាហារូបករណ៍នាពេលនេះ ជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពក្នុងការកសាងមូលធនមនុស្សជាស្នូលដ៏សំខាន់។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានផ្តាំផ្ញើនិងលើកទឹកចិត្តក្មួយៗនិស្សិតទាំងអស់ខិតខំសិក្សារៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ មានវិន័យល្អក្នុងការរស់នៅនិងសិក្សា។ បន្ថែមពីនេះត្រូវចេះគោរពស្រឡាញ់គ្នា ចេះយកអាសារជួយទុក្ខធុរៈគ្នា ចេះលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមក ដូចពាក្យចាស់ថា «នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយតែមួយ»

ជាងនេះទៀត សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ក្មួយៗនិស្សិតទាំងអស់ ជាតំណាងឱ្យជាតិខ្មែរទាំងមូល ដើរតួនាទីជាអ្នកការទូត ចូលរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន បង្កើនមិត្តភាពជាមួយប្រទេសដទៃ ក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមយើងជាតំណាងឱ្យខ្មែរ ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ ជាពិសេសភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនបណ្តាប្រទេសនានា មិនថាតែប្រជាជនអូស្រ្តាលីនោះទេ គឺធ្វើយ៉ាងណាដើម្បីឱ្យគេស្គាល់កម្ពុជាកាន់តែច្បាស់ យល់ដឹងពីសភាពការណ៍ពិតនៅក្នុងប្រទេស ដែលកំពុងមានសុខសន្តិភាព ស្ថិរភាពសង្គម ហើយកម្ពុជាបានកំពុងបើកប្រទេសស្វាគមន៍អ្នកទេសចរ និងអ្នកវិនិយោគមកពីគ្រប់ទិសទីនៃពិភពលោក។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា ក្មួយនិស្សិតដែលនឹងត្រូវចេញទៅសិក្សានៅប្រទេសអូស្រ្តាលីនាពេលនេះ បានត្រៀមលក្ខណៈចាកចេញទៅសិក្សាដោយមោទកភាពដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ។ សម្តេចបានរម្លឹក កាលពីអតីតកាល ពិសេសក្នុងសម័យសម្តេចនៅជាយុវជន សម្តេចក៏បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលីដែរ ប៉ុន្តែដោយសារភ្លើងសង្រ្គាមសម្តេចពុំបានចេញទៅសិក្សានៅប្រទេសអូស្រ្តាលី ក្នុងអំឡុងឆ្នាំ១៩៧៥នោះទេ។ ផ្ទុយទៅវិញ សម្តេចក៏ដូចជាប្រជាពលរដ្ឋដទៃក្នុងរបប ប៉ុល ពត ដែលត្រូវជាប់ឃុំក្នុងរបបនោះ គ្មានឱកាសបន្តការរៀនសូត្រ ដូចយុវជនក្នុងសម័យសន្តិភាពនេះទេ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា សន្តិភាពមានតម្លៃលើសអ្វីៗទាំងអស់ គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ សូម្បីឱកាសទទួលបានការសិក្សារៀនសូត្ររបស់យុវជន កុមារក៏គ្មានដែរ។ ការការពារ ថែរក្សាសន្តិភាពជាការសំខាន់ កុំចាំដល់បាត់បង់សន្តិភាពទើបនាំគ្នាសោកស្តាយ និងស្រែករកសន្តិភាពនោះ ជាការហួសពេលហើយ។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងប្រទេសកម្ពុជានិងប្រទេសអូស្រ្តាលី ដែលមិនត្រឹមជាទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចការទូត សន្តិសុខប៉ុណ្ណោះទេ។ ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ក៏បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ មានមនោសញ្ចេតនាយ៉ាងជា្រលជ្រៅជាមួយគ្នាផងដែរ។ បន្ថែមពីនេះ សម្តេចប្រធានរដ្ឋសភា ក៏លើកឡើងពីប្រព័ន្ធដឹកនាំនៅកម្ពុជាតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងភារកិច្ច តួនាទីរបស់រដ្ឋសភាកម្ពុជា ជម្រាបជូនក្មួយៗនិស្សិតបានជ្រាបជាចំណេះដឹងផងដែរ៕