រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បង្ហាញពីសមត្ថកិច្ចខុសគ្នា រវាងអាជ្ញាធរសវនកម្មជាតិ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងអធិការកិច្ច


(ភ្នំពេញ)៖ ដោយសារមានការយល់ច្រឡំថា អាជ្ញាធរសវនកម្មជាតិ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងអធិការកិច្ច មានសមត្ថកិច្ចជាន់គ្នានោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបង្ហាញពីសមត្ថកិច្ចខុសគ្នារវាងអង្គភាព/ស្ថាប័ន ទាំង៣ខាងលើនេះ ដើម្បីកុំអោយសាធារណជនមានការយល់ច្រឡំតទៅទៀត។

ការបង្ហាញចំណុចខុសគ្នារវាងអង្គភាព/ស្ថាប័ន ទាំង៣ ដោយលោករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ខណះក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងអធិការកិច្ច រៀបចំវេទិកាពិភាក្សានៅទីស្ដីការក្រសួង លើប្រធាន បទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ដោយមានការចូលរួមពីលោកពុយ គា ប្រធានក្លិប មន្ត្រីក្រសួង រួមទាំងអ្នកព័ត៌មានជាច្រើនរូបទៀត។

ចំណុចខុសគ្នា ដែលឯកឧត្តម ហួត ហាក់ លើកឡើងនោះ រួមមាន៖

* អាជ្ញាធរសវនកម្មជាតិ មិនមែនជាអង្គភាពស្ថិតក្រោមដំបូលរបស់រាជរដ្ឋាភិបាលនោះទេ តែស្ថិតនៅក្រោមរដ្ឋសភា។ អាជ្ញាធរនេះ មានភារកិច្ចចុះធ្វើសវនកម្ម ធ្វើជារបាយការណ៍ផ្ដល់ជូនរដ្ឋសភា ប៉ុន្តែមិនមានសិទ្ធិចាត់វិធានការទេ។

* អង្គភាពប្រឆាំងអំពើពុករលួយ មានសិទ្ធិកោះហៅ និងចាប់ខ្លួននរណាម្នាក់ ពេលរកឃើញមានកំហុស។ អង្គភាពប្រឆាំងអំពើពុករលួយ ក៏មានសិទ្ធិដោះលែងវិញ បើសិនអ្នកត្រូវបានឃាត់ខ្លួន តែរកមិនឃើញកំហុស។

* ក្រសួងអធិការកិច្ច មានសមត្ថកិច្ចចុះត្រួតពិនិត្យស្រាវជ្រាវនៅតាមស្ថាប័ន ទាំងរឿងល្អ និងមិនល្អ។ បើឃើញថាស្ថាប័ននោះល្អ ក្រសួងនឹងជួយផ្សព្វផ្សាយឲ្យយកជាគម្រូ តែបើធ្វើអធិការកិច្ចទៅមានកំហុស ក្រសួងអធិការកិច្ច នឹងបន្តនីតិវិធី។ នីតិវិធីនោះ បើកំហុសតូចតាច ស្ថាប័ននោះនឹងត្រូវណែនាំអប់រំ និងកែប្រែ តែបើធ្ងន់ធ្ងរ ត្រូវស្រាវជ្រាវឲ្យច្បាស់ ធ្វើរបាយការណ៍ជូនសម្តេចនាយករដ្ឋមន្ត្រី ដើម្បីចាត់វិធានការ។

ទោះបីជាយ៉ាងនេះក្តី បើតាមឯកឧត្តម ហួត ហាក់ អាជ្ញាធរសវនកម្មជាតិ អង្គភាពប្រឆាំងនឹងអំពើពុករលួយ និងក្រសួងអធិការកិច្ច មានបេសកកម្មរួម គឺរួមគ្នាបង្ការ ទប់ស្កាត់ លើកវិធានការដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភអំណាច និងបាតុភាពអសកម្ម។

ឯកឧត្តមបន្តថា ការងារសំខាន់ៗ របស់ក្រសួងអធិការកិច្ច មានចំនួន ៣ចំណុច រួមមាន ១៖ ការងារអធិការកិច្ច, ២៖ ទទួលបេសកកម្មពីរាជរដ្ឋាភិបាល តាមដានការអនុវត្តច្បាប់ គឺការត្រួតពិនិត្យអនុលោមភាពនៃច្បាប់ និងបទដ្ឋានគតិយុត្តិ ដែលមានជាធរមាននៅកម្ពុជា និងទី៣៖ ការទទួលខុសត្រូវលើការទទួលពាក្យបណ្តឹង អង្កេត និងស្រាវជ្រាវ ទទួលពីប្រជាពលរដ្ឋ និងមានសមត្ថកិច្ចបើកការស្រាវជ្រាវ និងស៉ើបអង្កេតរាប់តាំងពីរូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលដើមបណ្តឹងបានប្តឹងទៅក្រសួង។

«ការងារនេះដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តឲ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបានជោគជ័យ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណ»។ នេះជាការបញ្ជាក់បន្ថែម របស់ឯកឧត្តមរដ្ឋមន្ត្រី។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើត «ក្រសួងអធិការកិច្ច» ដែលត្រូវបានប្តូរឈ្មោះពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ គឺក្រោយរាជរដ្ឋាភិបាលអាណត្តិទី៧បង្កើតឡើង៕