ឯកឧត្តម ឃួង ស្រេង៖ ស្មារតី៧មករានៅតែជាមេរៀនបទពិសោធន៍ និងជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រសម្រាប់យុវជននិងប្រជាជនកម្ពុជា


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្មារតី៧មករានៅតែជាមេរៀនបទពិសោធន៍ និងជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រសម្រាប់យុវជននិងប្រជាជនកម្ពុជា ព្រោះប្រជាជនកម្ពុជាពិតជាមិនអាចបំភ្លេចបាននូវអតីតកាលដ៏ខ្មៅងងឹតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពោរពេញដោយការឈឺចាប់ខ្លោចផ្សារកទីបំផុតគ្មាន។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមអភិបាល ឃួង ស្រេង ធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់៧មករា ឈ្នះឈ្នះ តេជោសន្តិភាព រដូវកាលទី៨ ឆ្នាំ២០២៤ អបអរសាទរខួបលើកទី៤៥ ទិវាជ័យជម្នះ៧មករា នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពនៅរាជធានីភ្នំពេញ នៅទីលានបាលទាត់វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពតែងតែបានរៀបចំកម្មវិធីប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករានេះជារៀងរាល់ឆ្នាំ ដោយគិតមកដល់ឆ្នាំនេះមានរយៈពេល៨ឆ្នាំហើយ។ នេះសរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីស្មារតីដឹងគុណ តបស្នងសងគុណ និងការពារសច្ចធម៌ប្រវត្តិសាស្ត្រជាតិរបស់យុវជនជំនាន់ក្រោយ គោរពជូនចំពោះវីរយុទ្ធជន-យុទ្ធនារី អ្នកស្នេហាជាតិ និងវីរយុទ្ធជននៃកងទ័ពស្ម័គ្រចិត្ត ដែលបានប្រយុទ្ធនិងធ្វើពលិកម្មយ៉ាងអង់អាចក្លាហានបំផុត រំដោះជាតិមាតុភូមិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។

ប្រជាជនកម្ពុជាពិតជាមិនអាចបំភ្លេចបាននូវអតីតកាលដ៏ខ្មៅងងឹត ពោរពេញដោយការឈឺចាប់ខ្លោចផ្សារកទីបំផុតគ្មាន ដែលបង្កឡើងដោយសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ហើយគា្មនសោកនាដកម្មណា គ្មានភាព អយុត្តិធម៌ណា និងគ្មានការបាត់បង់ណា ដែលមានទំហំធំធេងជាងរបបវាលពិឃាតនេះឡើយ។ ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ផ្តើមចេញពីថ្ងៃជ័យជម្នះ៧ មករា ឆ្នាំ១៩៧៩ និងការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតជោ ហ៊ុន សែន មកដល់ពេលបច្ចុប្បន្ននេះ ប្រទេសជាតិដែលធ្លាប់តែគ្របដណ្ដប់ដោយភាពអសន្តិសុខ អស្ថិរភាព ស្លាកស្នាមនៃសង្គ្រាម ភាពក្រីក្រ ឧក្រិដ្ឋកម្ម ការរំលោភសិទ្ធិ មនុស្ស និងអំពើប្រល័យពូជសាសន៍ ឥឡូវបានប្រែក្លាយជាប្រទេសប្រកបដោយសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ឯកឧត្តមបន្តថា ការរៀបចំព្រឹត្តិការណ៍កីឡាក្នុងថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការលើកទឹកចិត្ត និងការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ ជូនចំពោះសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពរីកចម្រើននៃវិស័យកីឡានៅកម្ពុជា និងជាជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយស្តីពី វិស័យអប់រំកាយ និងកីឡារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ប្រកបដោយក្តីមោទនភាពបំផុត។

ទិវាជ័យជម្នះ៧មករា គឺជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា សូមឱ្យស្មារតី៧មករានៅតែជាមេរៀនបទពិសោធន៍ និងជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រសម្រាប់យុវជន និងប្រជាជនកម្ពុជា ដើម្បីយើងទាំងអស់គា្ន រួមគ្នាការពារមិនឱ្យ មានការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យើងទាំងអស់គ្នាត្រូវចងចាំថា «កីឡារស់ក្នុងសន្តិភាព! កីឡាគឺជា ស្ពានការទូត ជាមិត្តភាពគ្មានព្រំដែន» កីឡាគឺជាមិត្តភាព ចាញ់ ឬឈ្នះ គឺជារឿងធម្មតា និងជាបទពិសោធន៍សម្រាប់ការប្រកួតលើកក្រោយៗទៀត និងសូមនាំគ្នាអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ថ្នាក់ ដឹកនាំយើងគឺ «ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខ»

ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បានថ្លែងថា កម្មវិធីប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករានេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៦មក ដែលមានរយៈពេល៨ឆ្នាំហើយ ក្រោមគំនិតផ្តួចផ្តើមរបស់សម្ដេចតជោ ហ៊ុន សែន ហើយកីឡាករសុទ្ធតែជាយុវចាស់ ដែលអាយុរហូត៧០ឆ្នាំ ក៏មានជាកីឡាករថ្នាក់ជាតិនៅក្នុងទស្សវត្តទី៨០, ៩០, ២០០០។ កីឡាករទាំងអស់មានចំនួន៤ក្រុម៖
ទី១-ក្រុមបាល់ទាត់ បក្សីអង្គរ (ខេត្តសៀមរាប)។
ទី២-ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព (ភ្នំពេញ)។
ទី៣-ក្រុមបាល់ទាត់ សម្ព័ន្ធវ័យចាស់ខ្មែរឥស្លាម មកពីខេត្តត្បូងឃ្មុំ។
ទី៤-ក្រុមបាល់ទាត់ វ័យចាស់កំពង់ស្វាយតំណាងខេត្តកណ្តាល។

ចំពោះចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព (ភ្នំពេញ) ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទាត់បក្សីអង្គរ (ខេត្តសៀមរាប)។ លេខ៣ បានទៅលើក្រុមបាល់ទាត់សម្ព័ន្ធវ័យចាស់ខ្មែរឥស្លាមមកពីខេត្តត្បូងឃ្មុំ និងលេខ៤ បានទៅលើក្រុមបាល់ទាត់សម្ព័ន្ធវ័យចាស់កំពង់ស្វាយ ខេត្តកណ្តាល៕