សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ពីយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលធនមនុស្ស គឺត្រូវអប់រំទាំងជំនាញរឹង សីលធម៌ និងជំនាញទន់ផ្សេងៗ ទើបយើងទទួលបានធនធានមនុស្សប្រកបដោយសក្ដានុពលខ្ពស់


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ចំពោះ «យុទ្ធសាស្ត្រអភិវឌ្ឍន៍មូលធនមនុស្ស» ដែលស្ថិតក្នុងចំណោមយុទ្ធសាស្ត្របញ្ចបកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា គឺផ្ដោតលើការអប់រំបណ្ដុះបណ្ដាលទាំងចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ ហើយក៏ផ្ដោតលើការអប់រំសីលធម៌ ភាពជាពលរដ្ឋល្អផងដែរ ទើបយើងទទួលបានធនធានមនុស្សប្រកបដោយសក្ដានុពលខ្ពស់ ដែលមានលទ្ធភាពបន្តកសាងមូលធនមនុស្សសម្រាប់ជាតិទៅថ្ងៃមុខទៀត។

ការសង្កត់ធ្ងន់របស់សម្តេចធិបតីយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២២-២០២៣ សរុប១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស១៨នាក់ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដោយមានយុទ្ធសាស្ត្រទី១ផ្ដោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិប្រកបដោយបរិយាបន្ន និងភាពធន។

មានមតិមួយលើកឡើងថា «តើការអប់រំមនុស្សដើម្បីតែបានប្រាក់ខែខ្ពស់មែនឬទេ?» សម្ដេចធិបតីបានពន្យល់ថា ពិតណាស់ ការលើកកម្ពស់ជីវភាពប្រជាជនក៏ជាគោលដៅធំរបស់យើង ប៉ុន្តែវាមិនជាជ្រុងតែ១នោះទេ។ គោលដៅនៃការអប់រំ គឺមានគោលដៅ៤ ឬហៅថា «ចតុស្ដម្ភ» គឺអប់រំមនុស្សឱ្យក្លាយជាពលរដ្ឋល្អ មានសីលធម៌ រស់នៅក្នុងប្រកបដោយសុខដុមរមនា អប់រំមនុស្សឱ្យចេះដឹង មានចំណេះ ជំនាញ យល់អំពីស្ថានភាពជុំវិញខ្លួន អាចសម្រេចចិត្តដោយគ្រប់ជ្រុងជ្រោយ រៀនដើម្បីចេះធ្វើ បង្កើតជំនាញបំនិនដើម្បីធ្វើការងារបានពិតប្រាកដ។ នេះជាគោលដៅនៃការអប់រំ មិនមែនតែដើម្បីជំនាញរឹងមួយមុខនោះទេ តែក៏ដើម្បីជំនាញទន់ផងដែរ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ការអប់រំមនុស្ស មិនមែនដើម្បីតែចំណេះដឹង បទពិសោធន៍ការងារ តែក៏ដើម្បីអប់រំឥរិយាបទផង នេះហើយជាគោលដៅនៃការអប់រំ។ ដូច្នេះអប់រំមនុស្សម្នាក់ មិនមែនត្រូវតែឱ្យគាត់ចេញទៅ មានការងារធ្វើ បានប្រាក់ខែខ្ពស់នោះទេ តែពួកគាត់ក៏អាចចូលរួមកសាងសង្គម ការងារស្ម័គ្រចិត្ត ដោយមិនគិតពីផលប្រយោជន៍។ ប្រសិនបើគិតតែពីផលប្រយោជន៍ នោះនឹងបាត់គោលដៅ៣ទៀត ពិសេសបាត់សីលធម៌ បាត់ភាពជាពលរដ្ឋ»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំឭកដែរថា រាជរដ្ឋាភិបាលបានផ្ដោតលើមុំអាទិភាពចំនួន៥ ក្នុងការកសាងមូលធនមនុស្សឱ្យរឹងមាំ ក្នុងនោះរួមមាន៖

ទី១. ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា
ទី២. ការផ្ដល់ជំនាញបច្ចេកទេស
ទី៣. ការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជន
ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង
ទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។

សម្ដេចធិបតីបានបន្តទៀតថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក៏មិនខុសពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភានោះដែរ គឺបានចាត់ទុកការកសាងមូលដ្ឋានមនុស្សជាការងារចាំបាច់ចម្បងមិន។ ចំពោះរាជរដ្ឋាភិបាល ការកសាងមូលធនមនុស្ស និងការអប់រំនេះ ត្រូវគិតឆ្លើយសំណួរ២៖ (ទី១) តើការអប់រំដើម្បីអ្វី? តើធនធានមនុស្សបែបណាដែលយើងចង់បាន? (ទី២)តើយើងត្រូវបង្កបរិយាកាសបែបណា ដើម្បីឱ្យធនធានមនុស្សដែលយើងកសាងបាននេះ មានឱកាសលូតលាស់ អាចប្រើប្រាស់បានប្រកបដោយសក្ដានុពល និងលើកទឹកចិត្តការកសាងធនធានមនុស្សបន្តទៅទៀត ជាមូលធនមនុស្សល្អសម្រាប់ជាតិតទៅទៀត។ សម្ដេចបានបញ្ជាក់ដែរថា «សំណួរទាំង២នេះ ត្រូវបានគិតនៅក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល»