សម្ដេចក្រឡាហោម ស ខេង បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តព្រៃវែង


សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ១រោច ខែមាឃ បញ្ចស័ក ព.ស២៥៦៧ខាងមុខនេះ ជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ក្រៃលែង សម្រាប់បុព្វហេតុ បន្តកសាងការពារមាតុភូមិកម្ពុជាយើង ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនជាបន្តទៀត។

សម្ដេចក្រឡាហោម បានបន្ដថា ពិតមែនតែការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែល បានប្រសូតចេញពីឆន្ទៈរបស់ប្រជាជន។

គណបក្សប្រជាជនកម្ពុជា បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តឲ្យបានសម្រេចនូវកម្មវិធីនយោបាយនានារបស់គណបក្ស ដែលបានប្រកាសជូនជនរួមជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាលពីឆ្នាំ២០២២កន្លងមក ព្រមទាំងកម្មវិធីនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់នូវគោលការណ៍ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ដែលគណបក្សប្រជាជនកម្ពុជា បានកំណត់ក្នុងគោលការណ៍សំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដូចខាងក្រោម៖

* គណបក្សប្រជាជនកម្ពុជាប្តេជ្ញាលើកកម្ពស់ការគោរពសិទ្ធិធ្វើជាម្ចាស់របស់ប្រជាពលរដ្ឋ ធ្វើឲ្យកាន់តែប្រសើរឡើងនូវឥរិយាបទរបស់មន្ត្រីរាជការ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការបម្រើប្រជាពលរដ្ឋ និងពង្រឹងស្ថាប័នរដ្ឋបាល ថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានសមត្ថភាពក្នុងការអភិវឌ្ឍមូលដ្ឋាន ដោយឈរលើគោលការណ៍គន្លឹះនៃអភិបាលកិច្ចល្អ គឺភាពជាតំណាងការចូលរួមរបស់ប្រជាពលរដ្ឋ ការឆ្លើយតបប្រសិទ្ធភាព សុចរិតភាព តម្លាភាព គណនេយ្យភាព នីតិរដ្ឋ បរិយាបន្ន និងសមធម៌សង្គម។

* ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានផ្ដល់ស្វ័យភាព សិទ្ធិអំណាចក្នុងការដាក់ ចេញគោលនយោបាយសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់របស់ខ្លួន និងការធ្វើសេចក្តីសម្រេចចិត្តដោយឆន្ទានុសិទ្ធិ ក្នុងការប្រើប្រាស់ថវិកា ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

* ក្រុមប្រឹក្សាឃុំ សង្កាត់ មានមុខងារ និងការទទួលខុសត្រូវច្បាស់លាស់លើការដឹកនាំ គ្រប់គ្រងចាត់ចែងការងាររដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ បុគ្គលិក និងការផ្តល់សេវាសាធារណៈចាំបាច់ និងជាមូលដ្ឋាននានា ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងដែនសមត្ថកិច្ច របស់ខ្លួនស្របតាមការកំណត់នៃច្បាប់។

* បង្កើនល្បឿនការផ្ទេរមុខងារភ្ជាប់ជាមួយធនធានមនុស្ស ធនធាន ហិរញ្ញវត្ថុ និងសិទ្ធិអំណាចពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ឲ្យបានកាន់តែច្រើន និងទាន់ពេលវេលា ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យនៅមូលដ្ឋាន។

* បង្កើនការផ្ទេរធនធានហិរញ្ញវត្ថុពីថវិការដ្ឋបាលថ្នាក់ជាតិដល់មូលនិធិឃុំ សង្កាត់ តាមរយៈកំណើនចំណូលចរន្តថវិកាជាតិ និងបង្កើនអត្រាវិភាជន៍ប្រចាំឆ្នាំ នៃមូលនិធិឃុំ សង្កាត់ ពី៣,៤% នៅឆ្នាំ២០២៣ ដល់៣,៥% ចាប់ពីឆ្នាំ២០២៤, បន្តការផ្ទេរធនធានបន្ថែម ១% ជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍ មូលដ្ឋាន និងបង្កើនការចែករំលែកចំណូលសារពើពន្ធ របស់រដ្ឋបាលរាជធានី ខេត្តពី៥,៥% នៅឆ្នាំ២០២៣ ដល់៦% ជូនរដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២៤តទៅ ដើម្បីឲ្យឃុំសង្កាត់ កាន់តែមានលទ្ធភាពក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន សិក្សាលទ្ធភាពចែករំលែកប្រភពចំណូលមិនមែនសារពើពន្ធ ពីថ្នាក់ជាតិ ជូនរដ្ឋបាលឃុំ សង្កាត់។

* បង្កើតឲ្យមានយន្តការប្រកួតប្រជែងដោយផ្អែកលើសមិទ្ធកម្មនៅរដ្ឋបាល ឃុំ សង្កាត់ ដើម្បីពង្រឹងសមត្ថភាពនៃការគ្រប់គ្រងធនធាន ហិរញ្ញវត្ថុ និងដើម្បីទទួលបានធនធានហិរញ្ញវត្ថុបន្ថែមសម្រាប់ការអភិវឌ្ឍមូលដ្ឋាន៕