សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគអូស្ត្រាលីដោយបើកចំហរ ជាមួយនឹងបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានប្រកាសស្វាគមន៍វិនិយោគអូស្ត្រាលីដោយបើកចំហរ ជាមួយនឹងបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចអូស្ត្រាលី-កម្ពុជា នៅទីក្រុងមែលប៊ន ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជំរុញអ្នកវិនិយោគអូស្ត្រាលីដែលកំពុងស្វែងរកអ្វីដែលថ្មី អាចមកទស្សនាប្រទេសកម្ពុជា ទទួលបទពិសោធន៍សក្តានុពលដ៏ខ្លាំងក្លារបស់កម្ពុជា ស្វែងរកឱកាសចម្រុះរបស់ខ្លួន ទាញយកអត្ថប្រយោជន៍ពី First-Mover (ក្រុមហ៊ុនដំបូងគេ ដែលបង្ហាញពីផលិតផល សេវាកម្ម ឬបច្ចេកវិទ្យាថ្មី) និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្រ្តស្របតាមទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរបស់យើង។ កម្ពុជាផ្តល់ផ្លូវសម្រាប់កំណើន។ យើងស្វាគមន៍អ្នកដោយបើកចំហរ ដោយផ្តល់នូវការគាំទ្រយ៉ាងខ្លាំងក្លា បដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីភាពរុងរឿង»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះថាមពលប្រកបដោយនិរន្តរភាព បង្ហាញពីឱកាសចំណេញច្រើនសម្រាប់អ្នកវិនិយោគអូស្ត្រាលី។ ជាមួយនឹងភាពសម្បូរបែប នៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី និងគោលដៅប្រកបដោយមហិច្ឆិតា ដែលមានចែងនៅក្នុងផែនការមេអភិវឌ្ឍន៍ថាមពល ឆ្នាំ២០២២-២០៤០ ប្រទេសកម្ពុជា គឺជាទីផ្សារដ៏ល្អមួយក្នុងការប្រើប្រាស់អ្នកជំនាញអូស្ត្រាលី។

សម្តេចធិបតី បានបន្តថា ការផ្តោតសំខាន់របស់ប្រទេសលើភាពអាចជឿទុកចិត្តបាន តម្លៃសមរម្យ និងគោលដៅរបស់ខ្លួន ក្នុងការឈានដល់អព្យាក្រឹតភាពនៃកាបូននៅឆ្នាំ២០៥០ បង្កើតបរិយាកាសវិនិយោគដែលមានស្ថិរភាព និងយូរអង្វែង។ សម្រាប់ក្រុមហ៊ុនថាមពលស្អាតរបស់អូស្ត្រាលី ទាំងនេះលើសពីការបណ្តាក់ទុនអាជីវកម្មទៅទៀត។ វាជាឱកាសដើម្បីឈានមុខគេក្នុងទីផ្សារថាមវន្ត គាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសអូស្ត្រាលី ក្នុងនាមជាតួអង្គដ៏សំខាន់ក្នុងអន្តរជាតិក្នុងការផ្លាស់ប្តូរទៅកាន់អនាគតថាមពលស្អាត។

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេលបីទសវត្សរ៍មកនេះ អូស្ត្រាលីតែងតែជាអ្នកវិនិយោគសំខាន់នៅកម្ពុជា។ ផលប្រយោជន៍ពាណិជ្ជកម្មរបស់អូស្ត្រាលី នៅក្នុងប្រទេសកម្ពុជា បានផ្តោតទៅលើវិស័យជាច្រើន រួមទាំងសេវាអប់រំ អាហារ និងភេសជ្ជៈ សេវាហិរញ្ញវត្ថុ ការរុករករ៉ែ និងធនធាន បដិសណ្ឋារកិច្ច និងប្រភពសម្លៀកបំពាក់។ ការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជា មិនគ្រាន់តែជាការសម្រេចចិត្តជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ វាជាការវិនិយោគក្នុងការរីកចម្រើននៃប្រទេសទាំងពីរនាពេលអនាគត។

សម្តេច បានបញ្ជាក់ថា «គន្លងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមជាមួយនឹងទីតាំងយុទ្ធសាស្ត្ររបស់យើង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បង្ហាញពីឱកាសជាច្រើនសម្រាប់ធុរកិច្ច និងអ្នកវិនិយោគអូស្ត្រាលី។ ជាមួយគ្នានេះ ការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស»

សម្តេច បានបន្តថា «ឆ្ពោះទៅមុខ ខ្ញុំជឿជាក់យ៉ាងមុតមាំចំពោះការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជា នឹងកាន់តែមានសារៈសំខាន់នៅក្នុងវិស័យចម្រុះដូចជា កសិកម្ម និងកសិឧស្សាហកម្ម ការអប់រំ សេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលបៃតង។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាគោលដៅដ៏ទាក់ទាញ ដែលផ្តល់នូវមធ្យោបាយសម្រាប់ការបណ្តាក់ទុនវិនិយោគដែលមានផលចំណេញ ដូចជាការវិនិយោគរបស់អ្នកជាដើម។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយធុរកិច្ច និងអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាដល់អាជីវកម្ម និងការវិនិយោគដែលទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជា ដែលមានការរៀបចំវេទិការរដ្ឋាភិបាល និងវិស័យឯកជនជាភស្តុតាង»

កាលពីប៉ុន្មានខែមុន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើជាអធិបតីក្នុងវេទិការរដ្ឋាភិបាល-វិស័យឯកជន លើកទី១៩ ដែលបានដាក់ចេញនូវកំណែទម្រង់សំខាន់ៗជាច្រើនក្នុងវិស័យចំនួន ១០ ដែលទាក់ទងនឹងអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា វិស័យឯកជនដែលរីកចម្រើនគឺមានសារៈសំខាន់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាល ប្តេជ្ញាយ៉ាងមុតមាំក្នុងការជំរុញបរិយាកាសអំណោយផលដល់អាជីវកម្ម និងការវិនិយោគ។ ការប្តេជ្ញាចិត្តនេះបង្ហាញឱ្យឃើញនៅក្នុងច្បាប់ថ្មី ស្តីពីពន្ធដារ ដែលជំរុញឱ្យមានតម្លាភាព ការព្យាករណ៍ និងរចនាសម្ព័ន្ធពន្ធដ៏គួរឱ្យទាក់ទាញ និងច្បាប់ថ្មីស្តីពីការវិនិយោគ ដែលផ្តល់ជូននូវគោលការណ៍លើកទឹកចិត្តដ៏ឆ្លាតវៃ និងអំណោយផល និងសេវាកម្មថែទាំបន្ទាប់បន្សំជាច្រើន។ ការចេញលក់សៀវភៅណែនាំស្តីពីការវិនិយោគនៅកម្ពុជាថ្មី ដែលរៀបចំដោយ DFAT របស់អូស្ត្រាលី និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៣ បានបម្រើជាការណែនាំដ៏ទូលំទូលាយសម្រាប់អ្នកវិនិយោគនាពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា លើសពីនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំធានាថា ធុរកិច្ច និងការវិនិយោគក្នុងប្រទេសកម្ពុជា មានលទ្ធភាពល្អទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ និងកត្តាចាំបាច់នានា។ សមាជិកភាពរបស់កម្ពុជា នៅក្នុង FTA ទ្វេភាគី និងពហុភាគីសំខាន់ៗ ផ្តល់ឱកាសមិនគួរឱ្យជឿសម្រាប់អាជីវកម្មនាំចេញ ការកំណត់ទីតាំងអាជីវកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជាសម្រាប់ភាពជោគជ័យរយៈពេលវែង។ ការវិនិយោគដែលកំពុងដំណើរការរបស់កម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ក៏ដូចជាមជ្ឈមណ្ឌលដឹកជញ្ជូន បានតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់ខ្លួនយ៉ាងរលូនជាមួយនឹងមជ្ឈមណ្ឌលសេដ្ឋកិច្ច និងច្រករបៀងសំខាន់ៗទាំងក្នុងប្រទេស និងតំបន់។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ កម្ពុជាបានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់យុវជនចំនួន ១.៥ លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេសក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ នេះជាការបញ្ចូលកម្លាំងពលកម្មយ៉ាងខ្លាំងទៅក្នុងទីផ្សារ ជាកិច្ចខិតខំប្រឹងប្រែងដែលនឹងប្រែទៅជាភាពសម្បូរបែបនៃកម្លាំងពលកម្មជំនាញក្នុងស្រុក និងការកាត់បន្ថយថ្លៃដើមផលិតកម្ម៕