អភិបាលខេត្តកំពង់ធំ ចុះពិនិត្យទីតាំងរៀបចំសង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាល័យកំពង់ធំ


ឯកឧត្តម ងួន រនតៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពទីតាំង និងដំណើរការរៀបចំសង្ក្រាន្តកំពង់ធំ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងទីតាំងនៅវិទ្យាល័យកំពង់ធំ។

ឯកឧត្តម ងួន រតនៈ បានថ្លែងថា ដើម្បីបង្កបរិយាកាសសប្បាយរីករាយ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅវិទ្យាល័យកំពង់ធំ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តមបន្ថែមទៀតថា ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍នេះ ឱ្យបានអធឹកអធម ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមការគ្រោងទុក បានធ្វើការណែនាំដល់គណៈកម្មការរៀបចំសង្ក្រាន្ត រួមជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុង រៀបចំកាត់ចែងធ្វើកិច្ចការងារនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ធ្វើយ៉ាងណារៀបចំកម្មវិធីសង្ក្រាន្តកំពង់ធំឆ្នាំថ្មីនេះ ឱ្យបានល្អដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត ក្រៅខេត្ត ជាពិសេសអ្នកដែលរស់នៅក្នុងក្រុងស្ទឹងសែន សប្បាយរីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នៅពេលឆាប់ៗនេះ។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់គណៈកម្មការរៀបចំសង្ក្រាន្ត មន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុងស្ទឹងសែន ត្រូវពន្លឿនការរៀបចំស្ដង់ពិរពណ៌ទំនិញចម្រុះកន្លែងប្រគុំតន្ត្រី និងកន្លែងកម្សាន្តនានា ឱ្យបានសមរម្យមានសណ្ដាប់ធ្នាប់ មានសោភ័ណភាព បរិស្ថានល្អ និងមានអនាម័យ ត្រូវរៀបចំភ្លើងបំភ្លឺ និងភ្លើងពណ៌សម្រាប់លម្អ នៅពេលយប់ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសំអាតបរិស្ថាននៅក្នុងបរិវេនវិទ្យាល័យ ឱ្យបានល្អប្រសើរជាប្រចាំជាពិសេសត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យស្រទាប់មហាជនបានជ្រួតជ្រាប។

ឯកឧត្តម ងួន រតនៈ បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចត្រូវត្រៀមរៀបចំផែនការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដែលអញ្ជើញមកលេងកម្សាន្តសប្បាយឱ្យបានល្អ និងមានប្រសិទ្ធភាព ត្រូវមានរថយន្ដសង្គ្រោះបន្ទាន់ រថយន្ដពន្លត់អគ្គីភ័យ កម្លាំងដើរល្បាត និងកម្លាំងសម្រួលការកកស្ទះចរាចរណ៍ឱ្យបានល្អប្រសើរ៕