ក្រសួងអប់រំបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣ និងលើកទិសដៅឆ្នាំសិក្សា ២០២៤


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី អគ្គនាយក អគ្គនាយករង និងប្រធានអង្គភាព រួមទាំងមានលោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រតិភូអប់រំ យុវជន និងកីឡាទូទាំងរាជធានី-ខេត្តផងដែរ។

ថ្លែងនាឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ការកំណត់អាទិភាពសម្រាប់វិស័យអប់រំ យុវជន និងកីឡា ពិតជាបានគិតគូរគ្រប់ជ្រុងជ្រោយ ដោយឈរលើមូលដ្ឋាននៃការអនុវត្តកំណែទម្រង់អប់រំ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងទទួលបាននូវលទ្ធផលជាច្រើនគួរជាទីមោទនៈ ទាំងផ្នែកបរិមាណវិស័យ និងគុណវិស័យ។

ឯកឧត្តមបណ្ឌិតសភាចារ្យបន្ថែមថា មកទល់ពេលនេះយើងមានសាលារៀនគ្រប់កម្រិតសិក្សា ស្ទើរតែគ្រប់ទីតាំងភូមិសាស្ត្រ នៅទូទាំងប្រទេស ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្ខិតសាលារៀន ឱ្យទៅជិតលំនៅដ្ឋានរបស់ប្រជាជន។ ជាក់ស្តែងក្នុងឆ្នាំសិក្សា២០២៣-២០២៤ សាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សាមាន ១៩,៣៤១កន្លែង ក្នុងនោះសាលាមត្តេយ្យសិក្សាគ្រប់រូបភាពមាន ៨,៨៩១កន្លែង សាលាបឋមសិក្សា ៨,២៥២ (ឯកជន ៨៥៤) អនុវិទ្យាល័យ ១,៣៤១ ឯកជន ៩៩) និងវិទ្យាល័យ ៨៩៧ (ឯកជន ៣១៦)។

គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៦៩កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ៧៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន៩១ ។ សិស្សនិងនិស្សិតសរុប ៤,០៩៦,៧៥៨នាក់ ក្នុងនោះកុមារតូចទទួលបានសេវាអប់រំគ្រប់រូបភាព ៤០០,៩៥៩នាក់ សិស្សបឋមសិក្សា ២,២៦៥,៧៨៣នាក់ សិស្សមធ្យមសិក្សាបឋមភូមិ ៧១១,១១៣នាក់ សិស្សមធ្យមសិក្សាទុតិយភូមិ ៤៣០,៧៩២នាក់ សិស្សមធ្យមសិក្សាចំណេះ ទូទៅនិងបច្ចេកទេស ៣,៥១២នាក់ និងនិស្សិតឧត្តមសិក្សា ២៨៤,៥៩៩នាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា អ្នកសិក្សាបានទទួលការអប់រំក្រៅប្រព័ន្ធ តាមគ្រប់កម្មវិធីសរុប ៤០,៨៤៤នាក់ ក្នុងនោះអ្នកចូលរៀនកម្មវិធីអក្ខរកម្មអប់រំក្រៅប្រព័ន្ធ ១៦,៥៨៧នាក់ អ្នកសិក្សាជំនាញមុខរបរងាយៗ ១១,២០៣នាក់ អ្នកសិក្សាកម្មវិធីសមមូលបឋមសិក្សានិងមធ្យមសិក្សា ៨,៣១០នាក់ និងអ្នកសិក្សាបំពេញវិជ្ជាបឋមភូមិ និងទុតិយភូមិ ៤,៧៤៤នាក់។

ក្រុមប្រឹក្សាកុមារកម្ពុជាមានសមាជិកសរុប ១,៥៦៣,២៩៤នាក់ និងក្រុមប្រឹក្សាយុវជនកម្ពុជា មានសមាជិកសរុប ៣៧៤,៦៨៤នាក់ កាយរឹទ្ធិជាតិកម្ពុជាមានសមាជិកសរុប ១៨០,០០០នាក់ ក្នុងនោះកាយរឹទ្ធិប្អូន ១៨,១១៦នាក់ កាយរឹទ្ធិជំទង់ ១២៣,៥៩៥នាក់ កាយរឹទ្ធិរៀមច្បង ២២,១១៧នាក់ មេដឹកនាំកាយរឹទ្ធិ ១៣,៥៦៧នាក់ និងសមាជិកកិត្តិយស ២,៥០៥នាក់។ ក្រសួងបានប្រមូលផ្តុំគ្រូបង្វឹក គ្រូជំនួយ អនុរក្ស និងកីឡាករ ១,៣៨៤នាក់ មកធ្វើការហាត់ហ្វឹកហ្វឺនបង្កើនសមត្ថភាពបច្ចេកទេស ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងចូលរួមការ ប្រកួតកីឡាជាលក្ខណៈអន្តរជាតិនានា ប្រកបដោយលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានបន្ថែមថា ក្រសួងបានយកចិត្តទុកដាក់លើគ្រូបង្រៀន ដោយបានចាត់ទុកថាគ្រូបង្រៀននៅកម្ពុជា នឹងត្រូវទទួលបានការជឿទុកចិត្តនិងការទទួលស្គាល់ថាជា «អ្នកផលិតចំណេះដឹង អ្នកអនុវត្តពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ»។

ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួងបាននិងកំពុងអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយផ្តោតលើ៖ (១) ការកែលម្អកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការគ្រូ (២) ការអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន គរុកោសល្យនិងវិធីសាស្ត្របង្រៀនសម្បូរបែប និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន, (៣) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របតាម បច្ចេកវិទ្យាថ្មីៗ បណ្ណាល័យ និងសម្ភារឧបទេសទំនើបសម្បូរបែប, (៤) ការអភិវឌ្ឍភាពជាអ្នកដឹកនាំនិងគ្រប់គ្រង (៥) ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ និង (៦) ការធានាគុណភាពនៃការបណ្ដុះបណ្ដាល៕