នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជួបពិភាក្សាជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពរំដោះប្រជាជនចិន ដើម្បីពិនិត្យមើលវឌ្ឍនភាពសមិទ្ធផលនានា ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន សម្រាប់វិទ្យាស្ថានទ័ពជើងគោក


នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានអនុញាតឱ្យគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពរំដោះ ប្រជាជនចិន ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេស មុយ ស៊ីហាវ (MU Zhihao ) នាយករងបណ្ឌិតសភា កាំភ្លើងធំ និងការពារអាកាស កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន រួមនឹងក្រុមការងារជំនាញ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការកសាងសមិទ្ធផលនានា ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន សម្រាប់វិទ្យាស្ថានទ័ពជើងគោកនៃកងយោគខេមរភូមិន្ទ និងពិនិត្យមើលការរៀបចំទីតាំងសម្រាប់ធ្វើសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៤ នៅកម្ពុជា។

នាឱកាសនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានស្វាគមន៍ចំពោះដំណើរបំពេញការងាររបស់គណៈប្រតិភូវិទ្យាស្ថានបណ្ឌិតសភាកាំភ្លើងធំ ការពារអាកាស កងទ័ពរំដោះប្រជាជនចិននៅកម្ពុជាលើកនេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការជួបគ្នានៅថ្ងៃនេះ វាគឺជាឱកាសល្អមួយដែលភាគីទាំងពីរបានជួបពិភាក្សាគ្នា ដោយផ្ទាល់ដើម្បីធ្វើយ៉ាងណា ឱ្យកិច្ចដំណើរការ ការងារកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធនានា របស់កងទ័ពរំដោះប្រជាជនចិន សម្រាប់វិទ្យាស្ថានកងទ័ពជើងគោកឱ្យកាន់តែល្អប្រសើរ និងមានគុណភាព ដើម្បីបម្រើឱ្យការងារបណ្ដុះបណ្ដាលធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទនាពេលបច្ចុប្បន្ន និងទៅអនាគត។

ទន្ទឹមនិងនេះដែរ នាយឧត្តមសេនីយ៍ បានថ្លែងនូវអំណរគុណដល់បក្ស រដ្ឋាភិបាល កងទ័ពរំដោះប្រជាជនចិន ដែលរហូតមកតែងបានផ្ដល់ជំនួយផ្នែកយោធា ធានាដល់ការងារហ្វឹកហ្វឺនយ៉ាងច្រើន ដល់កងយោធពលខេមរភូមិន្ទ ដើម្បីកងយោធពលខេមរភូមិន្ទ មានគ្រប់លទ្ធភាពក្នុងការកសាងកងទ័ពមួយ ប្រកបទៅដោយប្រសិទ្ធភាពគុណភាព ធានាបានលើកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជាបានរឹងមាំ។

ជាការឆ្លើយតបលោកវរសេនីយ៍ឯកពិសេស មុយ ស៊ីហាវ (MU Zhihao) ជំនួសមុខឱ្យថ្នាក់ដឹកនាំកងទ័ពចិន បានសម្ដែងនៅអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមការងារជំនាញកាំភ្លើងធំ ការពារអាកាស របស់វិទ្យាស្ថានបណ្ឌិតសភាកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលគណៈប្រតិភូ បានមកបំពេញការងារនៅកម្ពុជា។

លោកវរសេនីយ៍ឯកពិសេស មុយ ស៊ីហាវ (MU Zhihao) បានបញ្ជាក់ថា ដំណើរបំពេញការងាររបស់ប្រតិភូលោកនៅកម្ពុជាលើកនេះ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារមួយប្រាំបី-មួយ ប្រាំពីរ (1/8-1/7) ដែលភាគីកងទ័ពទាំងពីរបានជួបពិភាក្សាគ្នាកាលពីលើកមុន។ ហើយក្រុមការងារបច្ចេកទេសក៏បាននឹងកំពុងធ្វើការងារនេះជាបន្តផងដែរ។ យោងតាមដំណើរទស្សនកិច្ចរបស់ប្រតិភូនៅកម្ពុជាលើកនេះ ក្រុមការងារបានបំពេញការងារយ៉ាងមមាញឹក ដោយទទួលបាននូវលទ្ធផលល្អ។

លោកវរសេនីយ៍ឯកពិសេស មុយ ស៊ីហាវ បានបន្ថែមថា ថ្នាក់ដឹកនាំប្រទេសទាំងពីរមានការយកចិត្តទុកដាក់បំផុត ដោយភាគីកងទ័ពព្រំដោះប្រជាជនចិនបានផ្ដល់នូវក្រុមការងារជំនាញដើម្បីសម្រេចកិច្ចការជាច្រើនលើការរៀបចំដំណើរការសម្រាប់ការងារបណ្ដុះបណ្ដាលជំនាញដល់វិទ្យាស្ថានទ័ពជើងគោកមួយនេះឱ្យមានទំនើបកម្ម។

លោកបានបន្តថាក្នុងដំណើរបំពេញការងារលើកនេះនៅកម្ពុជា ក្រុមការងារក៏នឹងកំពុងសិក្សាស្រាវជ្រាវរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកាន់តែប្រសើរឡើង កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ កើតមានឡើងតាំងពីជំនាន់ សម្ដេចព្រះនរោត្តមសីហនុ និងថ្នាក់ដឹកនាំ ចិនតាំងពីជំនាន់មុន។ ក្នុងដំណាក់កាលថ្មីនេះទំនាក់ទំនងចិន-កម្ពុជា មានអត្ថន័យយ៉ាងជ្រាលជ្រៅ ប្រធានាធិបតី ស៊ី ជិនពីង របស់ចិន និងថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាគ្នាដោយចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំទំនាក់ទំនងវប្បធម៌និងវប្បធម៌ នៃប្រទេសទាំងពីរ ក្នុងន័យមានភាពស្មើគ្នា និងមានទំនាក់ទំនងជាមួយគ្នា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំណរគុណដល់មិត្តចិន ដែលរហូតមកតែងតែជួយដល់កិច្ចការងារជាច្រើនក្នុងការកសាងវិទ្យាស្ថានទ័ពជើងគោក ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងការបំពាក់រសម្ភារក្នុងការធានាឱ្យការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលក្នុងវិទ្យាស្ថានមួយនេះ ឱ្យមានលក្ខណៈទំនើបកម្ម លើការងារបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កងយោធពលខេមរភូមិន្ទ។ វិទ្យាស្ថានកាំភ្លើងធំការពារអាកាសលើការងារកសាងវិទ្យាស្ថានទ័ពជើងគោកនេះ គឺជារួមចំណែកមួយក្នុងការពង្រឹងពង្រីកប្រសិទ្ធភាព គុណភាព ដើម្បីកែតម្រូវទាំងការងារសាងសង់អាគារ គ្រឿងបំពាក់ និងគ្រឿងឧបទេសសិក្សា ដល់វិទ្យាស្ថានមួយនេះឱ្យបានកាន់តែល្អប្រសើរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានស្នើដល់ភាគីកងទ័ពចិន ឱ្យពិនិត្យ និងបន្តផ្ដល់អគារបន្ទប់សាលារៀន ឱ្យសមស្របទៅតាមជំនាញរបស់វិទ្យាស្ថាន ដែលបណ្ដាលជំនាញទាំងអស់ ក៏នឹងស្នើឱ្យមានការបំពាក់ប្រព័ន្ធបង្ហាត់បង្ហាញសប្បនិម្មិតឱ្យបានស្ទាត់ មុននឹងយើងទៅអនុវត្តជាក់ស្ដែងនៅលើទីលានដែលនេះគឺជាការងារមួយល្អបំផុតសម្រាប់កម្មសិក្សាការី ងាយសិក្សាងាយយល់ ហើយក៏ស្នើឱ្យមានការពង្រីកនូវជំនាញ ដូចជាបញ្ហាការបង្ហាត់បង្រៀនអំពីជំនាញប្រើប្រាស់ និងបញ្ជាដ្រូន ដើម្បីឱ្យទាន់សភាពការណ៍ក្នុងដំណាក់កាលបច្ចុប្បន្ននៃពិភពលោក។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចាត់ទុកថាការបង្កើតឱ្យមានជំនាញសិក្សា និងបញ្ជាដ្រូននេះនៅក្នុងវិទ្យាស្ថានកងទ័ពជើងគោក ការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា គឺជាប្រការចាំបាច់ដែលកងយោធពលខេមរភូមិន្ទ ប្រើប្រាស់សម្រាប់វិស័យការពារជាតិរបស់ខ្លួន ព្រោះថាគ្រឿងបំពាក់ដែលកងយោធពលខេមរភូមិន្ទប្រើប្រាស់សព្វថ្ងៃសុទ្ធតែបំពាក់ដោយអេឡិចត្រូនិច បច្ចេកវិទ្យាទំនើប ដូចជា៖ គ្រឿងបំពាក់ជំនាញកាំភ្លើងធំ, ជំនាញការពារអាកាស, ជំនាញរថក្រោះ និងគ្រឿងបំពាក់ផ្សេងៗទៀតសុទ្ធតែប្រើប្រាស់ដោយគ្រឿងអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប។

ភាគីចិនបានទទួលយកនូវសំណើទាំងនេះពីនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំកងទ័ពរំដោះប្រជាជនចិនពិនិត្យលទ្ធភាព ក្នុងការផ្ដល់ជូន៕