ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពីសេចក្តីព្រាងច្បាប់ ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ


នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពីសេចក្តីព្រាងច្បាប់ ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ នៅសណ្ឋាគារ រ៉ាហ៊្វល ទ្បឺរ៉ូយ៉ាល់ ភ្នំពេញ

សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីនេះរៀបចំទ្បើង ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្ហាញអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារនេះ ព្រមទាំងប្រមូលធាតុចូលជាមូលដ្ឋានឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀតពីសិក្ខាកាមទាំងអស់ដែលមានវត្តមាននាពេលនេះ ជាពិសេសពីភាគីតំណាងកម្មករនិយោជិត និងនិយោជក

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា ដោយមានការឯកភាពពីរាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំក្រុមការងារ និងដឹកនាំកសាង “សេចក្តីព្រាងច្បាប់ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ” ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងយុត្តិធម៌។ ក្រោមជំនួយបច្ចេកទេសពីអង្គការ ILO ក្រុមការងារកសាងសេចក្តី ព្រាងច្បាប់របស់ក្រសួង រួមជាមួយគណៈប្រតិភូត្រីភាគីបានសិក្សាស្រាវជ្រាវ និងដកស្រង់បទពិសោធន៍ល្អៗ ពីប្រព័ន្ធដោះស្រាយវិវាទការងារ និងប្រព័ន្ធតុលាការការងារ នៅតាមបណ្តាប្រទេសមួយចំនួនដូចជា អូស្រ្តាលី ជប៉ុន និងសិង្ហបុរី នៅចុងឆ្នាំ២០១៥ និងបានបញ្ចប់ការតាក់តែងសេចក្តីព្រាងច្បាប់បឋមស្តីពី “នីតិវិធីជម្រះក្តីវិវាទការងារ” កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ និងបានផ្ញើជូនភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីពិនិត្យ និងផ្តល់ យោបល់។ ក្នុងនោះ ក្រសួងបានទទួលមតិយោបល់ និងធាតុចូលបន្ថែមសំខាន់ៗពីអង្គការ ILO កាលពីខែមករា ឆ្នាំ២០១៧ និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីខែមេសា ឆ្នាំ២០១៧។

ឯកឧត្តមមានប្រសាសន៍លើកឡើងថា សេចក្តីព្រាងច្បាប់នេះ គឺជាលិខិតបទដ្ឋានគតិយុត្តថ្មីមួយទៀតដែលបានបង្កើតឱ្យមានជាប្រព័ន្ធដោះស្រាយវិវាទការងារមួយពេញលេញដែលរួមមានទាំងការជំនុំជម្រះរឿងក្តីការងារ ដោយតុលាការងារផងដែរ។ការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយដែលនឹងរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ ការធានានូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជារួមចំណែកក្នុងការដោះស្រាយវិវាទការងារឱ្យកាន់តែមានប្រសិទ្ធភាព បន្ថែមលើយន្តការនៃការដោះស្រាយវិវាទដែលមានស្រាប់។

សូមបញ្ជាក់ថា សម្រាប់ឆមាសទី១ ឆ្នាំ២០១៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដោះស្រាយវិវាទបុគ្គលចំនួន ៧០ករណី សះជា០៦ករណី មិនសះជាចំនួន ៥៦ករណី និងមោឃៈចំនួន០៨ ករណី និងដោះស្រាយវិវាទការងាររួមចំនួន ១៥ករណី សះជា០៣ករណី និងមិនសះជាចំនួន១២ករណី៕