កម្ពុជា បាននិងកំពុងពិចារណា ក្នុងការចូលជាសមាជិកអង្គការសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ខណៈអង្គការនេះ ក៏បានជំរុញប្រទេសកម្ពុជាឲ្យចូលជាសមាជិកផងដែរ ដើម្បីមានឱកាសពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប បានកាន់ច្រើនថែមទៀត។
ដើម្បីបញ្ចុះបញ្ចូលកម្ពុជា ឲ្យចូលជាសមាជិកអង្គការមួយនេះ លោកស្រី Tatyana Valovaya សមាជិកក្រុមប្រឹក្សាការធ្វើសមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ច នៃគណៈកម្មាការសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ បានចូលជួបពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីនីតិវិធី និងអត្ថប្រយោជន៍ ក្នុងការចូលជាសមាជិកនៃអង្គការមួយនេះ។ លោកស្រី Tatyana Valovaya ក៏គ្រោងជួបមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការចូលជាសមាជិក នៃអង្គការនេះ នឹងជួយឲ្យកម្ពុជាអាចពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់អឺរ៉ុប។ ឯកឧត្តម ជុំ សុន្ទរី បានថ្លែងបញ្ជាក់បន្ថែមទៀតថា ប្រសិនបើប្រទេសកម្ពុជាបានចូលជាសមាជិក របស់អង្គការសហភាពសេដ្ឋកិច្ច-អឺរ៉ុបនេះ វានឹងរួមចំណែកដ៏សំខាន់ក្នុងការពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្មរបស់យើងជាមួយបណ្តាប្រទេស ជាពិសេសប្រទេសនៅអឺរ៉ុបកណ្តាល ដែលតាមរយៈនោះ វានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា លុបបំបាត់ភាពក្រីក្រ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ឯកឧត្តម ជុំ សុន្ទរី បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្នអង្គការមួយនេះ មានប្រទេស ៥ជាសមាជិករួមមាន៖ រុស្ស៊ី អាល់មេនី កាហ្សាស្តង់ ប៊ែលឡារុ និងគៀហ្ស៊ីស្តង់ ហើយប្រទេសជាសមាជិកអាស៊ានចំនួនពីរ គឺប្រទេសសិង្ហបុរី និងវៀតណាម កំពុងដំណើរការនីតិវិធីចូលជាសមាជិកអង្គការសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី៕
ការចូលជាសមាជិកអង្គការសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីនឹងជួយកម្ពុជាពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្មនៅក្នុងតំបន់អ៊ឺរ៉ុប
