ការចូលជាសមាជិកអង្គការសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីនឹងជួយកម្ពុជាពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្មនៅក្នុងតំបន់អ៊ឺរ៉ុប


កម្ពុជា បាន​និងកំពុងពិចារណា ​ក្នុងការចូលជាសមាជិកអង្គការសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ខណៈ​អង្គការនេះ ក៏បានជំរុញប្រទេស​កម្ពុជាឲ្យចូលជាសមាជិកផងដែរ ដើម្បីមាន​ឱកាស​ពង្រីក​​ការផ្លាស់​ប្តូរពាណិជ្ជកម្ម​ ជាមួយបណ្តាប្រទេ​សក្នុងតំបន់អឺរ៉ុប បានកាន់ច្រើនថែម​ទៀត​។
ដើម្បីបញ្ចុះ​បញ្ចូ​លកម្ពុជា ឲ្យចូលជាស​មាជិកអ​ង្គការមួ​យនេះ លោកស្រី Tatyana Valovaya សមាជិកក្រុមប្រឹក្សាការធ្វើសមាហរណកម្ម និងម៉ាក្រូ​សេដ្ឋកិច្ច នៃគណៈកម្មាការសេដ្ឋកិច្ច អឺរ៉ុប​-អាស៊ី នៅព្រឹកថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៦នេះ បានចូលជួបពិភាក្សាជាមួយឯកឧត្តម​ឧបនាយករ​ដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួងការបរទេស និងសហប្រ​តិបត្តិការអន្តរជាតិ អំពី​នី​តិវិធី និងអត្ថប្រយោជន៍ ក្នុងការចូលជាសមាជិកនៃអង្គការមួយនេះ។ លោកស្រី Tatyana Valovaya ក៏គ្រោងជួបមន្រ្តីពាក់ព័ន្ធមួយចំ​នួនទៀ​តនៃរាជរ​ដ្ឋាភិបា​លកម្ពុជា​ផងដែរ។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​បញ្ជាក់​ថា ការចូលជាសមាជិក នៃអង្គការនេះ នឹងជួយឲ្យកម្ពុជាអាចពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយ​បណ្តាប្រទេសនានានៅក្នុងតំបន់អឺរ៉ុប។ ឯកឧត្តម ជុំ សុន្ទរី បានថ្លែង​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រសិនបើប្រទេសកម្ពុជាបានចូលជាសមាជិក របស់អង្គការសហភាពសេដ្ឋកិច្ច-អឺរ៉ុប​នេះ វា​នឹង​​រួមចំណែកដ៏​សំខាន់ក្នុងការពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្ម​របស់យើង​ជាមួយបណ្តា​ប្រទេស ជា​ពិសេស​ប្រទេសនៅអឺរ៉ុបកណ្តាល ដែលតាមរយៈនោះ វានឹងចូលរួម​ចំណែក​យ៉ាង​សំខាន់ក្នុង​​ការ​អភិវឌ្ឍសេដ្ឋ​កិច្ចរបស់​កម្ពុជា លុបបំ​បាត់ភាពក្រីក្រ និងលើក​ស្ទួយជីវភាពរស់​នៅ​​​របស់ប្រជាជន​កម្ពុជា។
ឯកឧត្តម ជុំ សុន្ទរី បានមា​នប្រសាសន៍​បន្ថែមទៀតថា បច្ចុ​ប្បន្នអង្គ​ការមួយនេះ​ មានប្រទេស ៥​ជា​​សមាជិករួមមាន៖ រុស្ស៊ី អាល់មេនី កាហ្សាស្តង់ ប៊ែលឡារុ និងគៀហ្ស៊ីស្តង់ ហើយ​​ប្រទេស​ជា​សមាជិកអាស៊ានចំនួនពីរ គឺ​ប្រទេស​សិង្ហ​បុរី និងវៀត​​ណាម កំពុងដំ​ណើរការនីតិវិធី​​ចូលជា​សមា​ជិក​អង្គ​ការសហភា​ព​សេដ្ឋកិច្ចអឺរ៉ុ​ប-អាស៊ី៕