មន្ត្រីក្រសួងការបរទេសកម្ពុជាបានថ្លែងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោកជំទាវ ប៉ាក គឿនហេ គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ។ ដំណើរទស្សនកិច្ចលោកជំទាវប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
គម្រោងនៃដំណើរទស្សនកិច្ចលោកជំទាវប្រធានាធិបតីកូរ៉េខាងត្បួង បានឱ្យដឹងនៅថ្ងៃទី៣១ ខែមីនានេះក្រោយជំនួបមួយ រវាងអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kim Hyoung-zhin ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានដកស្រង់ប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ដែលបានប្រាប់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េ Kim Hyoung-zhin ថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូងប្រៀបដូចជាទំនាក់ទំនងសាច់ញាតិ គ្រាដែលមាននារីខ្មែរប្រមាណជាង ៧ពាន់នាក់ បានរៀបការជាមួយបុរសកូរ៉េខាងត្បូង ។
កម្ពុជា និងកូរ៉េខាងត្បូង បានភ្ជាប់ទំនាក់ទំនងជាមួយគ្នាសាឡើងវិញ នៅក្នុងឆ្នាំ ១៩៩៦ ដែលទំនាក់ទំនងនេះ បានធ្វើឡើងដោយ សម្តេចតេជោ ហ៊ុន សែន និងអតីតប្រធានាធិបតីកូរ៉េ លោក គឹម យ៉ុងសាន ។ ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង ត្រូវគេឃើញថា បានរីកចម្រើនជាបន្តបន្ទាប់ ក្នុងរយៈពេល ២០ឆ្នាំមកនេះ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវលេខ២១ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៦ កន្លងមកនេះថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង បានរីកចម្រើនខ្លាំង ក្នុងនោះកូរ៉េខាងត្បូង បានវិនិយោគ… បានផ្តល់ជំនួយ និងប្រាក់កម្ចីយ៉ាងច្រើន ដើម្បីអភិវឌ្ឍកម្ពុជា… ហើយចំនួនភ្ញៀវទេសចរកូរ៉េខាងត្បូង ក៏បានកើនឡើងច្រើនផងដែរ ។