ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះត្រួតពិនិត្យជាក់ស្តែងរបស់ប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB)


រាជធានីភ្នំពេញ៖ នៅសាលប្រជុំនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ក្រោមកិច្ចសហការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Lance Williams Gore និងលោក ឡុង ពិសិទ្ធ ជាមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកលើកិច្ចការគ្រប់គ្រងវិស័យធនធានទឹករបស់ធនាគារអភិវឌ្ឍន៍អាស៊ី មកពីទីស្នាក់ការកណ្តាល ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា បេសកកម្មចុះត្រួតពិនិត្យជាក់ស្តែងបានធ្វើឡើងពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីត្រួតពិនិត្យលើគ្រប់គម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលកំពុងអនុវត្តក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងធ្វើការត្រួតពិនិត្យវាយតម្លៃលើការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ក្នុងបណ្តាខេត្តទាំងអស់ស្ថិតក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៃប្រទេសកម្ពុជា ដើម្បីឈានទៅធ្វើការវិនិយោគនាពេលខាងមុខដ៏ឆាប់លើគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះជំហានទី២។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានធ្វើការគូសបញ្ជាក់ថា អនុវត្តតាមបេសកកម្ម និងចក្ខុវិស័យរយៈពេលវែងរបស់ក្រសួង និងយុទ្ធសាស្រ្តរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នឹងសហការដ៏ជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការកសាងគម្រោងធ្វើទំនើបកម្មវិស្វកម្មដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនៅជំហានបន្ទាប់ និងការកសាងផែនការមេ ដើម្បីគ្រប់គ្រងអាងទន្លេឱ្យបានត្រឹមត្រូវប្រកបដោយស័ក្តិសិទ្ធិភាព ឧត្តមភាព និងមានសុក្រឹតភាពខ្ពស់។

លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមពីការពង្រឹងជាប្រចាំការអនុវត្តស្របតាមនិយាមរបស់អង្គការឧតុនិយមពិភពលោក(UN-WMO) ទីភ្នាក់ងារឧតុនិយមអន្ដរជាតិបារាំង (MFI) និង United Kingdom Meteorological (UKMET) លើកិច្ចការ និងនិរន្តរភាពនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក ក្នុងការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក ប្រកបដោយប្រសិទ្ធភាពខ្ពស់ឈានទៅកាត់បន្ថយនូវជំនន់គ្រប់ប្រភេទ និងហានិភ័យដែលកើតឡើងដោយសារគ្រោះរាំងស្ងួត ហើយទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី៕