លោកជិនរដ្ឋាត្រូវបានប្រកាសតែងតាំងចូលកាន់តំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅក្នុងសាលាខេត្តកំពង់ឆ្នាំងមានរៀបចំពិធីប្រកាសតែងតាំងលោកជិន រដ្ឋា ចូលកាន់តំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងថ្មីជំនួសលោកលាងសេងប្រធានមន្ទីរអភិវឌ្ឍន៍ចាស់ត្រូវទៅទទួលភារកិច្ចថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតអ៊ុករ៉ាប៊ុនរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោកជំទាវដោកសុទ្ធាប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីឯកឧត្តមលោកជំទាវប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទលោកលោកស្រីប្រធានអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកនិងមន្រ្តីរាជការមន្ទីរអផិវឌ្ឍន៍ជនបទខេត្តចូលរួមយ៉ាងច្រើនកុះករ។

បន្ទាប់ពីគណៈអធិបតីបានប្រគល់ប្រកាស និង ប្រគល់ត្រាជូនលោកជិនរដ្ឋាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងទើបតែងតាំងថ្មីរួចមក ។លោកជិន រដ្ឋាបានធ្វើការប្តេជ្ញាចិត្តដោយខិតខំយក ចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចអោយអស់ពីកំលាំងកាយចិត្ត ចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅគ្រប់វិស័យរបស់ រាជរដ្ឋាភិបាល ខិតខំបំពេញភារកិច្ចដោយគោរព និងអនុវត្តអោយបានម៉ឺងមាត់តាមច្បាប់ និងបទបញ្ញត្តិនានារបស់រដ្ឋ និងអាជ្ញាធរមូលដ្ឋានសហការជាមួយបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត រាល់ការអនុវត្តភារកិច្ចអោយបានរលូន រៀបចំប្រព័ន្ធគ្រប់គ្រងការងារជំនាញតាមរចនាសម្ព័ន្ធដែលច្បាប់បានកំណត់ សាមគ្គីផ្ទៃក្នុងអោយបានល្អ ជាពិសេសសហការមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីរួមចំណែកសកម្មភាពអភិវឌ្ឍន៍ជាមួយអាជ្ញាធរខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់អោយកាន់តែមានការរីកចំរើននៅសមទ្ធផលថ្មីៗថែមទៀត។

មាន ប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុននិង ឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសន៍សង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់លោកជិន រដ្ឋាប្រធានមន្ទីរទើបតែងតាំងថ្មី អោយខិតខំបំពេញភារកិច្ចអោយបានល្អក្នុងការគ្រប់គ្រងបែងចែកតួនាទី ភារកិច្ចដល់មន្ត្រីនៅក្រោមឱវាទអោយបានច្បាស់លាស់ត្រឹមត្រូវ តាមសមត្ថភាព និងអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនិតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី។
ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រី
រាជការ ពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ និង មានតម្លាភាពចំពោះមន្រ្តីរាជការ របស់ខ្លួនហើយសហការជាមួយអាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង៕